ព្រះសីហនុៈ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុកំពុងកសាងសំណុំរឿងជនសង្ស័យ ៣ រូបបញ្ជូនទៅតុលាការ បន្ទាប់ពីចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ១៣ ខែមីនា ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយ និងដីគម្របព្រៃឈើក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់។
លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ជនសង្ស័យទាំង ៣ រូបនេះ កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ពួកគេក៏ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ផងដែរ។
លោក សុធារិទ្ធិ ថ្លែងថា៖ «បច្ចុប្បន្នយើងកំពុងធ្វើកិច្ចការងារ និងស្នើសុំយោបល់ ហើយសុខភាពរបស់ពួកគាត់មិនមានបញ្ហាទេ ។ យើងនឹងបញ្ជូនទៅអយ្យការតុលាការខេត្ត ដើម្បីសម្រេច។ នេះជានីតិវិធី ខ្ញុំធ្វើអ៊ីចឹង ហើយសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញា»។
បើតាមលោក សុធារិទ្ធិ តាមចម្លើយរបស់ជនសង្ស័យទាំង ៣ រូបនេះ ពួកគេបានចូលទៅកាប់ឆ្ការទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយរយៈពេល ៣ ទៅ ៥ ថ្ងៃមកហើយ។ ពួកគាត់លួចចូលទៅកាប់ទន្ទ្រាន នៅពេលទៀបភ្លឺ។ មន្ត្រីឧទ្យានុរក្សឃើញដានបានទៅឃ្លាំមើល ទើបឈានទៅដល់ការឃាត់ខ្លួនពួកគាត់ទាំង ៣ រូបនេះ។
លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុថ្លែងថា ជនសង្ស័យមិនទាន់បញ្ជូនមកសាលាដំបូងខេត្តនៅឡើយទេ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី ថ្លែងថា លោកស្រីមិនទាន់ទទួលបានព័ត៌មានលម្អិតជុំវិញករណីនេះទេ។ ទោះជាយ៉ាងណាលោកស្រីថា កន្លងមកមានករណី មន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើធ្លាប់ចោទប្រកាន់ទៅលើពលរដ្ឋថាបានចូលទៅកាប់ទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ។
ប៉ុន្តែស្ថានភាពជាក់ស្តែង គឺប្រជាពលរដ្ឋ បានរស់នៅក្នុងតំបន់នោះអស់ពេលជាច្រើនឆ្នាំមកហើយ។ «បើករណីមានការទន្ទ្រានថ្មីៗហាក់បីដូចជាមិនមាននោះទេ។ អាហ្នឹងរឿងដែលខ្ញុំធ្លាប់ដឹងកន្លងមក ប៉ុន្តែអារឿងថ្មីហ្នឹងខ្ញុំអត់ដឹងទេ។ ភាគច្រើនពលរដ្ឋគាត់រស់នៅយូរហើយ។ ជាទូទៅគាត់ នៅពេលទំនេរនៅក្នុងអំឡុងកូវីដនេះ គ្មានបានទៅប្រកបមុខរបរ និងរកស៊ីកន្លែងផ្សេង គាត់ក៏ចាប់ផ្តើម កាប់ឆ្ការចម្ការ ឬឈូសឆាយដំណាំបន្តទៀតទៅ»។ យ៉ាងណាលោកស្រីនឹងបន្តចុះទៅស៊ើបអង្កេតចំពោះករណីនេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុកាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២១ ឱ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះនៅពេលដែលកម្លាំងការពារ និងមន្ត្រីឧទ្យានុរក្សកំពុងជាប់ដៃក្នុងការការពាររោគរាតត្បាតកូវីដ១៩ក្រុមឆ្លៀតឱកាសក៏បានលួចចូលកាប់ទន្ទ្រានព្រៃកាស្យាក្នុងតំបន់ក្បាលឆាយជាបន្តបន្ទាប់។
ដើមកាស្យា និងព្រៃធម្មជាតិជាច្រើនហិកតា ត្រូវបានជនឆ្លៀតឱកាសលួចចូលមកកាប់រំលំ ដែលសកម្មភាពនេះតែងតែធ្វើឡើងនៅពេលយប់នៅត្រង់ចំណុចចម្ការម្រេចស្ថិតនៅភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ មន្ត្រីឧទ្យានុរក្សបានរង់ចាំឃ្លាំមើលតាំងពីម៉ោង ៦ ល្ងាច ថ្ងៃទី ១២ ខែមីនា ដល់ម៉ោង ៣ និង ៤០ នាទីទៀបភ្លឺថ្ងៃទី ១៣ ខែមីនា ទើបជនសង្ស័យធ្វើសកម្មភាព ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ រួមជាមួយគោយន្ត ២ គ្រឿង និងរណារយន្ត ២ គ្រឿង៕