រតនគិរីៈ មន្ទីរ​បរិស្ថាន​ខេត្ដ​រតនគិរី​បានកំណត់​មុខសញ្ញា​មនុស្ស​ចំនួន ១៤ ​នាក់​ ដែល​បាន​ញុះញង់​ពលរដ្ឋ​ជាង​ ៧០ ​នាក់ ​ទៅ​ដុតបំផ្លាញ​ស្នាក់ការ​មន្ដ្រី​ឧទ្យានុរក្ស​ចំនួន​ ២ ​ខ្នង​ស្ថិត​ក្នុង​ភូមិ​តាបូក ឃុំ​តាវែង​លើ ស្រុក​តាវែង និង​កំពុង​កសាង​សំណុំ​រឿង​ប្តឹង​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ក្រុម​ពលរដ្ឋ​ដែល​ចូល​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ និង​ថែមទាំង​ដុត​កម្ទេច​ស្នាក់ការ​មន្ត្រី​ឧទ្យានុរក្ស​នៅ​ភូមិសាស្ត្រ​ភូមិ​តាបូក ឃុំ​តាវែងលើ ស្រុក​តាវែង ខេត្តរតនគិរី​កាលពី​ព្រឹក​ថ្ងៃទី​ ១០ ខែ​ឧសភា គឺជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង​។ ទង្វើ​នេះ​នឹង​មិន​ត្រូវ​អត់ឱន​បានឡើយ ហើយ​មេខ្លោង​ដែល​បាន​ញុះញង់​បំផ្លាញ​សម្បត្តិ​របស់​រដ្ឋ និង​ប្រឆាំង​នឹង​ការអនុវត្ត​ច្បាប់ ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ជាដាច់ខាត​។

លោក​បាន​ថ្លែងថា​៖ «​ក្រុមការងារ​មន្ទីរ​បរិស្ថាន​បានកំណត់​មុខសញ្ញា​ចំនួន​ ១៤ ​រូបរួច​ហើយ​ជា​ជន​ដែល​ញុះញង់​បង្ក​ឱ្យ​មាន​ការដុត​បំផ្លាញ​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន ហើយ​បាននិង​កំពុង​កសាង​សំណុំរឿង​ប្តឹង​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការឈាន​ដល់​ដុត​កម្ទេច​ស្នាក់ការ​មន្ត្រី​ឧទ្យានុរក្ស​នេះ​ក៏​ព្រោះ​កាលពី​ថ្ងៃទី​ ៨-៩ ខែ​ឧសភា​នេះ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំ​នៅ​ស្រុក​តាវែង​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​តាវែង បាន​ចុះ​ធ្វើ​សកម្មភាព​យាមល្បាត​ទប់ស្កាត់​ការកាប់រាន​ដីព្រៃ​ធ្វើ​កម្មសិទ្ធិ​ក្នុង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​តាវែង​លើ​ដោយ​កម្លាំងចម្រុះ​បាន​បោះ​ស្លាក​សញ្ញា​ហាម​កាប់​ដើមឈើ និង​ហាម​កាប់​រានទន្ទ្រាន​ដីព្រៃ​បោះ​ស្លាក​នៅ​តាម​ទីតាំង​ដែលមាន​ការកាប់​រាន​យក​ដីព្រៃ ហើយ​បានធ្វើ​ការដកហូត រណារយន្ត​ចំនួន ២ គ្រឿង និង​រុះរើ​រោង​ចម្ការ​ចំនួន ៤ ​កន្លែង និង​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​ទៀត​។ ចំណែក​ដីព្រៃ​ជាច្រើន​ហិកតា​ដែល​ក្រុម​ពលរដ្ឋ​ទាំងនោះ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​នឹងត្រូវ​ដកហូត​មកវិញ​។

លោក​ថ្លែងថា​៖ «​ការអនុវត្ត​ច្បាប់​នេះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ៧៥ ​នាក់​ដែល​រំលោភច្បាប់​នោះ​មាន​ការខឹងសម្បា​យ៉ាងខ្លាំង​ហើយ​បាន​​នាំគ្នា​មក​ដុតបំផ្លាញ​ទីស្នាក់ការ​តែម្តង​»​។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា ស្នាក់ការ​ដែល​ត្រូវបាន​ក្រុម​ពលរដ្ឋ​ដុតបំផ្លាញ​នោះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ ៦ ​គុណ​ ៩ ​ម៉ែត្រ​ទើប​សាងសង់​រួច​ថ្មី និង​មួយទៀត​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ ៦ ​គុណ​ ៨ ម៉ែត្រ​ជា​ទីស្នាក់ការ​ចាស់ និង​បាន​បង្ក​ឱ្យ​ខូចខាត​សម្ភារ​មួយចំនួន​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ទៀតថា គ្មាន​ជនណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ទិញ ឬ​លក់ដូរ​ដីធ្លី​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​បានឡើយ​។ ក្រសួង​បរិស្ថាន​ក៏​សូម​ស្នើសុំ បងប្អូន ប្រជាពលរដ្ឋ​ដែល​មិនបាន​យល់​ដឹង​ច្បាស់​ពី​ច្បាប់ សូម​ឈប់​ចាញ់បោក​ជនខិលខូច​បន្ត​ទៀត និង​សូម​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ខុសច្បាប់​ជាអាទិ៍ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន​ដីព្រៃ ការសាងសង់​ខ្ទម ឬ​រោង​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​។

ក្រសួង​បន្ត​អំពាវនាវ​ពលរដ្ឋ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការទិញ-លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ-លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ហើយ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួនឯង និង​ប្រគល់​ទីតាំង​ដី​ទាំងនោះ ដោយ​ឥត​លក្ខខណ្ឌ​មក​ជូន​ក្រសួង​​បរិស្ថាន​គ្រប់គ្រង​វិញ​។ បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​។

ក្រសួង​បរិស្ថាន​សូម​បដិសេធ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដី​ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ​ដូចជា​ការទន្ទ្រាន​កាន់កាប់ ការផ្ទេរ ការទិញ-លក់​ដី​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​។

លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តរតនគិរី ថ្លែង​កាលពី​ម្សិលមិញ​ថា កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​ ១០ ខែឧសភា​នេះ​ពលរដ្ឋ​ចំនួន ៧៥ នាក់​រួម​នឹង​មធ្យោបាយ​ធ្វើ​ដំណើរ​ម៉ូតូ ៤០ ​គ្រឿង​ បាន​នាំគ្នា​សម្រុក​ទៅ​ដុតបំផ្លាញ​ទីស្នាក់ការ​ប៉ុស្តិ៍​ឧទ្យាន​ជាតិ​វរៈជ័យ​ចំនួន ២ ​ខ្នង​ស្ថិតក្នុង​ភូមិ​តាបូក ឃុំ​តាវែងលើ ស្រុក​តាវែង​។ លោក​បន្តថា កំណត់​មុខសញ្ញា​មេខ្លោង​បាន​ហើយ​កំពុងតែ​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​កាលពី​ថ្ងៃ​ចន្ទ​។

លោក ឌិន ខន្នី មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​រតនគិរី​បាន​លើកឡើងថា ករណី​ពលរដ្ឋ​លើកគ្នា​ទៅ​ដុតបំផ្លាញ​ប៉ុស្ដិ៍​ស្នាក់ការ​មន្ដ្រី​ឧទ្យានុរក្ស​បែបនេះ​គឺជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​។ ពលរដ្ឋ​គួរ​ធ្វើអ្វី​ឲ្យ​សន្តិវិធី​ចៀសវាង​ការធ្វើសកម្មភាព​បែបនេះ​។

ប៉ុន្ដែ​លោក​សង្កេតឃើញ​ថា កន្លងមក​មន្ដ្រី​បរិស្ថាន​នៅ​ខេត្ដ​រតនគិរី​មាន​ភាពយឺតយ៉ាវ​ក្នុង​ការហាមឃាត់​ពលរដ្ឋ​ទន្ទ្រាន​រុករាន​ដីព្រៃ​ដល់​ពេល​ពលរដ្ឋ ទន្ទ្រាន និង​សាងសង់​សំណង់​រួចរាល់​ទើប​មាន​មន្ដ្រី​ចុះទៅ​​រុះរើ​ទើប​បង្ក​ឲ្យ​មាន​ការខឹងសម្បា​បែបនេះ​។

លោក​ថ្លែងថា​៖ «​ពលរដ្ឋ​នៅពេល​ពួកគាត់​ចូលទៅ​ទន្ទ្រាន រុករាន​ដីព្រៃ​របស់​រដ្ឋ ឬ​សាងសង់​ដំបូងៗ​មិនមាន​មន្ដ្រី​ចុះមក​ទប់ស្កាត់ ពួកគាត់​គិតថា​មិនមាន​បញ្ហា​ក៏​ចេះតែ​នាំគ្នា​បន្តធ្វើ ហើយ​នៅពេល​ពលរដ្ឋ​ធ្វើការ​សាងសង់​ខ្ទម រោង រួច​ទើប​មន្ដ្រី​ឧទ្យានុរក្ស​ចុះទៅ​រុះរើ​។ ការអនុវត្ដ​យឺតយ៉ាវ​បែប​នេះ​ហើយ​ទើប​ធ្វើឲ្យ​ពលរដ្ឋ​ខឹង​មាន​ការតបត​។ ប៉ុន្ដែ​ទោះ​ជា​យ៉ាងណា​ពលរដ្ឋ​មិនត្រូវ​ទៅ​ដុតបំផ្លាញ​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​បែប​នេះ​ទេ វា​ជា​ទង្វើ​ខុសច្បាប់ គួរតែ​រក​ដំណោះស្រាយ​ទៅតាម​សន្ដិវិធី​»៕

វីដេអូ៖