មណ្ឌលគិរីៈ សមត្ថកិច្ច​នៃ​មន្ទីរ​បរិស្ថាន​ខេត្ដ​មណ្ឌលគិរី​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ត​សាកសួរ​បុរស​ចំនួន ៩ ​នាក់​ ក្រោយពី​ឃាត់ខ្លួន​នៅពេល​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​អារច្រៀក​ឈើ​កាប់​គាស់​រុករាន​ដីព្រៃ​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ តំបន់​ការពារ​ធម្មជាតិ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ស្ថិត​នៅ​ឃុំក្រង់​តេះ ស្រុក​ពេជ្រាដា​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រោយ​កម្លាំង​ឧទ្យានុរក្ស​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​ ៩ ​នាក់​ កាលពី​ថ្ងៃ​ទី​ ៤ ខែ​មីនា​ ក៏បាន​បញ្ចូន​ជនសង្ស័យ​មកកាន់​មន្ទីរ​បរិស្ថាន​ខេត្ដ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ចូន​ទៅ​តុលាកា​។ លោក​ថ្លែងថា​៖ «​ជនសង្ស័យ​ទាំង​ ៩ ​នាក់​នេះ ​សុទ្ធតែ​ជា​ប្រុស​ពួកគាត់​សុទ្ធតែ​មកពី​ខេត្ដ​ក្រចេះ​មិនមែន​ជា​ពលរដ្ឋ​នៅ​ខេត្ដ​មណ្ឌលគិរី​ទេ​»​។

លោក​បន្ដថា កម្លាំង​ឧទ្យានុរក្ស​បាន​ចាប់​ឃាត់​ជនសង្ស័យ ៩ ​នាក់​ក្នុងពេល​ដែល​ពួកគេ​​កំពុង​ធ្វើ​សកម្មភាព​អារច្រៀក​ឈើ​កាប់​គាស់​ និង​រុករាន​ដីព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ចំណុច​អូរផ្លាយ​ស្ថិត​ក្នុងភូមិ​ឡៅ​រមៀត ឃុំក្រង់​តេះ ស្រុក​ពេជ្រាដា​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​។

លោក​បន្តថា​៖ «​ពេល​មន្ដ្រី​ឧទ្យានុរក្ស​យើង​ចុះ​ទៅ​ដល់​បាន​ឃើញ​ពួកគាត់​កំពុង​អារច្រៀក​ឈើ និង​កាប់​រាន​ដីព្រៃ និង​បាន​សាងសង់​រោង​ឈើ​មួយចំនួន​ក្នុង​នោះ​ក៏មាន​សំណាក​សាកសព​សត្វព្រៃ និង​កាំភ្លើង​កែច្នៃ​ដែល​ជនសង្ស័យ​បាន​ប្រើប្រាស់​ និង​បន្សល់ទុក​ផងដែរ​»​។

តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ដ​មណ្ឌលគិរី ជនសង្ស័យ​ទាំង ៩ នាក់​នោះ​មាន ១- ​ឈ្មោះ អ៊ុង ឈុនលី អាយុ ១៨ ​ឆ្នាំ ២- ពៅ តូយ អាយុ​ ៤៦ ​ឆ្នាំ ៣- អ៊ុង សុធា អាយុ​ ៣៨ ឆ្នាំ ៤- អ៊ុង សុថា អាយុ​ ៣៤ ​ឆ្នាំ ៥- ងឿន កាទេស អាយុ ២៧ ​ឆ្នាំ​ ៦- យ៉ុន ឡាពេជ្រ អាយុ ២៩ ​ឆ្នាំ ៧- ហ៊ុង ស៊ាងហោ អាយុ​ ១៩ ​ឆ្នាំ ៨- អ៊ុង សំអ៊ឹត អាយុ​ ២៤ ​ឆ្នាំ​ និង​ ៩- ហាន ជ័យ អាយុ​ ៤៨ ​ឆ្នាំ ពួកគេ​ទាំង​ ៩ ​នាក់​នេះ​ សុទ្ធតែ​មាន​លំនៅ​ក្នុង​ខេត្ដ​ក្រចេះ​។

របាយការណ៍​នេះ​ឲ្យ​ដឹង​ទៀតថា វត្ថុតាង​ដែល​ដកហូត​បាន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​រួមមាន ម៉ាស៊ីន​រណារយន្ត​ចំនួន​ ១ ​គ្រឿង​, ម៉ាស៊ីន​ខួង​ដី​ចំនួន​ ១ ​គ្រឿង​, ម៉ូទ័រ កាត់ឈើ​ចំនួន​ ២ ​គ្រឿង​, ម៉ូទ័រ ស្វានឈើ ចំនួន​ ២ ​គ្រឿង​, ម៉ាស៊ីន​ភ្លើង​ចំនួន​ ១ ​គ្រឿង​, កាំភ្លើង​ស្នប់​ចំនួន​ ១ ​គ្រឿង​, ម៉ូតូ ចំនួន​ ៣ ​គ្រឿង​, ទូរស័ព្ទដៃ​ចំនួន​ ៩ ​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៩ នាក់ និង​វត្ថុតាង​បាន​នាំយកមក​រក្សាទុក​បណ្ដោះ​អាសន្ន​នៅ​មន្ទីរ​បរិស្ថាន​មណ្ឌលគិរី ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លោក អ៊ាង ម៉េងលី ​មន្ដ្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ក្នុង​រយៈកាល​ចុងក្រោយ​នេះ​មន្ដ្រី​ឧទ្យានុរក្ស​ខេត្ដ​មណ្ឌលគិរី​បាន​ឃាត់ខ្លួន​ជនល្មើស​កាប់​រានទន្ទ្រាន ធនធាន​ធម្មជាតិ​បានជា​បន្តបន្ទាប់​។

ប៉ុន្តែ​លោក​ ម៉េងលី លើកឡើង​ថា​៖ «​ពួកគាត់​ (​ជនសង្ស័យ​) ​សុទ្ធតែ​ជា​កម្មករ​ដែល​គេ​ជួល​ឲ្យ​មក​ធ្វើការ​កាប់​រានទន្ទ្រាន​ដីព្រៃ និង​ធនធាន​ធម្មជាតិ​នេះ​។ អ្វីដែល​អាជ្ញាធរ​ក៏ដូចជា​មន្ដ្រី​ឧទ្យានុរក្ស​បាន​ចាប់​ឃាត់ខ្លួន​នេះ​ខ្ញុំ​យល់ថា វា​ជា​ការល្អ​សម្រាប់​ការអនុវត្ដ​ច្បាប់ ប៉ុន្ដែ​គួរតែ​មាន​វិធានការ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​ពិសេស​អ្នក​ដែល​នៅ​ពីក្រោយ​ដែល​ជំរុញ​ឲ្យ​កម្មករ​ទាំងអស់ មក​រុករាន​ទន្ទ្រាន​ដីព្រៃ​បំផ្លាញ​ធនធាន​ធម្មជាតិ​ខុសច្បាប់​បែប​នេះ​»៕