កំពង់ធំ: មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បាន​រឹបអូស​គោយន្ត​ដឹកឈើ​ ៦ ​គ្រឿង និង​រឹបអូស​ឈើ​ចម្រុះ​ប្រមាណ​ជាង ៣ ​ម៉ែត្រគុប​ក្នុង​អំឡុងពេល​ចុះ​ល្បាត​ព្រមៗ​គ្នា​តាម​ភូមិសាស្ត្រ​ផ្សេងៗ​គ្នា​ប៉ុន្ដែ​មិនមាន​ចាប់​ឃាត់ខ្លួន​ជនល្មើស​ណា​ម្នាក់​នោះទេ​។

លោក តុប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​ថ្ងៃទី ៤ ខែឧសភា​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​អូរងាវ ស្នាក់ការ​ព្រះអាទិត្យ ស្នាក់ការ​អូរ​ផ្អាវ និង​ស្នាក់ការ​អូរដៃជ្រៃ​បាន​ចុះ​ល្បាត​ព្រមៗ​គ្នា​តាម​ភូមិសាស្ត្រ​រៀងៗ​ខ្លួន ហើយ​បាន​រឹបអូស​គោយន្ត​សរុប​ចំនួន​ ៦ ​គ្រឿង និង​ឈើ​ដែល​ជនល្មើស​បាន​ដឹក​នៅលើ​គោយន្ត​សរុប​ជាង​ ៣ ​ម៉ែត្រគុប ។

លោក​បន្តថា សមត្ថកិច្ច​ជំនាញ​តែងតែ​ចុះ​ល្បាត​ជា​ប្រចាំ​ដោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ផ្សេងៗ​ទៀត ដើម្បី​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ និង​ការកាប់​បំផ្លាញ​ព្រៃឈើ​។ បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​មាន​សភាព​ស្ងប់ស្ងាត់​ច្រើនជាង​មុន ប៉ុន្ដែ​ក៏​នៅ​មាន​អ្នក​បន្លំ​ដឹកឈើ​តាម​គោយន្ត​មួយចំនួន​តូច​ដែរ​។

លោក​ថា​៖ «​យើង​នៅតែ​បន្តការងារ​ចុះ​ល្បាត​ជាប្រចាំ​បើ​ទោះបី​ជា​បទល្មើស​មាន​ការថមថយ​ក៏ដោយ ព្រោះ​វា​ជា​ការងារ​យើង​ដែល​ត្រូវតែ​ថែរក្សា​ព្រៃឈើ​យើង​។ ជនល្មើស​ភាគច្រើន​ពេល​គាត់​ឃើញ​សមត្ថកិច្ច គឺ​គាត់​នាំគ្នា​រត់គេចខ្លួន​អស់ហើយ​គឺ​គាត់​សុខចិត្ត​ទុក​ឈើ​ទុក​គោយន្ត​គាត់​ចោល ដោយ​មិន​នៅ​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ទេ អ៊ីចឹង​យើង​មានតែ​រឹបអូស​វត្ថុតាង​ទាំងអស់​ហ្នឹង យក​មក​រក្សាទុក​ដោះស្រាយ​នៅពេល​ក្រោយ​»​។

លោក ហឿង សុភាព តំណាង​សហគមន៍​ការពារ​ព្រៃឡង់​ប្រចាំ​ខេត្ត​កំពង់ធំ ថ្លែង​ពី​ម្សិលមិញ​ថា មួយរយៈ​ចុងក្រោយ​នេះ​លោក​និង​ប្រជាសហគមន៍​នានា​នៅ​តំបន់​ព្រៃឡង់​មិនបាន​ចុះល្បាត​ដូច​កាលពីមុន​ទេ ដោយសារ​មន្ត្រី​តម្រូវ​ឲ្យ​ពួកលោក​ទៅ​ចុះបញ្ជី​ស្ដីពី​អង្គការ​សមាគម​នៅ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ឬ​នៅ​ក្រសួងបរិស្ថាន​ជាមុនសិន​។

លោក​បន្តថា ទោះ​យ៉ាងណា​លោក​បានទទួល​ព័ត៌មាន​ពី​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង ៤ ​ខេត្ត​គឺ​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ​ថា សកម្មភាព​កាប់បំផ្លាញ និង​ដឹកឈើ​នៅតែ​កើតមាន​ឡើងជា​ហូរហែ ប៉ុន្ដែ​ការដឹកជញ្ជូន​មាន​តែ​តាម​គោយន្ត និង​រទេះគោ ខណៈ​ការដឹក​តាម​រថយន្ត​មិនសូវ​មាន​ទេ​។

លោក​បញ្ជាក់ថា​៖ «​រឿង​ផាកពិន័យ​ជា​អន្តរការណ៍​នេះ​ដូចជា​គ្មាន​ប្រសិទ្ធភាព​ទេ​ពួកខ្ញុំ​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ គួរតែ​ឈប់​ប្រើ​ច្បាប់​ស្ដីពី​ការផាកពិន័យ​អន្តរការណ៍​ហើយ​គួរប្រើ​ប្រាស់​ច្បាប់​ណា​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ ព្រោះ​យើង​ឃើញ​ហើយ គឺ​ផាកពិន័យ​ហើយ​ក៏​នៅតែ​ប្រព្រឹត្ត​សកម្មភាព​កាប់ឈើ ហើយ​អ្នក​កាប់​ឈើ​មុខ​ដដែលៗ​»​។

តាម​របាយការណ៍​ក្រសួង​បរិស្ថាន​បង្ហាញ​ពី​ម្សិលមិញ​ថា មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​ច្រក​តោល​ស្នាក់ការ​អូរងាវ និង​ស្នាក់ការ​ព្រះអាទិត្យ​នៃ​ដែនជម្រក​សត្វព្រៃ​ «​ព្រៃឡង់​» ​នៅ​ថ្ងៃទី​ ៤ ខែ​ឧសភា បាន​សហការ​ចុះ​ល្បាត​ដល់​តំបន់​អូរទឹកថ្លា​ឃាត់​គោយន្ត​កន្រៃ្ត​ ២ ​គ្រឿង​មាន​ដឹកឈើ​ច្រៀក​ជា​ក្ដារ​សរុប​ចំនួន ១, ១០០ ​ម៉ែត្រគុប​ដោយ​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ព្រះអាទិត្យ​។

របាយការណ៍​បន្តថា មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​អូរផ្អាវ​បាន​ចុះ​ល្បាត​ពេលយប់​ដល់​តំបន់​ទួល​ភូមិ​ក្រាំង ឃាត់​គោយន្ត​កន្រៃ្ត​ ៣ ​គ្រឿង ដឹក​ចំនៀរ​ឈើ​ប្រភេទ​ឈើទាល​បង្កប់​សសរ​ពីក្រោម​សរុប​ចំនួន ២,១៦០ ​ម៉ែត្រគុប ដោយ​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​អូរ​ផ្អាវ​។

ចំណែក​នៅ​របៀង​អភិរក្ស​ជីវចម្រុះ​ឧត្តរ មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​អូរដៃជ្រៃ​បាន​ចុះ​ល្បាត​ដល់​តំបន់​អូរ​ត្នោត និង​តំបន់​អូរអាចម៍​ជ្រូក​ដោយ​ឃាត់​គោយន្ត​កន្រៃ្ត​ ១ ​គ្រឿង បម្រុង​ដឹកឈើ​មូល​បង្កប់​កូនឈើ​ចន្ទល់​ (​កំពុង​វាស់វែង​) ដោយ​វត្ថុតាង​ត្រូវ​បាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​អូរដៃជ្រៃ​៕