កំពង់ស្ពឺៈ ប្រជាពលរដ្ឋ​ ២០ ​គ្រួសារ​ ស្ថិត​នៅ​ក្នុងភូមិ​ពុទ្រា ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ដី​ទំហំ​ក្បាល​ ១០ ​ម៉ែត្រ ​បណ្តោយ​ ១០០ ​ម៉ែត្រ ដែល​ពួកគាត់​រស់នៅ​អាស្រ័យផល​អស់​រយៈពេល​ ១០ ​ឆ្នាំ​មក​នេះ ត្រូវបាន​មន្ត្រី​បរិស្ថាន​ចុះមក​រុះរើ​របង និង​បំផ្លាញ​ដំណាំ​ខ្ទេចខ្ទី​អស់ ហើយ​ឲ្យ​រើចេញ​អស់​កាលពី​​ថ្ងៃទី​ ១០ ខែកញ្ញា ដោយ​សំអាង​ថា​ជា​ដី​រដ្ឋ​។

អ្នកស្រី សុខស្រីណាត ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពុទ្រា ឃុំ​ត្រពាំងជោរ​បាន​អះអាងថា ​ដី​ដែល​គាត់ និង​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ដែល​រស់នៅ និង​អាស្រ័យផល​លើដី​នោះ​គឺ​មាន​រយៈពេល​ ១០ ​ឆ្នាំ​កន្លង​មក​ហើយ​ពោល​គឺ​ចាប់តាំងពី​ឆ្នាំ ២០១០ ​មក ប៉ុន្តែ​អាជ្ញាធរ​ភូមិ​ឃុំ​មិន​បាន​ចេញ​បណ្ណ​កម្មសិទិ្ធ​ឲ្យ​។

អ្នក​ ស្រីណាត ថ្លែងថា​៖ «​ដី​ហ្នឹង​ដំបូង​គេ​សម្បទាន​ឲ្យ​ក្រុមហ៊ុន​កូស្មូស​កាលពី​ ១០ ​ឆ្នាំ​មុន​។ ក្រោយពី​ក្រុមហ៊ុន​នោះ​បាន​ដក​ចេញ​ទៅ​ដី​នោះ​ក្លាយជា​ដី​រដ្ឋ​ធម្មតា​វិញ ហេតុនេះ​ពួកខ្ញុំ​ជា​ប្រជាពលរដ្ឋ​បាន​ទៅ​រស់នៅ​រហូត​មក​ដល់​សព្វថ្ងៃនេះ ប៉ុន្តែ​ពេល​ពួកខ្ញុំ​ទៅ​ដាក់ពាក្យ​ស្នើសុំ​ឲ្យ​គេ​ធ្វើ​ប្លង់ដី​ហ្នឹង អាជ្ញាធរ​ភូមិ ឃុំ​ថា មិន​ហ៊ាន​ធ្វើឲ្យ​ទេ​»​។

ចំណែក​អ្នកស្រី ស្រី លាភ បាន​ថ្លែងថា ទីតាំង​ដី​នេះ​មាន​ប្រជាពលរដ្ឋ​ ២០ ​គ្រួសារ​ដែល​ក្នុងនោះ​មាន​ក្បាលដី​ ១០ ​ម៉ែត្រ និង​បណ្តោយ​ប្រហែល​ ១០០ ម៉ែត្រ ប្រហាក់ប្រហែល​គ្នា​ហើយ​បាន​ទៅ​រស់នៅ និង​អាស្រ័យផល​តាំងពី​ ១០ ​ឆ្នាំមុន​មក​ម្ល៉េះ​។

អ្នកស្រី លាភ ថ្លែងថា​៖ «​មន្ត្រី​​បរិស្ថាន​ថា ពួកខ្ញុំ​រស់នៅ​លើ​ដី​​របស់​រដ្ឋ ហើយ​ការពិត​ជាក់ស្តែង ពួកខ្ញុំ​មក​ធ្វើការ​រស់នៅ​លើដី​នោះ​ដោយ​មើលឃើញ​​ថា ដី​ទំនេរ​ក៏​នាំ​គ្នា​មក​រស់នៅ​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​ខាង​ណា​ទេ​»​។

លោក ទេព ណែម មេឃុំ​ត្រពាំងជោរ​បាន​ថ្លែងថា ពាក់ព័ន្ធ​​ក្នុង​រឿង​ដីធ្លី​ទីនេះ គឺ​មាន​បញ្ហា​យូរណាស់​មកហើយ ដែល​កាល​មុន​រាជរដ្ឋាភិបាល​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ ហើយ​នៅពេល​ក្រុមហ៊ុន​ក្ស័យធន​ទៅ​រដ្ឋ​ក៏បាន​ដក​ដី​នោះ​មក​ឲ្យ​បរិស្ថាន​គ្រប់គ្រង​វិញ​។ ក្រោយមក​ប្រជាជន​បាន​នាំគ្នា​ទៅ​រស់នៅ​អាស្រ័យ​ផល​ទីនោះ ប៉ុន្តែ​លោក​មិនដឹង​ច្បាស់​ថា ការ​ទៅ​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ការយល់ព្រម​ពី​មន្ត្រី​បរិស្ថាន​ឬ​យ៉ាងណា​នោះទេ​។

លោក ណែម ថ្លែងថា​៖ «​ពួកគាត់​បាន​ប្រាប់ថា មាន​កិច្ចសន្យា​ដែល​គាត់​បាន​សុំ​បណ្តោះអាសន្ន​ជាមួយ​បរិស្ថាន​អ៊ីចឹង​ទៅ​។ នៅពេល​ពួកគាត់​នៅ​យូរៗ​ទៅ ដល់ពេល​ឥឡូវ រដ្ឋ​ត្រូវការ​វិញ​ឲ្យ​គាត់​ចេញ គាត់​អត់​ចេញ ហេតុនេះ​ខាង​មន្ត្រី​បរិស្ថាន​គេ​សុំ​សហការ​ជាមួយ​ឃុំ ដើម្បី​ចុះទៅ​រុះរើ​ទៅ​»​។

លោក ហ៊ូល ម៉ារ៉ា អនុប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​បាន​ប្រាប់ថា ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ទៅ​បោះបង្គោល​យក​ទីតាំង ដើម្បី​ធ្វើការ​រស់នៅ​ទីនោះ​គឺ​មាន​ភាពអនាធិបតេយ្យ​មិន​មាន​ភាពច្បាស់លាស់​ទេ ហើយ​មិនមែន​តែ​ទីតាំង​នោះ​ទេ នៅ​មាន​ទីតាំង​ផ្សេងៗ​ទៀត​ដូចជា ខាង​សំរោង និង​ពោធិ៍មាស​ផងដែរ​។

លោក ម៉ារ៉ា ថ្លែងថា​៖ «​ពួកគាត់​មិនមែន​ជា​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះទេ ហើយ​ពួកគាត់​បាននាំគ្នា​ឆ្លៀត​ឱកាស ដើម្បី​ចាប់ដី​យក​ទីតាំង​នៅ​ដោយ​សំអាងថា រដ្ឋាភិបាល​នឹង​កាត់ឆ្វៀល​ដី គម្រប​ព្រៃឈើ ដី​អភិរក្ស​អី​ផ្សេងៗ​ហ្នឹង​ទៅ​ឲ្យ​ពួកគាត់​»​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) បាន​អះអាងថា ទីតាំង​ដែល​បរិស្ថាន​ចុះទៅ​ដក​របង​នោះ គឺជា​ករណី​ដែល​ពួកគាត់​កាប់​រាន​ដីព្រៃ​។ ដី​នោះ មិនមែន​ជា​ដី​ដែល​ពួកគាត់​អាស្រ័យផល​យូរ​ឆ្នាំ​ដូច​ការអះអាង​របស់​ពួកគាត់​នោះ​ទេ គឺ​ដីព្រៃ ហើយ​ពលរដ្ឋ​ទាំងនោះ​បាន​ចាប់ដី​រដ្ឋ​លក់​៕