ពោធិ៍សាត់ៈ មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​កាលពី​ម្សិលមិញ​បាន​សាកសួរ​បុរស​ ២ ​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មេភូមិ បន្ទាប់ពី​នគរបាល​ស្រុក​វាលវែង​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ឈូសឆាយ​រំលោភ​ដីព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អស់​ប្រហែល​ ១០ ​ហិកតា​ នៅក្នុង​ភូមិ​ក្រសាំងព្នៅ ឃុំ​ក្រពើ​ ២ ស្រុក​វាលវែង​។

លោក ធាង ឡេង អធិការ​នគរបាល​ស្រុក​វាលវែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា បុរស​ ២ ​នាក់​ ដែល​មាន​ឈ្មោះ ពេញ សារ៉ន អាយុ​ ៤៩ ​ឆ្នាំ​ ជា​មេភូមិ​ក្រសាំងព្នៅ និង​ឈ្មោះ វង់ ផល្លា អាយុ​ ៥០ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៧ ខែមករា តាម​បទបញ្ជា​របស់​លោក ម៉ៅ ធនិន្ទ អភិបាលខេត្ត​ពោធិ៍សាត់​។ លោក​បន្តថា លោក ពេញ សារ៉ន ជា​មេភូមិ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ឱ្យ​មាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់ និង​ឈ្មោះ វង់ ផល្លា ជា​ម្ចាស់​កន្លែង​ទីតាំង​ក្នុង​តំបន់​ព្រៃ​ដែល​ត្រូវ​បាន​ឈូសឆាយ​។

លោក​ថា​៖ «​ដី​ហ្នឹង​គឺជា​ដី​ក្នុង​តំបន់​ហាមឃាត់ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ចេះតែ​ចូល​ទៅ​កាន់កាប់​ដីព្រៃ​នៅ​កន្លែង​ហ្នឹង​។ ប្រជាពលរដ្ឋ​បានស្នើ​សុំ​ធ្វើ​ឯកសារ​នៅលើ​ដី​ទាំង​ហ្នឹង ហើយ​មេភូមិ និង​មេឃុំ​ក៏​បាន​ស៊ីញ៉េ​ចេញ​លិខិត​ឱ្យ​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ថ្នាក់លើ​។ អ៊ីចឹង​!​បទបញ្ជា​ថ្នាក់ដឹកនាំ​ឱ្យ​ឃាត់ខ្លួន​ ២ ​នាក់​ហ្នឹង ​ហើយ​​ខាង​ខ្ញុំ​បានប្រគល់​ទៅឱ្យ​ជំនាញ​គឺ​មន្ទីរ​បរិស្ថាន​ដើម្បី​សិក្សា និង​អនុវត្ត​នីតិវិធី​បន្ត​ហើយ​»​។

លោក ធាង ឡេង បន្ថែម​ថា​ដីព្រៃ​ដែល​គ្រោង​នឹង​ឈូសឆាយ​បន្ត​នោះ​គឺ​មាន​ទំហំ​ជាង​ ១០០ ​ហិកតា​។

លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​បាន​ថ្លែងថា នគរបាល​បាន​បញ្ជូន​ជន​ទាំង​ ២ ​នាក់​​ មក​មន្ទីរ​បរិស្ថាន​ខេត្ត​កាលពី​ល្ងាច​ថ្ងៃទី​ ១៩ មករា ហើយ​មន្ត្រី​​បានចាប់ផ្ដើម​សាកសួរ​ពួកគេ​នៅ​ថ្ងៃទី​ ២០ ​មករា ដើម្បី​ប្រមូល​យក​ភ័ស្ដុតាង​បន្ថែម​មុន​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចាត់វិធានការ​បន្តទៀត​។ លោក​បន្តថា​ក្នុង​ដំណាក់កាល​សាកសួរ​គឺ​លោក​មិនអាច​លម្អិត​អំពី​សំណុំ​រឿងនេះ​បាន​នៅឡើយ​ទេ​។

លោក​ថា​៖ «​ឥឡូវ​យើង​កំពុង​សាកសួរ អ៊ីចឹង​!​ដល់ពេល​ថា​យ៉ាងម៉េច​ឱ្យ​ច្បាស់ គឺ​មិន​ទាន់​អាច​និយាយ​បាន​ទេ ព្រោះ​មិនទាន់​សួរចម្លើយ​ចប់​នៅឡើយ​»​។

លោក ទាច សាន់ មេឃុំ​ក្រពើ​ ២ បាន​ថ្លែងថា ពលរដ្ឋ​បាន​ចូលទៅ​ទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នោះ​តាមរយៈ​ការកាប់ឆ្ការ​ព្រៃ​ធ្វើ​ចម្ការ​ជាច្រើន​កន្លែង​តាំងពី​ឆ្នាំ​ ២០១៨ ​មក​។

លោក​បន្តថា កន្លងមក​មាន​ពលរដ្ឋ​មួយចំនួន​ស្នើសុំ​ធ្វើ​លិខិត​កាន់កាប់​ដោយ​អង្វរ​ឱ្យ​លោក​ចុះហត្ថលេខា​ទទួលស្គាល់ ដោយ​​លើក​ហេតុផល​ថា ពួកគាត់​មាន​ភាពចាំបាច់​យក​លិខិតបញ្ជាក់​អំពី​កម្មសិទ្ធិ​ដី​ទៅ​ដាក់បញ្ចាំ​ដើម្បី​អាច​ខ្ចីលុយ​ពី​អង្គការ​។

លោក​មេឃុំ​បន្ថែម​ថា ការចុះ​ហត្ថលេខា និង​ចុះហត្ថលេខា​​ឱ្យ​ពលរដ្ឋ​កាន់កាប់​ដីព្រៃ​ទាំងនោះ​គឺ​ដោយសារ​ដំបូង​ឡើយ លោក​មិនបាន​ដឹងថា​ជា​ដីព្រៃ ប៉ុន្តែ​ក្រោយពី​ទទួល​បាន​ដំណឹង​ពី​មន្ទីរ​បរិស្ថាន​ថា ជា​ដីព្រៃ​ត្រូវ​​ការពារ លោក​ក៏បាន​ចុះទៅ​ហាមឃាត់​ប្រជាពលរដ្ឋ​ទាំងនោះ​ឱ្យ​ឈប់​កាន់​ដី​ទាំងនោះ​វិញ​។

ទោះជា​យ៉ាងណា លោក ទាច សាន់ បញ្ជាក់ថា​ក្រោយពី​លោក​បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​រួចមក​គឺ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យក​ដី​ទាំង​នោះ​ទៅ​លក់ដូរ​បន្ត​ឲ្យ​អ្នកភូមិ​ផ្សេងទៀត​ដោយ​ក្នុង​ ១ ​ហិកតា​គេ​លក់​តម្លៃ​ពី​ ៤០០ ទៅ​ ៥០០ ​ដុល្លារ​អាមេរិក ។

លោក​បាន​បញ្ជាក់ថា​៖ «​អ្នក​​ខ្លះ​អង្វរ​ថា ជា​អ្នកក្រីក្រ ហើយ​ដើម្បី​យក​ក្រដាស​ហ្នឹង​ទៅ​ខ្ចី​​លុយ​អង្គការ ហើយ​ពួកគាត់​ថា បើ​អត់​មាន​ក្រដាស​ហ្នឹង គេ​ (​អង្គការ​) ​នឹង​អត់ឱ្យ​លុយ​ខ្ចី​ទេ ហើយ​អ្នកខ្លះ​អង្វរ​ថា កូន​ឈឺ​​ប្ដី​ឈី​អ៊ីចឹងទៅ និង​ត្រូវការ​លុយ​។ ក្រោយមក​បន្ទាប់ពី​ខាង​ជំនាញ​ (​មន្ទីរ​បរិស្ថាន​) ​ថា មិន​ឱ្យ​ធ្វើ​ចម្ការ​លើដី​ទាំងនោះ ខ្ញុំ​ក៏បាន​ប្រាប់​ទៅវិញ​ថា គេ​ឈប់​ឱ្យធ្វើ​លើដី​ទាំងនោះ​ហើយ​»​។

លោក ម៉ៅ ធនិន្ទ អភិបាល​ខេត្តពោធិ៍សាត់​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​ករណីនេះ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនមាន​អ្នកទទួល​៕