រតនៈគិរីៈ មន្ត្រី​បរិស្ថាន ខេត្តរតនគិរី នៅ​កំពុង​បន្ត​តាមដាន​ពី​ស្ថានភាព​ទឹក​បឹង​យក្សឡោម​ដែល​បាន​ប្រែ​ពណ៌​ជា​ល្អក់​ប្លែក​ខុសពី​ធម្មតា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប៉ុន្តែ​បាន​អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​មាន​ការព្រួយបារម្ភ​ដោយ​អះអាងថា នេះ​ជា​បាតុភូត​ធម្មជាតិ​។

លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តរតនគិរី ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ផ្ទៃ​ទឹក​បឹងយក្សឡោម​បាន​ប្រែ​ពណ៌ ទៅ​ជា​ល្អក់​ចាប់តាំងពី​ថ្ងៃទី​ ២០ ខែ កុម្ភៈ​ ឆ្នាំ​ ២០២១ ហើយ​ការប្រែ​ពណ៌​នេះ គឺជា​កត្តា​ធម្មជាតិ​ដែល​មិនមាន​អ្វី​ដែល​គួរ​បារម្ភ​នោះទេ​។

ការប្រែ​ពណ៌​ទឹក​មក​ជា​ល្អក់​នេះ គឺ​មិនមាន​អ្វីដែល​ប៉ះពាល់​ ឬ​បំពុល​បរិស្ថាន​នោះទេ ហើយ​មន្ត្រី​បរិស្ថាន​បាន​ចុះទៅ​សង្កេត​នៅ​ជុំវិញ​បឹងយក្សឡោម​នេះ​គឺ​ទឹក​មិន​មាន​ក្លិនស្អុយ និង​មិនមាន​មច្ឆា ឬ​រុក្ខជាតិ​ណាមួយ​ងាប់ ដែល​បង្កឡើង​ដោយ​ទឹក​ប្រែ​ពណ៌​នេះ​ទេ​។

លោក ខេមរិន្ទ ថ្លែងថា​៖ «​ជាទូទៅ វា​ជា​ការចំណាំ​របស់​យើង ស្ថានភាព​នៅក្នុង​តំបន់​នេះ​ឱ្យ​តែមាន​ប្រទេសជិតខាង ដូចជា​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​មាន​បាតុភូត​ណាមួយ​កើតឡើង វា​បង្ក​ឱ្យ​ទឹក​នៅក្នុង​បឹង​យក្ស​ឡោម​នេះ ប្រែ​ពណ៌​ទៅ​ជា​ល្អក់ ប៉ុន្តែ​យើង​មិនទាន់​ដឹងថា វា​មាន​ទំនាក់ទំនង​អ្វី​ឱ្យ​ប្រាកដ​នោះទេ ព្រោះ​វា​ជា​បែប​វិទ្យាសាស្ត្រ យើង​មិនហ៊ាន​និយាយ​អ្វី​ទេ​»​។

លោក​បាន​កត់សម្គាល់​ឃើញ​ថា កាលពី ១០ ​ឆ្នាំ​មុន​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី មាន​បញ្ហា​រញ្ជួយ​ដី ក៏​ធ្វើឱ្យ​មាន​បញ្ហា​ដល់​ទឹក​នៅក្នុង​បឹង​យក្ស​ឡោម​នេះដែរ​។ ជាមួយ​គ្នា​នេះ សម្រាប់​បឹង​លំកុដ និង​បឹង​យក្ខអោម យក្ខរ៉ា ស្ថិត​នៅ​ឃុំ​សេដា ស្រុក​លំផាត់​ក៏​ចាប់ផ្តើម​មាន​សភាព​ល្អក់​ដែរ​។

បើតាម​លោក ផុន ខេមរិន្ទ ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ ទឹក​នៅក្នុង​បឹង​យក្ស​ឡោម​នេះ​មាន​ស្ថានភាព​រងថ្លា​វិញ​បន្តិច​ហើយ​។ យ៉ាងយូរបំផុត​ក្នុង​រយៈពេល ១ ​អាទិត្យ​ទៀត ទឹកនឹង​អាច​ប្រែ​ពណ៌​ដូច​ដើម​វិញ​ហើយ​។ ចំពោះ​ទឹក​ដែល​ប្រែ​ពណ៌​មក​ជា​ល្អក់​នេះ វា​មិន​ល្អក់​ខ្មៅ​ដែល​មិនអាច​ប្រើប្រាស់​បាន​នោះទេ​។

បច្ចុប្បន្ននេះ ពលរដ្ឋ​នៅតែ​ចុះ​ងូតទឹក​នេះ​ជា​រៀងរាល់ថ្ងៃ វា​មិនមាន​បញ្ហា​រមាស់​ទេ គ្រាន់តែ​ថា អ្នកខ្លះ​ឃើញ​ទឹក​វា​មិនសូវ​ថ្លា ពួកគេ​មិន​ហ៊ាន​ចុះ​ងូត​ប៉ុណ្ណោះ​។ កាលពី​ថ្ងៃទី​ ២១ កុម្ភៈ វា​មាន​ស្ថានភាព​ស្រក​ខ្លាំង ប៉ុន្តែ​កាលពី​ថ្ងៃ​ម្សិលមិញ ទឹក​វា​បាន​ឡើង​មក​ដូចដើម​វិញ ដែល​នេះ គឺជា​បាតុភូមិ​ធម្មជាតិ​។

ទោះជា​យ៉ាងណា​លោក ផុន ខេមរិន្ទ បញ្ជាក់ថា បច្ចុប្បន្ននេះ​មន្ទីរ​បរិស្ថាន​ខេត្ត សហការ​ជាមួយ​សហគមន៍​នៅ​មូលដ្ឋាន​បឹង​យក្សឡោម បាននិង​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ដាក់​លើ​ការប្រែ​ពណ៌​ទឹក​នេះ និង​ធ្វើ​របាយការណ៍​ជាប្រចាំ​ទៅ​ក្រសួង​បរិស្ថាន និង រដ្ឋបាលខេត្ត​អំពី​វឌ្ឍនភាព​នៃ​ការប្រែ​ពណ៌​ទឹក​មកជា​ល្អក់​នេះ​។

លោក​ ណែវ ខេត្ត អាជីវករ​លក់ដូរ​នៅ​រមណីយដ្ឋាន​បឹង​យក្សឡោម​បាន​ថ្លែងថា​៖ «​យើង​មើលឃើញ​ទឹក​នេះ ប្រែ​ទៅជា​ពណ៌​ក្រហម លាយ​លឿង ពេញ​ផ្ទៃ​ទឹក​បឹងយក្សឡោម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ហើយ​កន្លែង​ខ្លះទៀត វា​មាន​ពណ៌​ខ្មៅ​ដែរ ប៉ុន្តែ​រហូត​ដល់​ពេលនេះ​វា​បាត់អស់​ខ្លះ​ហើយ​»​។

លោក​បញ្ជាក់ថា ចំពោះ​បញ្ហា​ទឹកល្អក់​នេះ មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ ពោល​គឺ​ពលរដ្ឋ​នៅតែ​អាច​ចុះ​ងូត​បាន ហើយ​សត្វ​ដែល​រស់នៅ​តំបន់​នេះ អាច​ចុះ​ផឹក​បាន និង​ក្មេងៗ​នៅទីនេះ ក៏​នៅតែ​ចុះ​ងូត​ជា​រៀងរាល់ថ្ងៃ គឺ​មិនមាន​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ទេ​។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​ ២០ ខែ មិថុនា ឆ្នាំ​ ២០១៨ បានចេញ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង បឹងយក្ស​ឡោម​ដែល​មាន​ផ្ទៃដី​សរុប ២២៥ ​ហិកតា ស្ថិតក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី​។ បឹង​នេះ ជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​មួយ​របស់​កម្ពុជា ដែល​មាន​រមណីយដ្ឋាន​អេកូទេសចរណ៍ មាន​ម្លប់​ដើមឈើ​ត្រជាក់ និង​ទឹក សម្រាប់​ស្វាគមន៍​ទទួល​ភ្ញៀវទេសចរ​ដែល​មក​សម្រាក​លម្ហែកាយ​នៅ​ទីនោះ​។

បើតាម​ឯកសារ​មួយចំនួន បឹងយក្ស​ឡោម​គឺជា​ស្លាកស្នាម​នៃ​​បំផ្ទុះ​ភ្នំភ្លើង​តាំងពី​រាប់ពាន់​ឆ្នាំមុន​។ ផ្ទៃ​បឹង​ដ៏ធំ​ល្វឹងល្វើយ មាន​ទឹក​ថ្លាឈ្វេង ប្រកប​ទៅ​ដោយ​សភាព​ស្ងប់ស្ងាត់ និង​មាន​រាង​ស្ទើរ​ជា​រង្វង់ ដែលមាន​ជម្រៅ​ទឹក​ចន្លោះ​ពី ៥០ ទៅ ៧០ ​ម៉ែត្រ​៕

វីដេអូ៖