ភ្នំពេញៈ មន្ត្រីក្រសួងបរិស្ថានបានចាត់ទុករបាយការណ៍ចេញផ្សាយលើកចុងក្រោយមួយរបស់បណ្ដាញសហគមន៍ព្រៃឡង់ថា បានប្រើប្រាស់ទិន្នន័យមិនពិត និងមានបង្កប់របៀបវារៈនយោបាយ ដោយរបាយការណ៍លើកទី ៨ របស់បណ្ដាញសហគមន៍ព្រៃឡង់បានអះអាងថា ក្នុងរយៈពេល ១៨ ឆ្នាំ ព្រៃឡង់ទំហំជាង ៤ ម៉ឺនហិកតាត្រូវបានបាត់បង់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានហៅបណ្ដាញសហគមន៍ព្រៃឡង់ជាបណ្ដាញក្រៅច្បាប់ ហើយរបាយការណ៍ដែលបណ្ដាញនេះបានចេញផ្សាយ គឺធ្វើឡើងដើម្បីកៀរគររកថវិកាប៉ុណ្ណោះ។
លោកថា៖ «ក្រសួងបរិស្ថានមិនអត្ថាធិប្បាយលើរបាយការណ៍ដែលរៀបចំឡើង ដោយឈរលើទិន្នន័យរបាយការណ៍នៃបណ្ដាញសហគមន៍ព្រៃឡង់ដែលជាបណ្ដាញក្រៅច្បាប់មិនបានចុះឈ្មោះទទួលស្គាល់ផ្លូវការពីក្រសួងមហាផ្ទៃទេ ហើយសកម្មភាពរបស់ក្រុមបណ្ដាញព្រៃឡង់នេះដែលបានធ្វើឡើងគឺបង្កប់ដោយរបៀបវារៈនយោបាយ ប្រើប្រាស់ព័ត៌មានមិនពិតពីប្រព័ន្ធប្រមូលទិន្នន័យដែលគ្មានការទទួលស្គាល់ផ្លូវការ។ ពួកគេរៀបចំរបាយការណ៍នេះ គ្រាន់តែដើម្បីបន្តស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ រក្សាការងារ និងប្រាក់ខែរបស់ខ្លួនប៉ុណ្ណោះ»។
កាលពីថ្ងៃទី ៣ កុម្ភៈបណ្ដាញសហគមន៍ព្រៃឡង់បានចេញផ្សាយរបាយការណ៍ជាផ្លូវការស្ដីពីការត្រួតពិនិត្យលើកទី ៨ ពាក់ព័ន្ធនឹងស្ថានភាពព្រៃឡង់នៅកម្ពុជាដោយបានអះអាងថា ទំហំបាត់បង់ព្រៃឈើសរុបនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨ គឺមានចំនួនជាង ៤ ម៉ឺន (៤១៧៥៨) ហិកតា ឬជិត ១០% នៃតំបន់ដែនជម្រកសត្វព្រៃឡង់ទាំងមូល។
របាយការណ៍នេះសរសេរដោយយោងតាមសាកលវិទ្យាល័យ Maryland ការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់គឺមានចំនួន ៤៥៦៣ ហិកតាក្នុងឆ្នាំ ២០១៨។ នេះស្មើនឹងមធ្យមភាគ ១៣ ហិកតានៃព្រៃដែលត្រូវបានបាត់បង់ជារៀងរាល់ថ្ងៃ ឬស្មើនឹងទំហំទីលានបាល់ទាត់ក្នុងស្ដាតអូឡាំពិក (០.៧០៥ ហិកតា) ចំនួន ១៨ ដង ដែលត្រូវគេកាប់ជារៀងរាល់ថ្ងៃ»។
របាយការណ៍នេះត្រូវបានចងក្រងដោយសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេសដាណឺម៉ាកដោយប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីការចុះល្បាតព្រៃរបស់បណ្ដាញសហគមន៍ព្រៃឡង់ និងរូបភាពផ្កាយរណបពីប្រភពផ្សេងៗទៀត។
កាលពីឆ្នាំ ២០១៦ តំបន់ព្រៃឡង់ជាង ៤ សែន (៤៣១,៦៨៣) ហិកតាត្រូវរដ្ឋាភិបាលបង្កើតទៅជាតំបន់ដែនជម្រកសត្វព្រៃឡង់ដែលលាតសន្ធឹងក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ ព្រៃឡង់គឺជាព្រៃទឹកភ្លៀងដ៏ធំមួយដែលទ្រទ្រង់ដល់ទន្លេមេគង្គ និងទន្លេសាប ខណៈទន្លេទាំង ២ នេះមានសារៈសំខាន់សម្រាប់ការនេសាទរបស់ពលរដ្ឋ សម្រាប់សេដ្ឋកិច្ចជាតិ និងសន្ដិសុខស្បៀង។
របាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់បានបន្ថែមថា ថ្វីដ្បិតរយៈពេលប៉ុន្មានខែកន្លងមកថ្មីៗនេះ រដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់ខ្លាំងជាងមុនទៅលើការកាប់បំផ្លាញឈើខុសច្បាប់ និងបទល្មើសព្រៃដូចជាការបង្កើតស្ថាប័នមួយចំនួន ការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលមួយចំនួនប្រព្រឹត្តពុករលួយពាក់ព័ន្ធនឹងបទល្មើសឈើ ការដាក់ចេញវិធានការថ្មីៗ និងការបំផ្លាញចោលភ្លាមៗនូវមធ្យោបាយដែលត្រូវបានប្រើប្រាស់ក្នុងបទល្មើសព្រៃឈើខុសច្បាប់ជាដើមគឺនៅតែមិនទាន់ប្រសិទ្ធភាពនៅឡើយ។
របាយការណ៍បញ្ជាក់ថា វិធានការថ្មីៗទាំងនោះនៅតែមិនអាចប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើ ដែលកើតឡើងដោយសារមានអំពើពុករលួយ និងឈ្មួញរកស៊ីឈើដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល។ រដ្ឋាភិបាលគួរពង្រីកការបង្ក្រាបចាប់ពីបុគ្គលរហូតទៅដល់ក្រុមហ៊ុនដែលតែងធ្វើសកម្មភាពខុសច្បាប់ប្រមូលយកផលអនុផលព្រៃឈើ។
ទោះជាយ៉ាងណាក៏ដោយលោក នេត្រ ភក្ត្រា បានអះអាងថារាជរដ្ឋាភិបាលកម្ពុជាបន្តការងារការពារ និងអភិរក្សធនធានធម្មជាតិជាប្រចាំ និងបានទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមានឡើងនៅក្នុងតំបន់ព្រៃឡង់។
លោកថា៖ «ដោយសារតែកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សបានល្អប្រសើរ ក្រុមការងារបច្ចេកទេសបាន និងកំពុងសិក្សាវាយតម្លៃលើបរិមាណឥណទានកាបូន REDD+ ដើម្បីឈានទៅលក់ឥណទានកាបូនក្នុងក្របខ័ណ្ឌទីផ្សារស្ម័គ្រចិត្តដូចដែលយើងបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ នេះបង្ហាញថាការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិរបស់យើងមានប្រសិទ្ធភាពកាន់តែប្រសើរ»។
លោក ស្រី ថី បណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តព្រះវិហារបានលើកឡើងថា បណ្ដាញសហគមន៍ព្រៃឡង់គឺបានបង្កើតឡើងអស់រយៈពេលប្រហែល ២០ ឆ្នាំមកហើយ ហើយថ្វីដ្បិតមិនចុះបញ្ជីនៅក្រសួងមហាផ្ទៃ ប៉ុន្តែបានចូលរួមដោយស្ម័គ្រចិត្តជាមួយរដ្ឋាភិបាលក្នុងការការពារព្រៃឡង់ និងមិនបានបម្រើអ្នកនយោបាយណាមួយឡើយ។
លោកថា របាយការណ៍ដែលចេញថ្មីនេះគឺជាការឆ្លុះបញ្ចាំងពីការរកឃើញពិតៗរបស់សហគមន៍អំពីការកាប់បំផ្លាញព្រៃឈើប្រចាំខែ និងប្រចាំឆ្នាំ។
លោកថា៖ «អ្នកការពារព្រៃឈើមិនខុសច្បាប់ទេ អ្នកដែលកាប់បំផ្លាញព្រៃឈើទេ ជាអ្នកខុសច្បាប់នោះ»៕
វីដេអូ៖