មណ្ឌលគិរី​: មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ (WWF) បានបង្ហាញ​ក្ដីបារម្ភ​ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ចំនួន​សត្វព្រៃ​ក្រចកជើង​ចម្ពាម​នៅ​ដែនជម្រក​សត្វព្រៃ​ស្រែពក និង​ភ្នំ​ព្រេច ខណៈ​ចំនួន​សត្វ​ទន្សោង​បាន​ធ្លាក់ចុះ​ប្រមាណ​ ៧២ ​ភាគរយ សត្វ​ឈ្លូស​ប្រមាណ​ ៥២ ​ភាគរយ​ និង​សត្វ​ជ្រូកព្រៃ​ ១៨ ​ភាគរយ​។

ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​ត្រូវ​បានរៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF ទៅកាន់​ដែនជម្រក​សត្វព្រៃ​ស្រែពក និង​ភ្នំព្រេច ខេត្តមណ្ឌលគិរី ដោយមាន​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន​ជាង​ ៣០ ​នាក់​ មកពី ​២៤ ​ស្ថាប័ន​បាន​ចូលរួម​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ដែល​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​នេះ​ថ្លែង​នៅ​ថ្ងៃទី​ ១៥ ខែមករា​ថា ចំនួន​សត្វ​ក្រចកជើង​ចម្ពាម​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក និង​ភ្នំ​ព្រេច​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ ១ ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​បាន​បង្ហាញ​ពី​ភាពចាំបាច់​ក្នុង​ការដាក់​ចេញ​វិធានការ​ថ្មី និង​ប្រកបដោយ​ភាពច្នៃប្រឌិត​ជាងមុន​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ស្ថានភាព​ធ្លាក់ចុះ​នេះ​។

លោក​បន្តថា ជា​លទ្ធផល​នៃ​ការតាមដាន​សត្វ​ក្រចកជើង​ចម្ពាម​ក្នុង​ចន្លោះ​ឆ្នាំ ២០១០-២០២០ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ទាំង​ ២ ​បង្ហាញថា ចំនួន​សត្វ​ទន្សោង​បាន​ធ្លាក់ចុះ​ប្រមាណ​ ៧២ ​ភាគរយ សត្វ​ឈ្លូស​ប្រមាណ​ ៥២ ​ភាគរយ និង​សត្វ​ជ្រូកព្រៃ​ប្រមាណ ១៨ ​ភាគរយ​។

ក្នុងនោះ​ចំនួន​សត្វ​រមាំង​ខ្ទីង និង​ប្រើស​ក៏​នៅ​មាន​កម្រិត​តិចតួច​ដែរ ព្រមទាំង​រស់នៅ​រាយប៉ាយ​ដាច់ដោយឡែក​ពីគ្នា​នៅក្នុង​តំបន់​ទាំង​ ២ ​នេះ​។ លោក ភក្ត្រា បញ្ជាក់​ថា​៖ «​ការធ្លាក់ចុះ​នេះ​ជា​ការក្រើន​រំឭក​ដល់​យើង​ទាំងអស់គ្នា ប៉ុន្តែ​វា​ក៏​ផ្តល់​ជា​ឱកាស​ឱ្យ​យើង​ខិតខំ​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​និន្នាការ​នៃ​ការធ្លាក់ចុះ​។ ស្ថានភាព​នេះ​អាច​នឹង​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ថែមទៀត ប្រសិន​បើ​គ្មាន​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការគ្រប់គ្រង​តំបន់​ការពារ​យ៉ាង​ម៉ឺងម៉ាត់​ទេ​»​។

បើ​តាម​លោក ភក្ត្រា ចំនួន​ពពួកសត្វ​ក្រចកជើង​ចម្ពាម​នៅក្នុង​ដែន​ជម្រក​ស្រែ​ពក និង​ភ្នំព្រេច​បាន​ធ្លាក់ចុះ​នេះ​បណ្ដាល​មកពី​ការបរបាញ់​ខុសច្បាប់​ចាប់តាំងពី​អតីតកាល​មកដល់​បច្ចុប្បន្ន​បូកផ្សំ​នឹង​វិបត្តិ​អន្ទាក់​ដែល​ជំរុញ​ឱ្យ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ សុទ្ធសឹង​ជា​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​សត្វ​ក្រចកជើង​ចម្ពាម​នៅ​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​ធ្លាក់ចុះ យ៉ាងធ្ងន់ធ្ងរ​បែបនេះ​។

កញ្ញា Milou Groenenberg ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវចម្រុះ​នៃ​អង្គការ WWF បាន​និយាយថា អន្ទាក់​គឺជា​កត្តា​គំរាមកំហែង​ដ៏ចម្បង​មួយ ចំពោះ​សត្វ​ក្រចកជើង​ចម្ពាម​នៅ​ក្នុង​ដែន​ជម្រក​ទាំង​ ២ ​ហើយ​ក៏​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​ចំនួន​សត្វ​ខ្លារខិន​ដែលជា​ប្រភេទ​ស៊ី​សាច់សត្វ​ក្រចកជើង​ចម្ពាម​ទាំងនេះ​ជា​អាហារ​ក៏ត្រូវ​បាន​ធ្លាក់ចុះ​គួរឱ្យ​ព្រួយបារម្ភ​ដែរ​។

កញ្ញា​បន្តថា បើទោះជា​របាយការណ៍​បាន​បង្ហាញ​ពី​ស្ថានភាព​ធ្លាក់ចុះ​ដ៏​គួរឱ្យ​បារម្ភ​នេះ​ក៏ដោយ​ក៏​ក្ដីសង្ឃឹម​នៅតែមាន​ក្នុង​ការជួយ​សង្គ្រោះ​សត្វព្រៃ​ទាំងនេះ ពី​ការផុត​ពូជ​។ ប៉ុន្ដែ​ប្រសិនបើ​គ្មាន​វិធានការ​អភិរក្ស​បន្ទាន់ និង​ប្រកប​ដោយ​ភាពច្នៃប្រឌិត​ថ្មី ដើម្បី​ទប់ស្កាត់​កត្ដា​គំរាមកំហែង​ចម្បងៗ​ទាំងនេះ​ទេ ជីវចម្រុះ​នឹង​នៅតែ​បន្ដ​ធ្លាក់ចុះ​បន្ដិច​ម្ដងៗ​រហូត​ដល់​អាច​បាត់បង់​ទាំងស្រុង​តែម្តង​។

កញ្ញា​បញ្ជាក់ថា​៖ «​អង្គការ WWF យើង​ និង​ក្រសួងបរិស្ថាន កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការអនុវត្ត​កម្មវិធី​ស្ដារ​សត្វ​ក្រចកជើង​ចម្ពាម​ឡើងវិញ ដែល​ជា​តម្រូវការ​បន្ទាន់​ក្នុង​ការបញ្ឈប់​និន្នាការ​ធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ទាំងនេះ និង​ចាត់វិធានការ​ឆ្លើយតប​ទៅដល់​ឫសគល់​នៃ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​»​។

លោក​ សេង ទៀក ​នាយក​ WWF ថ្លែងថា វា​មិនទាន់​យឺត​ពេល​នៅឡើយ​ក្នុង​ការកែប្រែ​ស្ថានភាព​នេះ ប៉ុន្តែ​វា​តម្រូវ​ឱ្យ​ភាគី​ពាក់ព័ន្ធ ធ្វើ​សកម្មភាព​អភិរក្ស​រួមគ្នា​ជាបន្ទាន់​ចាប់ពី​ពេល​នេះ​តទៅ​។ ក្នុង​នោះ​អង្គការ​កំពុង​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន និង​ដៃគូ​នានា ដើម្បី​រៀបចំ​វិធានការ​អភិរក្ស​ឱ្យ​ខ្លាំងក្លា​ជាង​មុន​ក្នុង​ការកាត់បន្ថយ​ការបរបាញ់​ខុសច្បាប់ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​តាម​របាយការណ៍​ដែល​យើង​បាន​រកឃើញ​កន្លងមក​គឺ​បានបង្ហាញ​ឱ្យឃើញ​ពី​តម្រូវការ​នៃ​ដំណោះស្រាយ​បន្ទាន់​និង​ថ្មីៗ​ដើម្បី​កែប្រែ​​អត្រា​ធ្លាក់ចុះ​នេះ​។ យើង​ក៏​កំពុង​ស្វែងរក​វិធី​ការគ្រប់គ្រង​ការប្រើប្រាស់ និង​ការបែងចែក​ធនធានធម្មជាតិ​ឱ្យបាន​ប្រសើរ​ជាង​នេះ​ថែមទៀត​»​។

បើតាម​របាយការណ៍​រួម​របស់​ក្រសួង​បរិស្ថាន និង​អង្គការ WWF បច្ចុប្បន្ន​សត្វ​ទន្សោង​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នៅ​សេសសល់​ប្រហែល ៣៧១ ក្បាល​ នៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ប្រហែល ៤៨៥ ​ក្បាល​កំពុង​រស់នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​។

រីឯ​សត្វ​ឈ្លូស​ប្រមាណ​ ១ ៤២៥ ​ក្បាល​ ដែល​សេសសល់​នៅ​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក និង​នៅ​ភ្នំ​ព្រេច​សល់​ចំនួន ៤ ៤៥៣ ​ក្បាល ​ខណៈ​អំបូរ​សត្វ​ក្រចកជើង​ចម្ពាម​ដទៃទៀត​ក៏​កំពុងស្ថិត​នៅក្នុង​ក្ដីបារម្ភ​ដែរ​៕

វីដេអូ៖