ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងមន្ត្រីអង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភពីការគំរាមកំហែងដល់អាយុជីវិតសត្វព្រៃ តាមរយៈការដាក់ថ្នាំបំពុលនៅតាមវាលស្រែ បឹងបួ និងត្រពាំងនានា ទីដែលសត្វព្រៃត្រូវទៅរកចំណី ខណៈដែលការប្រើថ្នាំបំពុលវាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សផងដែរ។
លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) បានថ្លែងពីថ្ងៃទី ៦ ខែធ្នូ ថា សត្វព្រៃនៅភាគខាងជើងនៃប្រទេសកម្ពុជា បានទទួលការគំរាមកំហែងខ្លាំង ខណៈជនខិលខូចកំពុងដើរបំពុលដោយដាក់ថ្នាំសម្លាប់សត្វល្អិតនៅតាមរដូវកាលនីមួយៗ។ ខណៈរដូវនេះចូលដល់រដូវទឹកស្រក ឬរដូវប្រាំងដែលសត្វព្រៃត្រូវបានគំរាមកំហែងតាមរយៈការដាក់ថ្នាំបំពុលនៅតាមមាត់ទឹកដូចជាបឹង ត្រពាំង ស្រះ ប្រឡាយ មាត់ទន្លេ និងទីតាំងមួយចំនួនទៀត ទីដែលសត្វព្រៃទៅរកចំណី។
លោកបញ្ជាក់ថា៖ «យើងសូមស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយអប់រំ ផ្សព្វផ្សាយ និងអន្តរាគមន៍ចំពោះជនល្មើសកុំឱ្យដាក់ថ្នាំបំពុលសត្វព្រៃបែបនេះ គឺធ្វើយ៉ាងណាទប់ស្កាត់ការដាក់ថ្នាំបំពុល ឬប្រើប្រាស់ធាតុគីមីផ្សេងៗទៀតក្នុងគោលបំណងចាប់យកសត្វព្រៃទៅធ្វើជាអាហារ ឬយកទៅលក់នៅទីផ្សារ គឺត្រូវតែបង្ក្រាប ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិយើង ជាពិសេសសត្វស្លាបទាំងអស់នេះ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងនៅថ្ងៃទី ៦ ខែធ្នូ ថា ក្រសួងបរិស្ថាន អ្នកអភិរក្សធនធានធម្មជាតិ និងសត្វព្រៃក៏ដូចជាស្ថាប័នមានសមត្ថកិច្ច មានការព្រួយបារម្ភចំពោះការគំរាមកំហែងដល់អាយុជីវិតសត្វព្រៃ ពីព្រោះក្រៅពីអន្ទាក់ កាំភ្លើងកែច្នៃ សុនខប្រមាញ់ គឺការប្រើប្រាស់ថ្នាំពុលទាំងចេតនា និងអចេតនាក្នុងការបំពុលសត្វព្រៃដែលដាក់នៅតាមមាត់ទឹកបឹង និងត្រពាំងនានា។
កន្លងទៅ មន្ត្រីឧទ្យានុរក្ស រួមនឹងអ្នកពាក់ព័ន្ធបានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារធម្មជាតិនានាកុំឱ្យប្រើប្រាស់ថ្នាំពុលបំពុលសត្វព្រៃ ឬប្រើប្រាស់ថ្នាំបំពុលសត្វល្អិតដាក់ដំណាំរបស់ខ្លួន ព្រោះវាអាចសម្លាប់សត្វព្រៃ និងប៉ះពាល់សុខភាពពួកគាត់ និងអ្នកដទៃទៀត។ ថ្នាំពុលមិនមែនត្រឹមតែបំផ្លាញជីវិតសត្វព្រៃប៉ុណ្ណោះទេ តែវាក៏បំផ្លាញជីវិត និងសុខភាពមនុស្សដែរ។
លោកបញ្ជាក់ថា៖ «ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើថ្នាំពុល ដើម្បីចាប់សត្វព្រៃ ព្រោះវាបង្កភាពហិនហោចដល់សត្វព្រៃ និងគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ កន្លងទៅប្រភេទសត្វមួយចំនួនដែលរងគ្រោះដូចជា សត្វត្រយងយក្ស និងសត្វត្មាតជាដើម បានថយចុះដោយសារតែមួយផ្នែកស្លាប់ដោយកើតចេញពីការបំពុល»។
យោងតាមឯកសារស្រាវជ្រាវកម្រាស់ ៧១ ទំព័ររបស់អង្គការ WCS និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យអេឌីនប៊ឺគ (Edinburgh) សហការជាមួយក្រសួងបរិស្ថាន បានឱ្យដឹងថា ពួកគេបានធ្វើបទសម្ភាសជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងអ្នកដែលធ្លាប់បានដើរដាក់ថ្នាំបំពុលសត្វព្រៃ។ ក្នុងនោះសម្ភាសសហគមន៍ចំនួន ១០ ក្នុងតំបន់ការពារចំនួន ២ ក្នុងគោលបំណង ដើម្បីផ្ដល់នូវការវាយតម្លៃជាជំហានដំបូង។
ឯកសារស្រាវជ្រាវបន្តថា ថ្នាំសម្លាប់សត្វស្លាបភាគច្រើនត្រូវបានគេប្រើប្រាស់ប្រភេទថ្នាំកណ្ដៀរ (Carbamates) ដែលមានកម្លាំងខ្លាំងត្រូវបានដាក់ដោយចេតនានៅតាមត្រពាំងដើម្បីចាប់សត្វព្រៃសម្រាប់ការប្រើប្រាស់តាមតម្រូវការខ្លួន។ វិធីនេះត្រូវបានគេយល់ថា ជាវិធីដែលប្រើកម្លាំងតិច ហើយទទួលបានប្រសិទ្ធភាពខ្ពស់ រីឯការយល់ដឹងអំពីហានីភ័យសុខភាពមានលក្ខណៈទាប និងយល់ខុសៗគ្នា។
ឯកសារស្រាវជ្រាវបន្ថែមថា អ្នកដែលប្រើប្រាស់វិធីនេះភាគច្រើនជាបុរស និងកុមារ ប៉ុន្ដែវាមិនទាន់ច្បាស់ទេថា តើការអនុវត្តនេះមានទំនាក់ទំនងទៅនឹងកត្តាអសន្ដិសុខស្បៀងអាហារឬយ៉ាងណា? ប្រភេទសត្វព្រៃដែលងាយរងការគំរាមកំហែងខ្លាំងរួមមាន ប្រភេទសត្វត្រយងយក្ស ពពួកសត្វត្មាត និងពពួកសត្វស្លាបមួយចំនួនទៀត។ ការដាក់ថ្នាំបំពុល នឹងធ្វើឱ្យប៉ះពាល់ខ្លាំងចំពោះសត្វព្រៃ សុខភាពមនុស្ស និងបរិស្ថាន។
បើតាមលោក នេត្រ ភក្ត្រា ការសិក្សាពីឥរិយាបថនានានៃការបំពុលសត្វព្រៃនេះនឹងផ្តល់ព័ត៌មានសម្រាប់ក្រសួងបរិស្ថាន និងអ្នកជំនាញ ដើម្បីអាចដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់សកម្មភាពបំពុលសត្វព្រៃដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សសត្វព្រៃ ក៏ដូចជាបង្ការផលប៉ះពាល់ដល់សុខុមាលភាពរបស់ពលរដ្ឋ៕