រតនគិរីៈ មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម​កំពុង​បារម្ភ​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិក​​អាច​ឆ្លង​រាល​ដាល​ដល់​ខេត្ត ៣ ទៀត ដូចជា មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង​ដែល​ជាប់​ព្រំប្រទល់​គ្នា ខណៈ​ពេល​នេះមន្ត្រី​កំពុង​សង្ស័យ​ថា ឆ្លង​ដល់ ភូមិ​សោម​ត្រក ភូមិ​សោម​គល់ និង​ភូមិ​តេន​ក្នុង​ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ​ ក្នុង​ខេត្ត​រតនគិរី បន្ទាប់ពី​ផ្ទុះ​ដំបូង​ក្នុង​ភូមិ​សោម​កានីញ​នៃ​ឃុំ​សោមធំ​ដូចគ្នា។

លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា មូលហេតុ​នាំ​ឱ្យ​សង្ស័យ​រាលដាល​ដល់​ភូមិ ៣ ផ្សេង​ក្នុង​ខេត្ត​រតនគិរី ដោយសារ​ការ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​មាន​ទម្លាប់​លែង​ចេញ​ពី​ទ្រុង​ឱ្យមក​រកស៊ី​ចំណី​ជុំគ្នា និង​ម្យ៉ាង​ទៀត​ពួក​គាត់​បាន​កាប់​សាច់​ជ្រូក​ដែល​ឈឺ​ងាប់​ទៅ​ចែក​គ្នា​ធ្វើ​ម្ហូប​ដោយសារ​ពុំទាន់​ដឹង​ពី​ការ​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក។

លោក​អះអាងថា ការសង្ស័យ​នេះ ដោយសារ​ក្នុងភូមិ​ទាំង ៣ ខាង​លើ​មាន​ជ្រូក​ងាប់​ជា​បន្ត​បន្ទាប់​ដូចគ្នា​នឹង​ការផ្ទុះ​ជំងឺ​ដំបូង​ក្នុង​ភូមិ​សោម​កានីញ ស្រប​ពេល​បច្ចុប្បន្ន​មាន​ជ្រូក ១៩៣ ក្បាល ត្រូវ​បាន​ទិញ​ពី​ពលរដ្ឋ​យក​ទៅ​សម្លាប់​ចោលដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ល​ដាល​បន្ថែម​ទៀត។

លោក​ថា៖ «អ្វីដែល​យើង​បាន​រកឃើញ​គឺ​ជំងឺ​នេះ​អាច​រាតត្បាត​ទៅ ៣ ភូមិ​ជាប់​ទៀត ហើយ ៣ ភូមិ​នេះ យើង​កំពុង​តែ​ចុះ​ទៅ​ដើម្បី​ធ្វើ​ម៉េច​ជម្រាប​ទៅ​ប្រជាជន​ឱ្យ​បានដឹង និង​ឱ្យ​ប្រុង​ប្រយ័ត្ន​ទាក់ទង​នឹង​ជំងឺ​នេះ​បន្ត​ទៀត»។

ការបញ្ជាក់​របស់លោក តាន់ ផាន់ណា​រ៉ា នេះ​បាន​ធ្វើឡើង​នៅក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី១ ស្ដីពី​ការ​រៀបចំ​ផែនការ​ត្រៀម​បង្ការ​និង​ឆ្លើយតប​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជាជាតិ (FAO) ប្រចាំ​កម្ពុជា​នៅ​សណ្ឋាគារ​សាន់វេ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ដែល​ចិញ្ចឹម​ជ្រូក បន្ទាប់​ពី​ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​ក្នុង​ភូមិ​សោម​កានីញ ខេត្ត​រតនគិរី​ កាលពី​ថ្ងៃ​ទី ២២ ខែ​ មីនា។

លោក តាន់ ផាន់​ណា​រ៉ា នៅតែ​ស​ន្និដ្ឋា​ន​ថា ករណី​ផ្ទុះ​ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិក ​នេះ​មិនមែន​មក​ពី​នាំចូល​ជ្រូក​ខុស​ច្បាប់​ពី​វៀតណាម​ទេ ព្រោះ​នៅ​ខេត្ត​រតនគិរី​គ្មាន​ច្រក​នាំ​ចេញ​ចូល​សត្វ​ជ្រូក​ទេ ដោយ​មាន​តែ​ខេត្ត ៣ ប៉ុណ្ណោះ

គឺ​ខេត្ត​ស្វាយរៀង តាកែវ និង​ត្បួងឃ្មុំ ដែល​មាន​ការ​នាំចូល​ជ្រូក​ពី​វៀតណាម ប៉ុន្តែ​ខេត្ត​ទាំង ៣ នេះ ក៏​ត្រូវ​បាន​ក្រសួង​កសិកម្ម បិទ​នាំ​ជ្រូក​ជិត ២ ខែ​មក​ហើយ​ដែរ ស្រប​ពេល​បទល្មើស​នាំចូល​ជ្រូក​ពី​វៀតណាម​ខុស​ច្បាប់​ចំនួន ២៩ ករណី​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​បង្ក្រាប។

លោក ផាន់​ណា​រ៉ា បញ្ជាក់ថា មូលហេតុដែល​ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិក​ឆ្លង​ពី​វៀតណាម​ដល់​កម្ពុជា​ គឺ​ដោយសារ​ពលរដ្ឋ​វៀតណាម​បាន​ដឹក​បន្លែ និង​សាច់​គ្រប់​ប្រភេទ​មក​លក់​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ខេត្ត​រតនគិរី។

យ៉ាងណាក្ដីលោកស្រី គ្រីស្ទី​ណា អ៊ុ​ស​ជែ​រ ប្រធាន​ក្រុមបច្ចេកទេស​ម​ជ្ឈមណ្ឌល​អាសន្ន​សម្រាប់​ជំងឺ​សត្វ​ឆ្លង​ព្រំដែន​នៃ​អង្គការ FAO បាន​ថ្លែង​ថា ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​មិន​ឆ្លង​ទៅ​មនុស្ស​នោះ​ទេ ទោះ​ជា​បរិភោគ​សាច់​ជ្រូក​មាន​ជំងឺ​នេះ​ក្ដី ប៉ុន្តែ​លោកស្រី​បាន​ពន្យល់​ថា ប្រសិន​បើ​ចម្អិន​មិន​ត្រឹមត្រូវ​ហើយ​យក​អាហារ​ដែល​បរិភោគ​សល់​នោះ​ទៅ​ឱ្យ​សត្វ​ជ្រូក​ចិញ្ចឹម​ស៊ី នោះ​វា​នឹង​អាច​ចម្លង​មេរោគ​បាន។

លោកស្រីបញ្ជាក់​តាមរយៈ​អ្នកបកប្រែ​ថា៖ «ការអនុវត្ត​ជាក់ស្ដែង​នៅក្នុង​ភូមិ​គោលដៅ​ផ្ទុះ​ជំងឺ​ហ្នឹង​គឺ​យើង​ឃើញ​ថា ពួកគាត់​បានឱ្យ​ចំណី​ផ្ទះបាយ​ទៅ​ជ្រូក ហើយ​យើង​ដឹង​ថា ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​​នេះ គឺ​វា​មាន​ភាព​ធន់​នឹង​កម្ដៅ ប្រសិន​បើ​មិន​អាច​ដាំ​និង​ស្ល​ម្ហូប​ដែល​មាន​សាច់​ផ្ទុក​មេរោគ​អាហ្រ្វិក​​ក្នុង​សីតុណ្ហភាព​ចាប់​ពី ៧០ អង្សា​ក្នុង​រយៈពេល ៣០ នាទី​ទេ មេរោគ​ហ្នឹង​នៅ​តែ​មាន​ជីវិត​ក្នុង​សាច់​ហ្នឹង ហើយ​ពេល​ចម្អិន​មិន​ត្រឹមត្រូវ និង​យក​ចំណី​ផ្ទះបាយ​ទៅ​ឱ្យ​ជ្រូក​ចិញ្ចឹម​គាត់​ស៊ី ដូច្នេះ​មេរោគ​នឹង ឆ្លង​ទៅ​ជ្រូក​ចិញ្ចឹម​នោះ»។

លោកស្រីបន្ថែមថា ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិក​ក៏​អាច​តោង​ជាប់​ជាមួយ​សម្ភារ​ប្រើប្រាស់ ដូចជាទ្រនាប់​ជើង​ឬ​ខោអាវ​ដែល​បាន​ប៉ះ​ជាមួយ​សត្វ​ជ្រូក​មាន​ជំងឺ​នេះ​ហើយ​ចម្លង​ទៅ​សត្វ​ជ្រូក​ដទៃ​ទៀត។

ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​លើក​ឡើង​ដែរ​ថា បច្ចុប្បន្ន​សមាគម​មាន​សមាជិក​ចិញ្ចឹម​ជ្រូក ទាំង​លក្ខណៈ​កសិដ្ឋាន​ខ្នាត​ធំ​រហូត​ដល់​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ទូទាំង​ប្រទេស​មាន​ជាង ៤ ពាន់ ប៉ុន្តែ​ការ​បារម្ភ​បំផុត​នោះ គឺ​ពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ដែល​ពុំទាន់​ដឹង​ច្បាស់​ពី​វិធី​ការ​បង្ការ​ជំងឺ​ប៉េស្ដ​ជ្រូក​​អាហ្រ្វិកដែល​អាច​នាំឱ្យ​ឆ្លង​រាល​ដាល​ទៅ​ដល់​កសិដ្ឋាន​ធំៗ​ដែល​កំពុង​មាន​មេ​ជ្រូក​រាប់​ម៉ឺន​ក្បាល​ក្នុង​កសិដ្ឋាន​នីមួយៗ។

លោក​ថា៖ «កសិករ​ចិញ្ចឹម​លក្ខណៈតូចៗ គាត់​ទៅយក​បាយ​ពី​ផ្សារ​ដោយ​មិន​គិតពី​ផល​ប៉ះពាល់​របៀប​ម៉េច​ទេ ជាពិសេស​អញ្ជើញ​គាត់​មក​ប្រជុំ និង​សិក្ខា​សាលា​អី គឺ​គាត់​មិន​សូវ​បាន​ចូលរួម​ទេ ចំណុច​នេះ​ហើយ​ដែល​សមាគម​បារម្ភ ប៉ុន្តែ​បើ​ពួកគាត់​មក​ចូលរួម​អា​កសិដ្ឋាន​ធំៗ​ហ្នឹង គេ​នឹង​ជួយ​តាមរយៈ​ផ្ដល់​ថ្នាំ​សម្លាប់​មេរោគ​ឱ្យតែ​ពួកគាត់​មក​ចូលរួម ព្រោះ​អាតូច​ហ្នឹង​នឹង​ធ្វើ​ឱ្យ​ខូច​ដល់​អា​ធំ»។

បើតាម​លោក តាន់ ផាន់​ណា​រ៉ា វិធានការទប់ស្កាត់​កុំឱ្យ​ឆ្លង​ជំងឺ​នេះ​ទៅ​ខេត្ត​ដទៃ​គឺ​ការ​ប្រមូល​ទិញ​សត្វ​ជ្រូក​ពី​តំបន់​ផ្ទុះ​ជំងឺ​នេះ​យក​ទៅ​សម្លាប់​ចោល​និង​ការ​បិទ​មិន​ឱ្យចូល​ចេញ​នាំចូល​សត្វ​គ្រប់​ប្រភេទ​ពី​តំបន់​ដែល​ផ្ទុះ​ទាំង​នោះ។

លោក អា​ឡិច​សាន់​ដឺ វីន តំណាង​អង្គការ FAO ប្រចាំ​កម្ពុជា​បាន​ថ្លែងថា អង្គការ FAO នឹង​ផ្ដល់​ជំនួយ​បច្ចេកទេស ហិរញ្ញវត្ថុ និង​ការ​សម្រប​សម្រួល​ទៅឱ្យ​ក្រសួង​កសិកម្ម​ដើម្បី​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ​ដោយ​លោក​ថា ប្រសិន​ជំងឺ​នេះ​រាល​ដាល​កាន់​តែ​ធំ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ និង​អាច​ប៉ះពាល់​សុវត្ថិភាព​ស្បៀង​ផងដែរ។

លោក​ថា៖ «យើង​ទទួលបាន​ការស្នើសុំ​ពី​ក្រសួងកសិកម្ម​ឱ្យមាន​ការជួយ​សម្រប​សម្រួល​និង​ផ្ដល់​ការ​គាំទ្រ​ទៅ​ដល់​សកម្មភាព​ឆ្លើយតប (ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក)។ ​អ៊ីចឹង​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​និង​អង្គការ FAO គឺ​បាន​សហការ​ទប់ស្កាត់​ជំងឺ​នេះ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន»។

ជា​រៀងរាល់ថ្ងៃ សមាគម​ចិញ្ចឹមសត្វ​កម្ពុជា មានលទ្ធភាព​លក់​ជ្រូក​ចេញពី ៣ ទៅ ៤ ពាន់​ក្បាល ស្រប​ពេល​កម្ពុជា​នៅ​ខ្វះ​សត្វ​ជ្រូក​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ពី ១ ០០០ ទៅ ១ ៥០០ ក្បាល និង ដែល​ត្រូវ​នាំចូល​ពី​ប្រទេស ​ថៃ។

នេះ​បើតាម​ការអះអាង​របស់ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា៕