កំពតៈ ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​​បានបង្ហាញ​ក្ដីបារម្ភ​ចំពោះ​ការដុត​ស្មៅ​ ឬ​សំរាម​ចម្រុះ​ក្នុង​ចម្ការ​នៅតាម​ជម្រាល​ជើងភ្នំ​បូកគោ ដែល​បង្ក​ហានិភ័យ​​អំពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ និង​ការបំពុល​ខ្យល់​ក្នុង​បរិយាកាស​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​។

លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា ​ក្នុង​រដូវរងា​នេះ​សកម្មភាព​ដុត​រុករាន​ដី​ធ្វើ​ចម្ការ​របស់​ពលរដ្ឋ​តាម​ជម្រាល​​ភ្នំ​បូកគោ កំពុង​កើតមាន​គួរ​ឲ្យ​បារម្ភ បើទោះ​ជា​ក្រុមមន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​ទាំងនេះ​ក្ដី​។

លោក​បាន​បន្តថា ចាប់ពី​ភូមិ​ទទឹងថ្ងៃ​នៃ​ឃុំ​បឹងទូក ស្រុក​ទឹកឈូ ដល់​ភូមិ​តាដឹប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ពលរដ្ឋ បាន​នាំគ្នា​កាប់ និង​ដុត​រាន​ស្មៅ​ក្នុង​ចម្ការ​របស់​ពួកគេ​ដែល​ស្ថិត​​នៅ​តាម​ជម្រាល​ជើងភ្នំ​បូកគោ​ស្ទើរ​រាល់ថ្ងៃ​ចាប់​តាំងពី​រដូវរងា​បានមក​ដល់​។

លោក​ថ្លែងថា​៖ «​បើទោះ​ជា​ការដុតរាន​របស់​អ្នកភូមិ​ទាំងនោះ​នៅ​ពុំទាន់​បង្ក​ជា​ករណី​ភ្លើង​ឆេះ​ព្រៃ ប៉ុន្តែ​យើង​បារម្ភ​ខ្លាច​ផ្សែង​ដែល​ភាយ​ចេញពី​ការដុត​នោះ​ធ្វើ​ឲ្យ​មាន​ការបំពុល​ខ្យល់​ក្នុង​បរិយាកាស ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ​»​។

បើ​តាម​លោក ស៊ុយ ធា ក្រៅពី​ការដុត​សំរាម និង​ស្មៅ​នៅតាម​ចម្ការ ពលរដ្ឋ​ភាគច្រើន​នៅតែ​បន្ត​ការដុត​កាកសំណល់​ប្លាស្ទិក​នៅក្នុង​បរិវេណ​ដី​លំនៅឋាន​របស់​ពួកគេ ដែល​ស្ថិត​នៅជាប់​ដងផ្លូវ​សាធារណៈ ក្បែរ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​ដែល​នាំ​ឲ្យ​មាន​ក្ដីព្រួយ​កង្វល់​ពី​ការឆេះ​រីករាលដាល​ក្លាយ​ជា​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​នេះ​។

ជាមួយ​គ្នា​នេះ​លោក​បាន​ជំរុញ​ដល់​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់​ឱ្យ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាប្រចាំ​ក្នុង​ការចុះ​ល្បាត​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស ពិសេស​ករណី​ដុតរាន​ដីព្រៃ​ធ្វើ​ចម្ការ​ដែល​អាច​បង្ក​ជា​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ចូល​មក​ក្នុង​ព្រៃ​នៃ​តំបន់​ការពារ និង​អភិរក្ស​។

ជុំវិញ​ករណី​នេះ​លោក ងួន ម៉ាច នាយ​នគរបាល​ឃុំ​បឹងទូក ស្រុក​ទឹកឈូ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា ដោយសារ​រដូវ​នេះ​សម្បូរ​ទឹកសន្សើម​ដែល​ផ្ដល់​ភាពអនុគ្រោះ​ដល់​ការដាំដុះ​ដំណាំ​ផ្សេងៗ​ពលរដ្ឋ​ក្នុង​ឃុំ​របស់លោក​បាន​នាំគ្នា​កាប់ឆ្ការ និង​ដុត​រាន​ស្មៅ​​ និង​ព្រៃឈើ​តូចៗ​ក្នុង​ចម្ការ​របស់​ពួកគេ​ដើម្បី​ដាំ​ដំណាំ​។

លោក​ថ្លែងថា​៖ «​នៅពេល​ពួកគេ ដុត​ស្មៅ និង​ព្រៃឈើ​តូចៗ​នៅក្នុង​ចម្ការ​របស់​ពួកគេ​នោះ ព្រៃរបោះ​តូចៗ​ដែល​ស្ថិតក្នុង​តំបន់​ការពារ​ជាប់​ចម្ការ​របស់​ពួកគេ​ក៏ត្រូវ​ឆេះ​ខូចខាត​បន្តិចបន្តួច​ដែរ ប៉ុន្តែ​មិន​បង្ក​ជា​ភ្លើង​ឆេះ​ព្រៃ​នោះទេ​»​។

ចំណែក​លោក ង៉ែត ចាន់តារា នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​អណ្ដូងខ្មែរ​នៃ​ក្រុង​កំពត​ក៏​បាន​និយាយ​ស្រដៀង​គ្នា​នេះដែរ​ថា ជារឿយៗ​អាជ្ញាធរ​តែង​ចុះ​ណែនាំ​ពលរដ្ឋ​ឱ្យ​បញ្ឈប់​សកម្មភាព​កាប់​ដុត​រាន​ស្មៅ​ក្នុង​ចម្ការ​ដែល​អាច​នាំឲ្យ​មាន​ការឆេះ​រាលដាល​ជា​ភ្លើង​ឆេះ​ព្រៃ ប៉ុន្តែ​មាន​អ្នកភូមិ​ខ្លះ មិន​ចូលរួម​អនុវត្ត​ទេ​។

លោក​បាន​ថ្លែងថា​៖ «​មិន​ថា​តែ​ដុត​ព្រៃ​ក្នុង​ចម្ការ​ទេ សូម្បីតែ​ដុត​សំរាម និង​កាកសំណល់​ប្លាស្ទិក​ក្នុង​បរិវេណ​លំនៅឋាន ឬ​ដងផ្លូវ​សាធារណៈ​ក្នុងភូមិ​ក៏បាន​ហាមឃាត់​ផងដែរ ពីព្រោះ​​វា​ងាយ​នឹង​បង្ក​ជា​គ្រោះ​អគ្គិភ័យ​កើតឡើង ប៉ុន្តែ​អ្នកភូមិ​ខ្លះ​ក៏​ស្ដាប់ អ្នកខ្លះ​ក៏​មិន​អនុវត្តតាម​ការណែនាំរ​បស់​យើង​ដែរ​»​។

ជុំវិញ​ករណីនេះ លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា ការមិន​អនុវត្តតាម​សេចក្ដីណែនាំ​របស់​សមត្ថកិច្ច​ជំនាញ​គឺជា​ «​អំពើ​ល្មើស​» ដែល​ប្រឈម​នឹង​បទព្រហ្មទណ្ឌ​។ ករណី​បង្ក​ឲ្យ​កើត​​មាន​គ្រោះ​អគ្គិភ័យ​ ឬ​ភ្លើង​ឆេះ​ព្រៃ ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​​សាធារណៈ ឬ​បង្ក​ការស្លាប់​នឹងត្រូវ​មាន​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​បន្ថែមទៀត​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ [​អគ្គិភ័យ​] ​និង​អនុក្រឹត្យ​ចំនួន​ ២ [​អនុក្រឹត្យ​លេខ​ ១៣១ និង​លេខ​ ៨៧] ​។

លោក​ថ្លែងថា​៖ «​ការដុត​សំរាម ស្មៅ​​ឬ ព្រៃរបោះ​ក្នុង​ចម្ការ នា​រដូវរំហើយ​នេះ អាច​នឹង​បង្ក​ទៅជា​គ្រោះ​អគ្គិភ័យ ដូច្នេះ​គប្បី​ត្រូវ​ជីក​កប់​ទៅក្នុង​ដី​ជា​ការល្អ​។ ប៉ុន្តែ​ចំពោះ​កាកសំណល់​ប្លាស្ទិក គួរតែ​ប្រមូល​ច្រក​ ឬ​វេចខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ និង​បញ្ជូន​ទៅ​ឲ្យ​ភ្នាក់ងារ​ប្រមូល​សំរាម​យកទៅ​ដុត​កម្ទេចចោល​នៅក្នុង​ឡ តាម​លក្ខណៈ​បច្ចេកទេស​»​។

កាលពី​ឆ្នាំ​ ២០១៦ ករណី​កាប់ និង​ដុត​រាន​ដីព្រៃ​បាន​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ស្ទើរ​គ្រប់កន្លែង​ទូទាំង​ប្រទេស​កម្ពុជា​។ ព្រៃ​លិច​ទឹក និង​ព្រៃ​ការពារ​រាប់ម៉ឺន​ហិកតា​ដែល​ស្ថិតនៅ​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​បាន​រង​ការឆេះ​ខូចខាត​ដោយ​ករណី​ភ្លើង​ឆេះព្រៃ​នាពេល​នោះ​។

ក៏ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមទាំង​ក្រសួងបរិស្ថាន បាន​ចេញ​សារាចរ​ណែនាំ​រួមគ្នា​មួយ​ស្ដីពី​ «​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​ការពារធម្មជាតិ និង​របៀង​ច្រក​អភិរក្ស​ជីវចម្រុះ​» ដោយ​បាន​ជំរុញ​ដល់​គ្រប់​អង្គភាព​ជំនាញ​​ និង​ផ្នែក​ពាក់ព័ន្ធ​រួមទាំង​ពលរដ្ឋ​ក្នុង​សហគមន៍​ចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។

សារាចរ​នោះ​បាន​ហាម​ប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ ដើម្បី​ប្រមូលផល​អនុផល​ព្រៃឈើ​,​ការដុត​ព្រៃ​ស្ទាក់ចាប់​សត្វ និង​ការដុត​វាលស្មៅ​។ ក្រៅពីនេះ​ត្រូវ​ពង្រឹង​ការទប់ស្កាត់ ការកាប់​ឆ្ការ​ទន្ទ្រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ក្នុង​គោលបំណង​ផ្សេង​ទៀត​ដែល​ជា​សកម្មភាព​ល្មើសច្បាប់ និង​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃលិច​ទឹក និង​ឆេះ​រាលដាល​ដល់​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ ស្នាក់ការ ស្នាក់ការរង និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា​នៅក្នុង និង​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​ជាដើម​៕

វីដេអូ៖