កំពង់ស្ពឺៈ មន្ត្រី​ជំនាញ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការផ្ទុះ​ឡើង​នូវ​ជំងឺគ្រុនឈាម ខណៈ​ដែល​កុមារ​ចំនួន​ ៧ ​នាក់ ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​មួយ ស្ថិត​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​បាន​កើត​ជំងឺគ្រុនឈាម​កម្រិត​ស្រាល​ ប៉ុន្តែ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​អស់​ហើយ​ក្តី​។

លោក អោ វណ្ណថេន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​មណ្ឌល​កុមារកំព្រា​មួយ​ក្នុង​ឃុំ​ត្រែងត្រយឹង​មាន​កុមារកំព្រា​ស្នាក់​នៅ​រួម​គ្នា​ចំនួន ៧៥ នាក់​ដែល​មាន​អាយុ​ក្រោម ១០ ​ឆ្នាំ​ភាគច្រើន​ជា​កុមារ​ត្រូវបាន​ឪពុកម្ដាយ​បោះបង់ចោល ដោយសារ​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់ គឺ​នៅក្នុង​ខែមិថុនា​នេះ​មាន​កុមារ ៧ ​នាក់​បាន​ឆ្លង​ជំងឺ​គ្រុនឈាម​។

លោក​លើកឡើង​ថា នេះ​គឺជា​ការឆ្លង​ផ្តុំគ្នា​ច្រើន​ដែល​ធ្វើឱ្យ​មាន​ការព្រួយបារម្ភ​អំពី​ការផ្ទុះ​ឡើង​នៃ​ជំងឺគ្រុនឈាម​។ លោក​បន្តថា មូលហេតុ​នាំឱ្យ​មានការ​ឆ្លង​លើ​កុមារ​ទាំងនេះ​ដោយសារ​មណ្ឌល​ស្ថិត​នៅ​ក្បែរ​ព្រៃ និង​ពុំ​បាន​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ដូចជា​កំប៉ុង ឬ​ដប​ជាដើម ដែល​ជា​ហេតុ​ធ្វើឱ្យ​ដក់​ទឹក​នៅក្នុង​របស់​ទាំងនោះ​នា​រដូវវស្សា​នេះ ដែល​ធ្វើឱ្យ​ដង្កូវទឹក​ពង​បង្កើត​ទៅ​ជា​មូសខ្លា​។

លោក​ថា​៖ «​នៅក្នុង​ខេត្ត​កំពង់ស្ពឺ វា​ជា​ករណី​ឆ្លង​រប៉េះរប៉ោះ​ដែរ គឺ​ភូមិ​ខ្លះ​មាន​ត្រឹម​ ១ ​ទៅ​ ២ ​ករណី​អី​ទេ​នៅ​តាម​បណ្ដា​ស្រុក​ ប៉ុន្តែ​វា​មិនបាន​កើតឡើង ផ្តុំ​ច្រើន​ដូច​នៅក្នុង​ភូមិ​ហ្នឹង​ទេ ហើយ​នៅពេល​វា​កើត​ច្រើន វា​ធ្វើឱ្យ​យើង​បារម្ភ​ និង​ត្រូវមាន​វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ (​ការផ្ទុះ​ឡើង​)​។ ឥឡូវនេះ​ (​ថ្ងៃ​ ២៥ ​មិថុនា​) ​យើង​ឱ្យ​ក្រុម​ការងារ​ចុះ​ទៅ​បាញ់ថ្នាំ​នៅ​បរិវេណ​មណ្ឌល​ហ្នឹង​និង​នៅក្នុង​ភូមិ​»​។

លោក​ លាង ឫទ្ធា ប្រធាន​កម្មវិធី​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ដំបូង​ឡើយ​មន្ត្រី​សុខាភិបាល​នៅ​ខេត្តកំពង់ស្ពឺ​បាន​រាយការណ៍​ថា ករណី​ឆ្លង​ជំងឺគ្រុនឈាម​ទៅលើ​កុមារ​នៅក្នុង​មណ្ឌលកុមារ​កំព្រា គឺជា​ករណី​ផ្ទុះ​ឡើង​ជំងឺគ្រុនឈាម ប៉ុន្តែ​បន្ទាប់ពី​លោក​បាន​ចុះ​ទៅ​មើល​ផ្ទាល់ គឺ​ឃើញ​ថា គ្រាន់តែ​ជា​ករណី​កើតឡើង​រាយប៉ាយ​ប៉ុណ្ណោះ​។ «​ដោយសារ​ឆ្នាំមុន យើង​បាន​ធ្វើ​សកម្មភាព​បាន​ល្អ ហើយ​ធ្វើឱ្យ​ប្រជាជន​មាន​ការយល់ដឹង និង​មាន​ការចូលរួម​។ នៅក្នុង​រយៈពេល ២៤ ​សប្ដាហ៍​នេះ​មាន​ករណី​គ្រុនឈាម​តែ ២ ៩០៧ ករណី​ទេ អ៊ីចឹង​មាន​តិចជាង​ឆ្នាំមុន ៨៦% (​ប្រៀបធៀប​ពេល​ដូចគ្នា​)»​។

លោក​បន្តថា ​នៅ​ទូទាំង​ប្រទេស​គឺ​មិនទាន់​មាន​ខេត្ត​ណាមួយ​ផ្ទុះឡើង​ជំងឺ​នេះ​ធ្វើឱ្យ​មាន​ការព្រួយបារម្ភ​ខ្លាំង​នៅឡើយ​ទេ​។ កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​មាន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​ចំនួន​ ៤៨ ​នាក់​ ក្នុងចំណោម​អ្នកជំងឺ​គ្រុនឈាម​ចំនួន ៦៨ ៥៩៧ ករណី​ ដែល​ជា​ចំនួន​កើនឡើង​ប្រហែល​ ៣ ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨​។

លោក ឫទ្ធា បញ្ជាក់​ទៀត​ថា​នៅក្នុង​ឆ្នាំ​ ២០២០ នេះ ក្រសួង​សុខាភិបាល​បាន​ត្រៀម​ថ្នាំ​អាបែត​ជាង ២៥០ តោន ​ថ្នាំ​បាញ់​មូស​ជាង ៦ ​ពាន់​លីត្រ និង​ថ្នាំ​សេរ៉ូម​ជិត ១០ ​ម៉ឺន​កំប្លោក ​ដែល​អាច​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុង​ឆ្នាំ​នេះ​ដើម្បី​ទប់ស្កាត់​ការផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុនឈាម​៕