មណ្ឌលគិរីៈ អាជ្ញាធរ​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី កំពុង​បារម្ភ​ពី​សុវត្ថិភាព​របស់​សត្វ​ដំរីព្រៃ​មួយ​ហ្វូង បន្ទាប់​ពី​ពួកវា បាន​ចេញ​ពី​ព្រៃ​មក​លុក​លុយ​និង​ស៊ី​ដំណាំ​របស់​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ភូមិ​អូរអាម ឃុំ​ស្រែ​ខ្ទុម ជា​បន្ត​បន្ទាប់ ដែល​គិត​មក​ទល់​ថ្ងៃ​ទី ២៨ ខែ​មីនា​ម្សិលមិញ​នេះ មាន​រយៈពេល​ជាង​មួយ​សប្ដាហ៍​កន្លង​មក​ហើយ។

លោក នួន សារ៉ន អភិបាលស្រុក​កែវសីមា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា សត្វ​ដំរីព្រៃ ប្រមាណ​ជាង ១០ ក្បាល បាន​ចេញ​ពី​ព្រៃ​ស្រោង​ចូល​មក​ស៊ី​ដំណាំ​ក្នុង​ចម្ការ​របស់​ពលរដ្ឋ​អស់​ជាច្រើន​ដើម ប៉ុន្តែ​មិន​ទាន់​មាន​ការ​វាយ​ប្រហារ​ណាមួយ​មក​លើ​អ្នក​ភូមិ​ឬ​បង្ក​ការ​ខូចខាត​ដល់​លំនៅឋាន​អ្នក​ភូមិ​នៅ​ឡើយ​ទេ។

លោក សារ៉ន បាន​បញ្ជាក់ថា៖ «ជាង ១០ ថ្ងៃ​មកហើយ ដែល​ហ្វូង​សត្វ​ដំរីព្រៃ​បាន​ចេញ​មក​លុក​លុយ​និង​ស៊ី​ដំណាំ​របស់​ពលរដ្ឋ​យើង​ក្នុង​តំបន់​ខាង​លើ​នេះ ហើយ​នៅ​ក្នុង​រយៈពេល ៣-៤ ថ្ងៃ មក​នេះ មាន​ដំរីព្រៃ ៤ ក្បាល ក្នុង​ចំណោម​ជាង ១០ ក្បាល បាន​ចូល​មក​ក្បែរ​ស្រះទឹក​របស់​យើង​ដែល​មាន​ចម្ងាយ​ប្រមាណ ៥០ ម៉ែត្រ​ពីក្រោយ​អគារ​សាលា​ស្រុក​កែវ សីមា យើង»។

លោក​បាន​បន្ថែមថា៖ «នៅពេលនេះ យើង​កំពុង​បារម្ភ​ខ្លាច​អ្នកភូមិ​លួច​បាញ់​ប្រហារ ឬ​ធ្វើ​អន្ទាក់​ចាប់​ពួកវា​ដោយ​ខុស​ច្បាប់ ព្រោះ​តែ​ខឹង​នឹង​ពួកវា​ចូល​មក​បំផ្លាញ​ដំណាំ​របស់​ពួកគេ»។

ទោះជា​យ៉ាងណា លោក កែវ សុភ័ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រុម​មន្ត្រី​ឧទ្យានុរក្ស​កំពុង​ឃ្លាំ​មើល​អំពី​ដំណើរ​និង​សកម្មភាព​របស់​ហ្វូង​សត្វ​ដំរីព្រៃ​ទាំង​នោះ ព្រម​ទាំង​ចុះ​ណែនាំ​ដល់​ពលរដ្ឋ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​និង​កុំ​បង្ក​វិវាទ​ណាមួយ​ពួកវា​ដែល​អាច​បង្ក​មហន្តរាយ​ដល់​ទ្រព្យ​សម្បត្តិ​និង​អាយុ​ជីវិត​មនុស្ស សត្វ។

លោក សុភ័ក្ត្រ បាន​ថ្លែងថា៖ «ហ្វូង​សត្វ​ដំរីព្រៃ​ទាំងនោះ​មាន​ចន្លោះ​ពី ១០ ទៅ ២០ ក្បាល ហើយ​វា​តែង​បង្ហាញ​ខ្លួន​ក្នុង​តំបន់​នេះ​រៀង​រាល់​ឆ្នាំ ព្រោះ​កន្លង​មក​តំបន់​នេះ​ជាទី​ជម្រក​របស់​ពួកវា។ ដំរី​ជា​សត្វ​ស្លូត បើ​យើង​មិន​វាយ​ប្រហារ​វា​ទេ វា​ក៏​មិន​វាយ​ប្រហារ​លើ​យើង​ដែរ»។

បើតាម លោក សុភ័ក្ត្រ ហ្វូង​សត្វ​ដំរីព្រៃ​ទាំងនោះ​បានបង្ហាញ​ខ្លួន​នៅក្នុង​តំបន់​នោះ តាំង​ពី​ថ្ងៃ​ទី ១៨ ខែ​មីនា​ឆ្នាំ ២០១៩ ដោយសារ​តំបន់​នោះ​នៅ​ជាប់​ព្រៃ​ស្រោង​និង​ដងអូរ ដែល​មាន​ស្មៅ ព្រៃ​ឫស្សី​និងទឹក សម្រាប់​ជា​អាហារ​របស់​វា។

លោក​បាន​បញ្ជាក់ទៀតថា៖ «ការបង្ហាញ​ខ្លួន​របស់​ពួកវា​ពេលនេះ គឺជា​សញ្ញា​ល្អ​និង​ជា​ភ័ស្ដុតាង​មួយ បង្ហាញ​ថា ព្រៃ​ក្នុង​តំបន់​ខេត្ត​មណ្ឌលគិរី​យើង ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​សត្វព្រៃ និង​ជីវចម្រុះ​គ្រប់​ប្រភេទ ពិសេស​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ កែវ​សីមា»។

លោក សុភ័ក្ត្រ បាន​ប្រាប់ទៀតថា តាមការសិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំ ២០១៧ ចំនួន​សត្វ​ដំរីព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី មាន​ចន្លោះ​ពី ៣៧០ ក្បាល​ទៅ ៥០០ ក្បាល​គឺមាន​ការ​កើន​ឡើង ហើយ​ដំរីព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី គឺមាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ គឺ «ដំរី​អាស៊ី»៕