ព្រះវិហារៈ លោក គឹម ចេ​ត្ថា​វី ប្រធាន​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ជាំ​ក្សាន្ត​ដែល​បាន​បើក​រថយន្តទាំង​ស្រវឹង​បុក​សិស្ស​ស្លាប់​៣​នាក់ ហើយ​បាន​រត់​គេច​ខ្លួន​ចេញពី​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃទី​​ ២២​ មិថុនា​នោះ បាន​យល់​ព្រម​ផ្ដល់​សំណង​ចំនួន​ ១ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​គ្រួសារ​សព​ ជា​ថ្នូរ​នឹង​ការ​តម្រូវ​ឱ្យ​គ្រួសារ​ជន​រង​គ្រោះ​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​វិញ។

លោក​ កែវ​ សុខុន​ ឪពុក​របស់​សិស្ស​ឈ្មោះ​កែវ​ ប៊ុន​ជា​ ហៅ ​ណា​រ៉ាត់ ​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាច​រណ៍​នោះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា ​កាល​ពី​ថ្ងៃ​ទី​ ៥ កក្កដា ​លោក ​ជា គឹម​សេង អភិ​បាល​ស្រុក​ជាំក្សាន្ត ​បាន​កោះហៅ​ពួក​លោក​ទាំង​ ៣ ​គ្រួសារ ទៅ​ពិភាក្សា​គ្នា​នៅ​សា​លា​ស្រុក​ជា​មួយ​អ្នក​តំណាង​របស់​លោក ​គឹម ចេ​ត្ថា​វី ប៉ុន្តែ​ជន​នេះ​មិន​បាន​បង្ហាញ​ខ្លួន​ទេ ហើយ​ក្រោយ​មក អភិ​បាល​ស្រុក​ក៏បាន​ជួយ​សម្រុះ​សម្រួល​ឱ្យ​ពួកលោក​ព្រម​ទទួល​យក​សំណង​ ១ ​ម៉ឺន​ដុល្លារ​សម្រាប់​មួយ​គ្រួសារ​ ប៉ុន្តែ​មុន​ទទួល​បាន​ប្រាក់​ពី​ជន​បង្ក​គឺ​ពួក​លោក​ត្រូ​វតែ​ទៅ​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​សិន។

លោក​ថា៖​ «បែប​អភិ​បាល​ស្រុក​គាត់​ខ​ល​ទៅ​សួរ​តុលា​ការ​មិន​ដឹង​ តើ​ធ្វើ​អ៊ីចឹង​កើត​អត់​ ប្រគល់​លុយ​ហើយ​ដក​ពាក្យ​បណ្ដឹង​វិញ​រួច​ហើយ ត្រូវ​ហើយ​ បាន​ហៅ​ឱ្យ​ខ្ញុំ​ទៅ (ដក​ពាក្យ​បណ្ដឹង) នៅ​តុលា​ការ។ ទៅ​ដល់​តុលា​ការ​ម៉ោង​ ២​ ហើយក៏​ផ្ដិត​មេ​ដៃ​ព្រម​ព្រៀង​គ្នា​ជា​មួយ​អ្នក​តំ​ណាង​ដើម្បី​ដក​ពាក្យ​បណ្ដឹង​នោះ​មក​វិញ»។

ការ​ព្រម​ព្រៀង​គ្នា​នេះ​បាន​កើត​ឡើង​ក្រោយ​ ២ ​ថ្ងៃ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ដល់​តុលា​ការ​កាល​ពី​ថ្ងៃ​ទី​ ៣ ​កក្កដា ដែល​ក្នុង​ពាក្យ​បណ្ដឹង​នោះ​លោក​កែវ​ សុខុន​បាន​ទាម​ទារ​សំណង​ចំនួន​ ៤ ​ម៉ឺន​ដុល្លារ​ ខណៈ​ ២ ​គ្រួសារ​ទៀត ​បាន​ទាម​ទារ​តែ ២ ​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង ​១ ​គ្រួសារ។

លោក​ កែវ សុខុម បាន​អះ​អាង​ថា មូល​ហេតុ​លោក​ព្រម​ទទួល​យក​សំណង​តែ​ ១ ​ម៉ឺន​ដុល្លារ​នេះ ​ដោយ​សារ​លោក​មិន​ចង់​បន្ត​រឿង​ឱ្យ​វែង​ឆ្ងាយ​ថែម​ទៀត ព្រោះ​កូន​របស់​លោក​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ទាំង​ឪពុក​ម្ដាយ​និង​នគរ​បាល​ចរាច​រណ៍​ស្រុក​ជាំ​ក្សាន្ត​បាន​អះ​អាងស្រដៀង​គ្នា​ថា​ មុន​ពេល​បើក​រថយន្ត​បុក​ក្មេង​ប្រុស​ជា​សិស្ស​សាលា​​ ៣ នា​ក់​ស្លាប់​នោះ គឺ​លោក គឹម ចេ​ត្ថា​វី បាន​បើក​រថយន្ត Ford Ranger ស្លាក​លេខ 2AY 9595 ក្នុងពេល​កំពុង​ស្រវឹង​ដើម្បី​មក​ច្រៀង​នៅ​ហាង​ខេ​រ៉ា​អូ​ខេ​ឈ្មោះ វីឡា​ផ្កាយ​មាស ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ​៦៩B ក្នុង​ភូមិ​ស្រ​អែម​ខាង​ត្បូង ឃុំ​កន្ទួត ​ស្រុក​ជាំក្សាន្ត។

លុះ​ដល់​ចំណុច​ត្រូវ​បត់​ឆ្លង​ផ្លូវ​ចូល​ទៅ​ហាង​ខារ៉ា​អូខេ ជន​នេះមិន​បាន​បើក​ភ្លើង​ស៊ីញ៉ូ​សុំ​ឆ្លង​ផ្លូវ​ឡើយ ​គឺ​​បត់​យកតែ​ម្តង​ ទើបបុក​ម៉ូតូ​ដែល​ជិះ​ដោយ​យុវ​សិស្ស​ទាំង​ ៣​ នាក់​ក្នុង​ទិស​ដៅ​បញ្ច្រា​ស​គ្នានិង​ស្ថិតនៅ​ចំណុច​ផ្លូវ​អាទិភាព​របស់​ខាង​ភាគី​ម៉ូតូ។

ជន​រង​គ្រោះ​ស្លាប់​ទាំង​ ៣ នាក់​ គឺជា​សិស្ស​អនុ​វិទ្យា​ល័យ​ជាំ​ក្សាន្ត មាន​ឈ្មោះ ​កែវ ប៊ុន​ជា អាយុ ១៦ ឆ្នាំ ឈ្មោះ​​ប៊ុន​លី កាណៈ ​អាយុ​ ១៥​ ឆ្នាំ និង​ឈ្មោះ​ ចំរើន ណា​រ៉ុង អាយុ​ ១៧ ​ឆ្នាំ។​

លោក​កែវ​ សុវណ្ណា​រ៉ា​ ឪពុក​ជន​រង​គ្រោះ​ម្នាក់​ទៀត​បាន​លើក​ឡើង​ដែរ​ថា កិច្ច​ពិភាក្សា​គ្នានោះ ​ខាង​ភាគី​បង្ក​មិន​ចង់​ផ្ដល់​សំណង​ចំនួន​ ១ ​ម៉ឺន​ដុល្លារក្នុង​គ្រួសារ​សព​ឡើយ។ ប៉ុន្តែ​ដោយ​សារ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​សម្រុះ​សម្រួល​ពី​អភិ​បាល​ស្រុក ​ទើប​គេ​ព្រម។

លោក​ថា​៖ «តុលា​ការ​គេ​អត់ថា​អី​ទេ ​អាហ្នឹង​គេ​ថា ​តាម​សំណូម​ពរ​របស់​យើង ហើយ​ខ្ញុំ​ក៏​អត់​ដឹង​ថា តើ​តុលា​ការបន្ត​នីតិ​វិធី​ទៀត​ឬក៏​អត់?»។

លោក​ជា គឹម​សេង​ អភិបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ម្សិលមិ​ញ​ថា លោក​ពិតជា​បាន​កោះ​ហៅ​គ្រួសារ​ជន​រង​គ្រោះ​ទាំង​ ៣ នា​ក់​ទៅសម្រុះ​សម្រួល​មែន ប៉ុន្តែ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​អភិ​បាល​ខេត្ត​ប៉ុណ្ណោះ ហើយ​ការ​ហៅ​មក​សម្រុះ​សម្រួល​នេះគឺគ្រាន់​តែ​ដើម្បី​ស្ដាប់​យោបល់​ប៉ុណ្ណោះ។

លោក​ថា៖ ​«ពួក​គាត់​ទាំង​៣​ហ្នឹង មាន​ចំណាប់​អារ​ម្មណ៍​ម្យ៉ាងថា ​គាត់​ក៏​ចង់​ឱ្យ​បញ្ច​ប់រឿង​ហ្នឹង ​ហើយ​អ៊ីចឹង​គាត់​នាំគ្នា​ទៅ​តុលា​ការ​ទៅ ហើយ​ខ្ញុំ​ថាបើ​បញ្ចប់​រឿង​ទៅ​តុលា​ការ​ទៅ ព្រោះ​ខ្ញុំ​មិនមែន​ជា​មន្ត្រី​យុត្តិធម៌​ទេ»។

ប៉ុន្តែ​លោក​ ប្រាក់ សុវណ្ណ អភិបា​លខេត្ត​ព្រះវិហារ​បាន​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ណែនាំឱ្យ​អភិ​បា​លស្រុក​សម្រុះស​ម្រួល​ករណីនេះ​​នៅ​ឡើយ​ទេ ហើយ​​ក៏​ពុំ​ដឹង​ថា ភាគី​ទាំង ២ បាន​ព្រមព្រៀង​ផ្ដល់​ប្រាក់​សំណ​ង​ដើម្បី​ដក​ពាក្យ​បណ្ដឹង​វិញ​ដែរ។

លោក​ថា៖ «​រឿង​ហ្នឹង​ចូល​ដល់​ដៃ​ព្រះ​រាជ​អាជ្ញា​ហើយ អ៊ីចឹង​ខ្ញុំ​ក្ដាប់​អត់​ទាន់​បា​នទេ ចាំមើ​ល​សួរនាំ​គេ​ទៀត»។

ភ្នំពេញ​ប៉ុស្ដិ៍​ មិន​អាច​សុំ​ការបំភ្លឺ​ពី​លោកស្រី ជុំ ក​ន្និ​យ៉ា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​បា​ន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​សារ​មិន​​មាន​អ្នក​ទទួល​ទូរស័ព្ទ។

លោក ស៊ឹង សែន​ករុណា មន្ត្រី​នាំពាក្យ​សមា​គម​អាដហុក​បាន​លើក​ឡើង​ថា ​ករណី​ប្រព្រឹ​ត្ត​បទ​ល្មើស​ធ្ងន់​​រហូត​ធ្វើឱ្យ​អ្នក​ដទៃ​ស្លាប់​គឺ​អាជ្ញា​ធរ​បាន​ត្រឹម​ជួយ​សម្រុះ​សម្រួល​លើ​សំណង​រដ្ឋប្ប​វេណី​ប៉ុណ្ណោះ​ ប៉ុន្តែ​ជន​ល្មើស​នៅតែ​ប្រ​​ឈម​នឹង​បណ្ដឹង​អាជ្ញា​ដដែ​ល ថ្វីបើដើម​បណ្ដឹង​ដក​ពាក្យ​បណ្ដឹង​វិញ​ក្ដី។

លោក​ថា៖ ​«គឺ​នៅតែ​បន្ត​ចាត់​វិធា​នការ​ច្បាប់​ដដែល​ បើ​មិន​អ៊ី​ចឹង​ទេ ​ច្បាប់​អត់​អាចអ​នុវ​ត្ត​បាន​លើ​អ្នក​​មាន​លុយ​ឬ​ឥទ្ធិ​ពល​នោះ​ទេ អ៊ី​ចឹង​ធ្វើឱ្យ​ច្បាប់​មាន​កម្សោយ​ទៅ​លើ​អ្នក​ផ្សេង​ទៀត ដែល​ប្រព្រឹត្ត​បទ​ល្មើស​ដូចគ្នា​អ៊ីចឹង»៕