កំពង់ចាមៈ មន្រ្តីនគរបាលខេត្តកំពង់ចាម ពីរនាក់ ត្រូវបានព្យួរពីការងារ បន្ទាប់ពីការថតរូប ដែលក្រោយមកត្រូវបានឃើញនៅលើហ្វេសប៊ុក ក្នុងចំណោមមន្រ្តីនគរបាលបីនាក់ ដែលបានដេកក្នុងអំឡុងពិធីអបអរខួបទី ១១ នៃទិវាអតីតយុវជនកម្ពុជាប្រចាំឆ្នាំ នៅសាលកោះពេជ្រ កាលពីថ្ងៃចន្ទ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ការដាក់ទោសទណ្ឌនេះ បានកើតមានឡើង បន្ទាប់ពីរូបថតរបស់ពួកគេ ត្រូវបានបង្ហោះនិងចែកចាយពេញហ្វេសប៊ុក និងមានការរិះគន់ជាច្រើនពីសាធារណៈជន។
លោក ខេង ស្រេង អធិការស្រុកចម្ការលើ បានថ្លែងថា កាលពីព្រឹកថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីដទៃៗទៀត បានមកដល់វេលាម៉ោង ៦ ព្រឹក។ វាជាការជួនពេលដែលលោកបានឃើញមិត្តភក្តិចាស់កំពុងដេក ហើយបានថតរូប។ ទោះយ៉ាងណាក្តី រូបទាំងនេះ ត្រូវបានថតមុនពេលលោកនាយករដ្ឋមន្រ្តីអញ្ជើញមកដល់កន្លែងកម្មវិធី។
លោកបានថ្លែងបន្តថា៖ «នៅពេលខ្ញុំក្រឡេកឃើញពួកគេដេក ខ្ញុំបានថតរូប និងផ្ញើរូបនោះទៅមិត្តភក្តិតាម WhatsApp ... ហើយគាត់ បានចែកចាយទៅក្រុមការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត។ ខ្ញុំស្រឡាញ់មិត្តភក្តិរបស់ខ្ញុំខ្លាំងណាស់ ហើយបានថតរូបពួកគេដើម្បីលេងសើច... ខ្ញុំមិនដឹងថា នរណាចែកចាយរូបនេះនៅលើហ្វេសប៊ុកទេ»។
លោកបានថ្លែងថា វាអចេតនាទេ ដែលរូបថតនេះត្រូវបានចែកចាយទៅក្នុងហ្វេសប៊ុក ហើយបានថ្លែងថា លោកបានទទួលយកការព្យួរនេះ ប៉ុន្តែនឹងសោកស្តាយប្រសិនបើលោកនឹងត្រូវបណ្តេញចេញពីការងារនៅពេលក្រោយដោយសារករណីនេះ។
លោកបានថ្លែងបន្តថា៖ «ខ្ញុំមិនទាន់ដឹងនៅឡើយទេថាតើមេអនុញ្ញាតឲ្យខ្ញុំទៅវិញឬអត់... ខ្ញុំមិនទាន់ដឹងថា តើនៅពេលបន្ទាប់ នឹងមានការដាក់ទោសទណ្ឌប្រភេទអ្វីនោះទេ។ ប្រសិនបើពួកគេដាក់ទោសទណ្ឌរដ្ឋបាលចំពោះខ្ញុំ នោះមិនអីទេ ប៉ុន្តែប្រសិនបើពួកគេ ដាក់ទោសទណ្ឌខ្ញុំ ដោយបណ្តេញខ្ញុំចេញ ខ្ញុំនឹងសោកស្តាយអស់មួយជីវិត ដោយសារខ្ញុំបានធ្វើការអស់ប្រហែល ៣១ ឆ្នាំព្យាយាមជួយប្រជាពលរដ្ឋ»។
លោកបញ្ជាក់ថា៖«ខ្ញុំសូមបំភ្លឺថា មន្រ្តី ៥ នាក់កំពុងទទួលទោសទណ្ឌនេះ មន្រ្តីបីនាក់ដែលត្រូវបានថតរូបកំពុងដេក ខ្ញុំផ្ទាល់ ដែលថតរូប និងម្នាក់ទៀត ដែលចែកចាយរូបទៅប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះ ៥ នាក់ ហើយឥឡូវនេះ យើងកំពុងទទួលទោសទណ្ឌពីស្នងការនគរបាលខេត្ត»។
បើតាមលិខិតណែនាំរបស់ស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល ចុះថ្ងៃទី៥ ខែមិថុនា វរសេនីយត្រី ជីវ សេងរស់ អនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ត្រូវទទួលតួនាទីជាប្រធានស្តីទី នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ជំនួសវរសេនីយឯក អ៊ឹម ស៊ាងឌី ដែលកំពុងទទួលរងការព្យួរការងារ ចំពោះការចែកចាយរូបនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅក្នុងលិខិតណែនាំដោយឡែកមួយទៀត ដែលចុះហត្ថលេខាដោយលោក កុសល បានឲ្យដឹងថា វរសេនីយត្រី យូ ភិរុន អធិការរងស្រុកចម្ការលើ ដែលទទួលបន្ទុកកិច្ចការយុត្តិធម៌ ឲ្យទទួលតួនាទីជាអធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកចម្ការលើជំនួស វរសេនីយ ឯក ខេងស្រេង ដែលកំពុងទទួលទោសទណ្ឌចំពោះការថតរូបនេះ។
មន្រ្តីនគរបាលម្នាក់ទៀត ដែលចែករំលែកព័ត៌មាននៅលើ WhatsApp ទៅក្រុមការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ មិនបានទទួលការដាក់ទោសទណ្ឌចំពោះករណីនេះទេ។
មន្រ្តីនគរបាល ក៏បានបដិសេធមិនបង្ហាញ ថាតើមន្រ្តីទាំងពីរនោះ នឹងត្រូវព្យួរការងារយូរប៉ុណ្ណានោះដែរ។
ការដកបញ្ឈរជើងអ្នកថតមន្ត្រីប៉ូលិសដេកនេះ បានធ្វើឲ្យមានការរិះគន់ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកលេងហ្វេសប៊ុក បានចំអកថា អ្នកដេកនៅក្នុងអំឡុងពិធីរួចខ្លួន ហើយបែជាមកដកបញ្ឈរជើងអ្នកដែលថតរូបទៅវិញ។
អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Vann Saray បានសរសេរបង្ហោះថា អ្នកដេករួចខ្លួនដកអ្នកថត និងបង្ហោះ។ អ្នកលេងហ្វេសប៊ុករូបនេះ បានចោទសួរថា៖«អ៊ីចឹងមានន័យថា លើកទឹកចិត្តអ្នកដេកឲ្យដេកបន្ត ហើយជាការសម្លាប់ជនរាយការណ៍ រាយការណ៍រឿងល្អបាន អាក្រក់កុំរាយការណ៍មែន?»៕ PS