ព្រៃវែងៈមនុស្សចំនួន ៥ នាក់ ក្នុងនោះមាន ២ នាក់គឺជាមន្ត្រីប៉ូលិសដែលបានបាញ់សម្លាប់លោក យ៉ន រ៉ាវុធ និង ៣ នាក់ទៀតដែលជាអ្នកផ្ដល់ដំណឹងមិនពិតមកប៉ូលិស នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នៅព្រឹកថ្ងៃពុធនេះ។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រោយពីមន្ត្រីប៉ូលិសឈ្មោះ ជឹម រតនៈ មានតួនាទី ជាអធិការរងស្រុកព្រះស្ដេច ដែលជាមន្ត្រីម្នាក់ ក្នុងចំណោមមន្ត្រីប៉ូលិសទាំង ២ នាក់ ដែលបានបាញ់សម្លាប់លោក យ៉ន រ៉ាវុធ បានព្រមប្រគល់ខ្លួនឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចាត់វិធានការតាមផ្លូវច្បាប់កាលពីថ្ងៃម្សិលមិញមក គឺលោកនឹងសម្រេចបញ្ជូនមនុស្ស ៥ នាក់ក្នុងចំណោមមនុស្សទាំង ៧ នាក់ដែលសមត្ថកិច្ចបានសាកសួរពីករណីឃាតកម្មលើលោក យ៉ន រ៉ាវុធ ទៅតុលាការនៅថ្ងៃនេះ ពីបទផ្ទុះអាវុធបណ្ដាលឱ្យស្លាប់មនុស្ស ដើម្បីឱ្យតុលាការដោះស្រាយតាមនីតិវិធី។
លោកបញ្ជាក់ថា៖ «នីតិវិធី គឺខ្ញុំនឹងប្ដឹងទៅតុលាការ ពីបទផ្ទុះអាវុធបណ្ដាលឱ្យស្លាប់មនុស្ស។ អ្នកខ្លះយើងគ្រាន់តែសាកសួរ ប៉ុន្តែស្អែកនេះបញ្ជូនទៅតុលាការគឺ ៥ នាក់ អ្នកបាញ់ ២ នាក់គឺយើងយកបានហើយនឹង ៣ នាក់ ជាអ្នកប្ដឹងដំណឹងមិនពិតមកនគរបាលក៏ត្រូវបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមច្បាប់»។
បើតាមរបាយការណ៍របស់មន្ត្រីនគរបាលខេត្តព្រៃវែងបញ្ជាក់ថា ក្រៅពីប៉ូលិសឈ្មោះ ជឹម រតនៈ ព្រមប្រគល់ខ្លួនគឺក្នុងនោះ មានអ្នកពាក់ព័ន្ធចំនួន ៦ នាក់ទៀត ដែលត្រូវឃាត់ខ្លួន យកមកសាកសួរ មានដូចជាឈ្មោះជា ឡាឌីន ឋានៈជាអនុសេនីយ៍ឯក និងជានាយនគរបាលប៉ុស្ដិ៍កំពង់សឹង ស្រុកព្រះស្ដេច ដែលជាអ្នកដឹកនាំកម្លាំងប្រព្រឹត្តបទល្មើសដោយផ្ទាល់ ឈ្មោះ ជឹម វិន ឋានៈជាអនុសេនីយ៍ទោ និងជាមន្ត្រីនគរបាលប៉ុស្តិ៍កំពង់សឹង ហើយជាក្មួយរបស់ឧកញ៉ាជឹម សុខឈ្មោះ វ៉ែន ប៊ុនសារ៉ាក់ អ្នករួមដំណើរ ក្នុងប្រតិបត្តិការប្រព្រឹត្តបទល្មើស។
ក្រៅពីនេះឈ្មោះ សេង ឈិន ជាអ្នកប្ដឹងចោទជនរងគ្រោះជាចោរ និងមិត្តភក្ដិរបស់ជននេះ២នាក់ទៀត គឺឈ្មោះ ផាន់ សុឌី ដែលស្គាល់ថា អ្នកយកឡានជនរងគ្រោះទើបទិញទៅជួលឱ្យចិន និងឈ្មោះ ឈុន ឡាយ ក៏ត្រូវអាជ្ញាធរចោទពីបទផ្ដល់សក្ខីកម្មមិនពិតនាំឱ្យផ្ទុះអាវុធរហូតស្លាប់ជនរងគ្រោះ។
លោក នេត សាវឿន មិនទាន់អាចបញ្ជាក់ឈ្មោះមន្ត្រីប៉ូលិសម្នាក់ ដែលជាអ្នកបាញ់សម្លាប់លោក យ៉ន រ៉ាវុធ នៅឡើយទេ។
កាលពីព្រឹកម្សិលមិញ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីខេត្ត ទៅគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខ នៅក្នុងពិធីបុណ្យសពលោក យ៉ន រ៉ាវុធ ដែលក្រុមគ្រួសារបានប្រារព្ធធ្វើឡើង នៅស្រុកកំណើតស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ។
លោក យ៉ន រ៉ាវុធ អាយុ ៣២ ឆ្នាំ ជាអ្នកម៉ៅការសំណង់ និងមានលំនៅបច្ចុប្បន្ន ស្ថិតក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ចេញពីភ្នំពេញ ទៅកាន់ខេត្តព្រៃវែង ប៉ុន្តែត្រូវបានក្រុមប៉ូលិសនៅស្រុកព្រះស្ដេចសហការគ្នាជាមួយកងរាជអាវុធហត្ថខេត្តដែលទទួលបណ្ដឹងថា លោក យ៉ន រ៉ាវុធ ជាចោរលួចឡាន បានចេញប្រតិបត្តិការដេញតាមនិងស្ទាក់បាននៅឃុំ រក្សជ័យ ស្រុកបាភ្នំ ហើយមន្ត្រីប៉ូលិសឈ្មោះ ជឹម រតនៈ ជាអ្នកបាញ់ប្រហារអស់ជាច្រើនគ្រាប់ បណ្ដាលឱ្យលោក យ៉ន រ៉ាវុធ ស្លាប់ និងអ្នកអមដំណើរជាមួយលោកម្នាក់ទៀតឈ្មោះ វ៉ាន ខេមរិន រងរបួស។
ក្រោយពីមានករណីបាញ់មនុស្សច្រឡំដែលបណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់បើទោះបីជាជនរងគ្រោះ គ្មានអាវុធនៅក្នុងដៃក្តី បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង និងអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានចេញមុខសម្តែងការសោកស្ដាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះជាបន្តបន្ទាប់គ្នា ហើយបានចេញបញ្ជាឱ្យតាមចាប់ខ្លួនមន្ត្រីនគរបាលដែលពាក់ព័ន្ធករណីឃាតកម្មនេះយកមកផ្ដន្ទាទោស និងបានណែនាំឱ្យមន្ត្រីកងកម្លាំងដទៃទៀត មិនត្រូវធ្វើឱ្យករណីបែបនេះកើតឡើងទៀតឡើយ៕