កំពង់ចាមៈ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន​ បាន​ព្រមាន​ដក​មេ​បញ្ជា​​កា​រ​​​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​ លោក​ សាន្ត ប៊ុន​ថា​ន ចេញ​ពី​តំណែង​កូន​​ប្រុស​របស់​មេបញ្ជាការ​រូបនេះ​ឈ្មោះ​​ សាន្ត សុខុម ដែល​ក៏​​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែរ​នោះ​ បាន​ចូល​បង្ហាញ​ខ្លួន​ដល់​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ប្រើ​ហិង្សា​ និង​ដក​កាំភ្លើង​ភ្ជង់​គំរាម​យុវជន ២ នាក់​កាល​ពី​ថ្ងៃ​ទី ១៨ ខែ ​មីនា។

លោក​ សាន្ត សុខុម ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​​ប្រើ​ហិង្សា​និង​យក​កាំភ្លើង​ភ្ជង់​គំរាម​យុវជន ​២ ​នាក់ ​នៅ​ទី​រួម​ខេត្តកំពង់​ចាម ​កាលពី​ថ្ងៃទី​ ១៨​ មីនា បាន​​ចូល​បង្ហាញ​​ខ្លួន​នៅ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់​ចាម​កាលពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃ​ម្សិលមិញ​ ហើយ​ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថប​ញ្ជូ​ន​បន្ត​ភ្លាម​ៗ​​ទៅ​កាន់​តុលាការ​។ នេះ​បើតាម​លោក ហួត វុទ្ធី ព្រះរាជ​អាជ្ញា​ ​តុលាការ​ខេត្ត​កំពង់ចាម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ ។

លោក​ថ្លែង​ថា ក្រោយពី​បញ្ចប់​ការសួរ​ចម្លើយ ឈ្មោះ​ សុខុមនឹ​ង​​ត្រូវ​ធ្វើការ​ចោទ​ប្រកាន់​។ លោក​ថា៖ «តាម​នីតិវិធី សួរ​ចម្លើយ​ហើយ យើង​ឃុំ​ខ្លួន​តែម្ដង»។

​លោក ហ៊ុន សែន បាន​ព្រមាន​ដក​តំណែង​លោក ប៊ុន​ថា​ន ប្រសិនបើ​មេ​បញ្ជាការ​កង​រាជអាវុធ​ហត្ថ​រូប​នេះ​មិន​ព្រម​បញ្ចុះ​បញ្ចូល​កូនរបស់​ខ្លួន​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​​តុលាការ និង​ប្រើ​សិទ្ធិអំណាច ​ដើម្បី​ការពារ​ទោស​កំហុ​ស​កូន​ប្រុស​របស់​ខ្លួន។

លោ​កនាយករដ្ឋ​មន្ត្រី​ ​ថ្លែងក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាក​​​​​ល​វិទ្យា​​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​​កាល​ពី​ម្សិលមិញ​ថា៖​ «ប៉ុន្តែ​បើ​ស្រឡាញ់​កូន​ពេក អ្នកនឹង​អស់ស័ក្តិ ខំ្ញុ​អត់​ធ្វើ​អី​ទេ ខ្ញុំ​គ្រាន់តែ​ដក​ស័ក្ដិ បណ្ដេ​ញ​ចោល​តែ​ប៉ុណ្ណឹង។ ខ្ញុំ​ផ្ដាំ​ទៅ​មេ​ប៉េអឹម​ខេត្ត​ក្រចេះ អា​កូន​ហ្នឹង វា​បាន​កាំភ្លើង​មកពីណា តើ​វា​មាន​សិទ្ធិ​កាន់​កាំភ្លើង​ទេ បើ​វា​ជាប់គុក ឱ្យ​វា​ជាប់​គុក​សិន​ទៅ ហើយ​បើ​មានរឿង​សម្រុះសម្រួល​គ្នា​អី ឱ្យ​វា​មក កុំឱ្យ​វា​គេចខ្លួន កុំ​យក​ឋានៈ តួនាទី ទៅ​បិទបាំង​អំពើ​អាក្រក់​របស់​កូន»។

កាលពី​ថ្ងៃទី ២៤ ខែ មីនា ​សា​លា​ដំបូង​ខេត្ត​កំពង់​ចាម លោក ហាក់ ហ៊​ន់ បាន​ចេញ​ដីកា​ឲ្យ​ឈ្មោះ សាន្ត សុខុម មាន​ឋានន្តរស័ក្ដិ វរ​សេនីយ៍​ត្រីឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃទី ២៦ ខែ មីនា​ នេះ ពាក់​ព័ន្ធ​នឹង​ការប្រើ​ហិង្សា និង​គំរាម​ដោយ​អាវុធ លើ​យុវជន​ឈ្មោះ​ វ៉ាន់ ចាន់​ អ​ទិ​ច្ចប​ញ្ញា និង​ យ៉េ ចិន្តា ស្ថិតក្នុង​ទីតាំង​ហ្គេម​អន​ឡាញ​មួយ​ក្នុង​​ក្រុង​កំពង់​​ចា​ម កាល​ពី​ថ្ងៃទី ១៨ មីនា។

ការ​ចេញ​ដីកា​ឱ្យចូល​ខ្លួន​នេះ ធ្វើ​ឡើងបន្ទាប់ពី​យុវជន​ចាន់​អ​ទិ​ច្ចប​ញ្ញា អាយុ ២៥ ឆ្នាំ និង​យុវជន​ យ៉េ ចិន្តា អាយុ ២៨ ឆ្នាំ រស់នៅក្នុង​ក្រុង​កំពង់ចាម ដាក់​ពាក្យ​ប្ដឹងទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ប្ដឹង​ឈ្មោះ សុខុម អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទី ៦ សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​គំរាម​កំហែង​បាញ់​សម្លាប់។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃទី ២៣ ខែ​ មីនា ​រៀបរាប់​ថា​៖ «នៅ​ថ្ងៃទី ១៨ ខែ​ មីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ១១ និង ៤៥ នាទី ពួក​ខ្ញុំ​កំពុង​អង្គុយលេង​ហ្គេម​តាម​អន​ឡាញ នៅក្នុង​ផ្ទះ​ណេ​ត យីហោ ៥០៧ ខាងក្រោយ​សាលា​វាលវង់ ស្ថិត​នៅ​ភូមិ​ទី ៣ សង្កាត់​វាលវង់។ ពេល​កំពុង​លេង​ មាន​អ្នកលេង​ប្រហែល ៥ ទៅ ៦ នាក់ ស្រាប់តែ​ឈ្មោះ សាន្ត សុខុម បាន​ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ៥៧០ ពណ៌​ស ស្លាក​លេខ ខេមរ​ភូមិន្ទ ២ នាក់ តែ​ម្នាក់​ទៀត ​មិន​ស្គាល់​ឈ្មោះ បាន​ឈប់​កន្លែង​ពួក​ខ្ញុំ​លេង​ហ្គេម ហើយ​ចុះ​ពី​រថយន្ត មក​ទាញ​អាវ​ពួក​ខ្ញុំ ឱ្យចូល​ទៅ​ក្នុង​រថយន្ត​ ហើយ​បាន​ដក​កាំភ្លើ​ងខ្លី​ម៉ា​កឡុក​បញ្ចូល​គ្រាប់​មក​ភ្ជង់​ពួក​ខ្ញុំ ពេលនោះ​ពួក​ខ្ញុំបាន​ចុះ​ពីលើ​រថយន្ត​ដើរ​ចូលមក​កន្លែង​ណេ​ត លេង​ហ្គេម​វិញ តែ​ សុខុម បាន​ដើរ​ចូលមក​តាម​ពួក​ខ្ញុំ ហើ​យ​ទះកំផ្លៀង​ពួក​ខ្ញុំ ៤ ដៃ ព្រម​ទាំង​ដក​កាំភ្លើង​ភ្ជង់​ពួក​ខ្ញុំ​ម្ដង​ទៀត»។

រឿង​នេះ លោក ប៊ុន​ថា​ន បាន​​បញ្ជាក់​តាម​សារព័ត៌មាន​ ហ្រ្វេស​ញូ​វ​ថា ករណី​ហិង្សា​នេះ គឺ​ពិតជា​បង្កឡើង​ដោយ​កូនប្រុស​លោក​ឈ្មោះ សុខុម មែន ដែល​វា​ផ្ដើម​ចេញពី​កូន​ប្រុស​​ពៅ​របស់​លោក​ម្នាក់​ទៀត​ឈ្មោះ សាន្ត សុវិជ្ជា។ លោក​​រៀប​រាប់ថា សុវិជ្ជា រួមជា​មួយ​មិត្តភ័ក្ដិ​បាន​លេងល្បែង​ចាញ់​រហូត​យក​ខ្សែក ​និង​ម៉ូតូ​ទៅ​បញ្ចាំ និង​ក្រោយ​ពី​ទទួល​ដំណឹង​នេះ លោក​បានឱ្យ​ សុខុម ទៅរក​ប្អូន​ និង​សួរនាំ​កន្លែង​បញ្ចាំ​ខ្សែក និង​ម៉ូតូ​ដើម្បី​លោះ​មកវិញ។

លោកថា ពេល​ សុខុម ទៅ​ដល់​កន្លែង​លេងល្បែង​នោះ ក៏​ស្រាប់តែ​ជួប​មិត្ត​ភក្ដិ​របស់ សុវិជ្ជា ហើយ​ក៏បាន​សួរ​នាំ​រក​ទីតាំង​បញ្ចាំ ប៉ុន្តែ​ពួកគេ​មិន​ប្រាប់ ទើប​កើតមាន​ជម្លោះ​រហូត​វាយ​ និង​ភ្ជង់​កាំភ្លើង​តែម្ដង។ បើតាម​លោ​ក ប៊ុន​ថាន សុវិជ្ជា ធ្លាប់​យក​រថយន្ត​រប​ស់លោក​ទៅ​បញ្ចាំ​ម្ដង​ហើយ ដោយ​សារ​ងប់​នឹង​ល្បែង​ស៊ីសង​​។ រីឯ​ សុខុម គឺជា​អ្នកមាន​ប្រពន្ធ​រស់​នៅ​ទី​រួម​ខេត្តកំពង់ចាម​ និង​មាន​តួនាទីជា​ប្រធាន​ការិយា​ល័​យ​​បំភ័ន្ត​អក្ខរៈនៃ​ទីបញ្ជាការ​ដ្ឋាន​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ។

ទោះ​យ៉ាង​ណា យុវជន​ឈ្មោះ យ៉េ ចិន្តា ដែល​រង​អំពើហិង្សា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ថា សុខុម បាន​ស្រវឹង ហើយ​​បាន​រករឿង​ពួកគេដោយ​មិនដឹង​ពី​មូល​ហេតុ​​។ យុវជន​រូបនេះ​អះអាងថា រូបគេ​នឹង​យុវជន​ម្នាក់ទៀត​ មិនមែនជា​មិត្តភក្ដិ​ស្និទ្ធ​ស្នាល​របស់​ សុវិជ្ជា ឡើយ គឺ​គ្រាន់តែ​ស្គាល់គ្នា​ធម្មតា ពេល​លេង​ហ្គេម ហើយក៏​មិន​បាន​​បញ្ចុះបញ្ចូល​ឱ្យ សុវិជ្ជា យក​ទ្រព្យ​សម្បត្តិ​ទៅ​បញ្ចាំ​ដែរ។

ចិន្តា​​ បន្ថែម​ថា៖ «ប្រហែលជា​គាត់ (សុខុម) ខឹង​ប្អូន​គាត់ ប៉ុន្តែ​អ្នក​នៅ​ណេ​ត​ហ្នឹង គ្មាន​អ្នកណា​ទៅ​ប៉ះពាល់​ ឬមួយ​ឱ្យ​ប្អូន​គាត់​យក​របស់របរ​​មក​បញ្ចាំ គឺ​អត់​មាន​ទេ​ ប្អូន​គាត់​លេង​ចាញ់​ដោ​យ​ខ្លួនឯង ហើយ​បញ្ចាំ​ដោយ​ខ្លួន​ឯង​ទេ។ និយាយឱ្យចំ​ទៅ ម្នាក់​ហ្នឹង មក​វាយ​គឺ​អាង​សិទ្ធិអំណាច​តែម្តង អត់​មាន​មូលហេតុ ទាស់​ពាក្យសម្ដី​អី​ទេ មក​ឃើញ​យើង​នៅ​ហ្នឹង វ៉ៃ​គេ​តែម្ដង មិន​មែន​វ៉ៃ​តែ​ខ្ញុំ​ម្នាក់ឯង វ៉ៃ​គេ​នៅ​ហ្នឹង​ច្រើន​ណាស់ ២-៣ នាក់»។

អ្នកនាំ​ពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ​ថ្លែង​ថា កង​រាជ​អាវុធមិន​កាន់​ជើង​​មន្ត្រី​ណា​ម្នាក់ ដែល​ធ្វើ​ខុស​នឹង​ច្បាប់​ឡើយ។ ​លោក​ថា វិធានការ​យ៉ាង​ណា ចំពោះ​ឈ្មោះ សុខុម នឹង​ត្រូវ​សម្រេច​តាម​ផ្លូវ​តុលាការ។

លោក​ថា៖ «វិធានការ​គឺ​ខាង​អយ្យការ​ជា​អ្នកធ្វើ យើង​ធ្វើ​បន្ទាប់ពី​អយ្យការ ព្រោះ​រឿងនេះ​គឺ​រឿង​ព្រហ្មទណ្ឌ»។

គេ​កត់សម្គាល់​ឃើញថាចំ​ណាត់ការ​របស់​តុលាការ​ខេត្ត​កំពង់​ចា​ម​នេះ​ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Marak Meach ដែល​គេ​ស្គាល់​ថា ជា​កូន​ប្រុស​របស់​លោក កៅ សុខ​អាន អភិបាលរង​ខេត្ត​កំពង់ចាម បាន​បង្ហោះ​វីដេអូ​មួយ កាលពី​ថ្ងៃទី ២៣ ខែ មីនា ដែល​បង្ហាញ​អំពី​សកម្មភាព​របស់ សុខុម ទះ កំភ្លៀង ឡើង​ជង្គង់ ធា​ក់ និង​លើក​កាំភ្លើង​ភ្ជង់ ទៅ​លើ​យុវជន​ ៣ នាក់ និង​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ជួយ​រក​យុត្តិធម៌​​ពី​លោក សៅ សុខា មេប​ញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស និង​លោក គួច ចំរើន អភិបាល​ខេត្ត​កំពង់ចាម៕