ប៉ៃលិនៈ មន្ត្រី ៩ នាក់ បាននាំគ្នាផ្ដិតមេដៃប្ដឹងទៅកាន់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីសុំដោះដូរប្រធាន និងអនុប្រធានមន្ទីរដែនដីខេត្តប៉ៃលិន ដោយចោទថា ខ្វះសមត្ថភាពដឹកនាំ គ្មានជំនាញសុរិយោដី ប្រកាន់បក្ខពួក និងរើសអើង ក៏ប៉ុន្តែការចោទនេះត្រូវបានប្រធានមន្ទីរបដិសេធ និងថា ករណីនេះក្រសួងមិនបានធ្វើតាមសំណើទេ។
យោងតាមលិខិតរបស់តំណាងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិនចុះថ្ងៃ ៥ កុម្ភៈ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីម្សិលមិញបង្ហាញថា ការស្នើសុំដោះដូរនេះដើម្បីឱ្យមន្ទីរនេះមានថ្នាក់ដឹកនាំថ្មីដែលអាចដឹកនាំការងារបានល្អទទួលបាននូវការឯកភាពផ្ទៃក្នុងបង្កើតឡើងនូវបរិយាកាសថ្មីមួយ គឺស្មារតីសហការសាមគ្គីរួមគ្នាជាធ្លុងមួយក្នុងការអនុវត្តតួនាទីភារកិច្ចដែលរដ្ឋបានប្រគល់ជូន។
លិខិតនោះបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នាមិនពេញចិត្តការដឹកនាំរបស់លោកប្រធានមន្ទីរ សូ សុខុន និងលោកអនុប្រធានមន្ទីរទទួលបន្ទុកសុរិយោដី កែវ សុវត្ថិ ពុំមានសមត្ថភាពដឹកនាំ និងគ្មានជំនាញលើកិច្ចការសុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ និងការសម្រេចចិត្តនានាពុំស្ថិតក្នុងគន្លងនៃរចនាសម្ព័ន្ធនៃការចាត់តាំង និងសេចក្តីសម្រេចជាមួយនឹងការវាយតម្លៃ ចំពោះបុគ្គលទាំង ២ រូបនេះពុំស័ក្ដិសមជាមន្ត្រីដឹកនាំអង្គភាព»។
ក្នុងលិខិតនោះបានចោទលោក សូ សុខុន ថា ពុំមានសមត្ថភាពដឹកនាំមន្ទីរ ហើយការដឹកនាំគឺទៅរកការប្រេះឆាផ្ទៃក្នុងដ៏ជ្រាលជ្រៅ។ ចាត់តាំងការងារដល់មន្ត្រីហើយ តែពុំទទួលមន្ត្រីនោះសម្រាប់បំពេញការងារ ប្រកាន់បក្ខពួក និងរើសអើង បញ្ឈរជើងមន្ត្រីក្របខ័ណ្ឌ មិនឱ្យបំពេញភារកិច្ច ប្រើប្រាស់តែមន្ត្រីកម្មសិក្សា មិនទទួលយកមតិកែលម្អពីមន្ត្រីជាសេនាធិការ ប្រើប្រាស់ថវិការដ្ឋមិនចំគោលដៅ របបបេសកកម្ម បើកផ្តល់ឱ្យតែហាសិបភាគរយ ឃុបឃិតគ្នាចេញបណ្ណខុសប្រក្រតី ដើម្បីតែផលប្រយោជន៍។
ចំណែកលោក កែវ សុវត្ថិ វិញ ទទួលបន្ទុកការងារសុរិយោដី ប៉ុន្តែបែរជាយកអ្នកមានបរិញ្ញាបត្រសំណង់មកធ្វើជាអនុប្រធានទទួលការងារដីធ្លី។ ប្រើប្រាស់ជំនួយការកាន់ឯកសារបម្រើតែប្រយោជន៍ផ្ទាល់ខ្លួន មិនគាំទ្រការចេញបណ្ណជាប្រព័ន្ធ ព្យាយាមពន្យារពេល មិនដោះស្រាយ តែងតែទម្លាក់បញ្ហាឱ្យក្រុមចុះបញ្ជីជាប្រព័ន្ធ។ ជាមួយគ្នានោះព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនលោក កែវ សុវត្ថិ បានរត់ការប្លង់ចុះបញ្ជីដាច់ដោយដុំក្នុងតំបន់ប្រកាសធ្វើវិនិច្ឆ័យចុះបញ្ជីជាប្រព័ន្ធធ្វើឱ្យក្រុមទី ២ ដាច់ប្រាក់ស្នាក់នៅអស់ចំនួន ២ ខែ។
យ៉ាងណាក្ដី លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិនប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា រឿងនេះលោកទទួលដំណឹងថា លោកឧបនាយករដ្ឋមន្ត្រីបានចារជាឯកសារទៅអ្នកប្តឹងរួចហើយដោយលោកមិនមានចំណាត់ការទេ។
ជាមួយនេះដែរ លោក សុខុន បានបដិសេធចំពោះការចោទប្រកាន់ករណីថា លោកប្រកាន់បក្ខពួក និងរើសអើង ដោយអះអាងថា កន្លងមកលោកមិនធ្លាប់មានបញ្ហាអ្វីប៉ះពាល់ដល់មន្ត្រីក្រោមឱវាទទេ។ រីឯសកម្មភាពការងារប្រព្រឹត្តទៅតាមធម្មតាគ្មានអ្វីខុសប្រក្រតីឡើយ។
លោកថា៖ «សកម្មភាពការងារនៅទីនេះ អត់មានអីទេគឺធម្មតា រឿងគាត់ប្តឹង រឿងគាត់ហ្នឹងទៅ យើងធ្វើការធម្មតាអត់មានបញ្ហាអីផង។ ក្នុងចំណោមអ្នកប្តឹងហ្នឹងមាន ២ នាក់ ជាមន្ត្រីដែលបានផ្ទេរក្របខ័ណ្ឌទៅថ្នាក់ក្រោមជាតិអស់ហើយអត់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរទៀតទេ»។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា ករណីនេះលោកស្រីមិនទាន់អាចវាយតម្លៃថាយ៉ាងណាទេ ចំពោះសកម្មភាពការងាររបស់មន្ត្រីនៃមន្ទីរដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី ប៉ុន្តែលោកស្រីកំពុងតាមដានការងារដែលមន្ត្រីបានអនុវត្ត។
លោកស្រីថ្លែងថា៖ «អត់ទាន់អាចនិយាយបានថា ខាងណាល្អ ខាងណាខុស ខាងណាត្រូវទេ ដោយសារយើងថ្មី យើងពិតជាស្គាល់ហើយបុគ្គល យើងស្គាល់ហើយបងប្អូនទាំងអស់ ប៉ុន្តែសំខាន់ការងារខ្ញុំកំពុងតែតាមដាន និងស្រាវជ្រាវ រាល់កិច្ចការងារដែលបានអនុវត្តក្នុងពេលកន្លងទៅអ៊ីចឹង គឺខ្ញុំអត់ទាន់ឆ្លើយថា យ៉ាងម៉េចនោះទេ»៕
វីដេអូ៖