ភ្នំពេញៈ មន្ត្រីជំនាញអះអាងថា ក្នុងឆ្នាំ ២០១៩ នេះ ខ្លួននឹងខំប្រឹងដើម្បីលុបបំបាត់ឱ្យអស់ ការប្រើប្រាស់និងការចែកចាយគ្រឿងញៀនតាមក្លិបកម្សាន្ត បើទោះបីវិធានការទប់ស្កាត់គ្រឿងញៀននាពេលបច្ចុប្បន្ន គឺជារឿងស្មុគស្មាញ ហើយគ្រឿងញៀនបានរីករាលដាលពីទីក្រុងដល់ជនបទក៏ដោយ។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា នៅពេលខាងមុខដ៏ខ្លីនេះ នឹងមានការផ្សព្វផ្សាយអំពីផែនការដើម្បីចាត់វិធានការលុបបំបាត់គ្រឿងញៀនឱ្យអស់នៅតាមក្លិបកម្សាន្តនៅទូទាំងប្រទេស ក្រោយពីមានការចាប់ផ្ដើមបង្ក្រាបបាននៅតាមក្លិបកម្សាន្តមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។
លោកបានបញ្ជាក់ថា៖ «យើងប្ដេជ្ញាថា [លុបបំបាត់] ឲ្យអស់ក្នុងឆ្នាំ ២០១៩ នេះ។ នេះគឺជាគោលការណ៍ដឹកនាំរបស់សម្ដេចក្រឡាហោម [ស ខេង] ហើយត្រូវអនុវត្តឱ្យបានក្នុងនាមយើងជាមន្ត្រីអនុវត្ត»។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ របស់ស្នងការរាជធានីភ្នំពេញកាលពីខែមីនា អាជ្ញាធរបានប្រកាសឱ្យដឹងថា ក្នុងចំណោមកន្លែងផលិត ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែលបានរកឃើញមានចំនួន ១ ២៩៣ ទីតាំង គឺក្នុងនោះ មានក្លិប ខារ៉ាអូខេ និងបារ៍កម្សាន្តជនបរទេសចំនួន ២៩៧ កន្លែង។
លោក ម៉ក់ ជីតូ និយាយថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកនេះ គឺខុសពីលើកមុន ព្រោះគ្រប់ក្រសួងស្ថាប័នទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា មានតួនាទីពាក់ព័ន្ធក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ។ ដោយឡែកនៅថ្នាក់ក្រោមជាតិ នឹងមានបង្កើតឱ្យមានគណៈកម្មការសម្រាប់ត្រួតពិនិត្យការអនុវត្តវិធានការបង្ក្រាបគ្រឿងញៀន ចាប់ពីថ្នាក់ខេត្ត ថ្នាក់ស្រុក រហូតដល់ថ្នាក់ឃុំ។
លោកអះអាងថា៖ «ទាំងអស់នេះគឺជាការទទួលខុសត្រូវ ហើយក្នុងនាមយើងជាអ្នកជំនាញថ្នាក់ជាតិ នឹងឧបត្ថម្ភគាត់ គាំទ្រគាត់អំពីជំនាញ និងការប្រមូលព័ត៌មាន»។
អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះបន្ថែមថា មូលហេតុមិនអាចទប់ស្កាត់គ្រឿងញៀនកុំឱ្យរាលដាលពីទីក្រុងទៅដល់ជនបទបាននោះ ដោយសារកម្ពុជាបានរងគ្រោះពីការនាំឆ្លងកាត់គ្រឿងញៀនមកពីតំបន់ត្រីកោណមាស ដែលជាតំបន់ដាំដុះ និងផលិតអាភៀន ហើយបាននាំចូលតាមច្រកព្រំដែនគោកចេញពីប្រទេស ឡាវ។
ច្រកទាំងនោះ មានដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងការចូលតាមដែនអាកាសមកពីតំបន់អាមេរិកខាងត្បូង និងតំបន់អាហ្រ្វិក។ ការនាំចូលតាមប្រៃសណីយ៍ដែលកើតឡើងច្រើនចាប់តាំងពីឆ្នាំ ២០១៨ និងការនាំចូលតាមដែនសមុទ្រមានចំនួនតិចតួច។
លោកអះអាងថា ប្រភពនៃការនាំចូលគ្រឿងញៀនទាំងនេះ គឺមួយចំនួនត្រូវបានចែកចាយលក់នៅក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតដើម្បីនាំចេញបន្តទៅកាន់ប្រទេសថៃ ប្រទេស វៀតណាម និងបណ្ដាប្រទេសជាច្រើនទៀត។ ប៉ុន្តែលោកថា បន្ទាប់ពីរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចាប់ផ្ដើមពីខែមករា ឆ្នាំ ២០១៧ មក បានធ្វើឱ្យការប្រើប្រាស់ និងការចែកចាយគ្រឿងញៀននៅតាមទីជនបទរបស់ប្រទេស កម្ពុជា បានថយចុះវិញខ្លះហើយ។
លោក ម៉ក់ ជីតូ បន្ថែមថា ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនតូចៗនៅតាមខេត្ត គឺអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានដូចជាមន្ត្រីថ្នាក់ខេត្ត ស្រុក និងឃុំ ធ្វើការបង្ក្រាបបានច្រើន ខណៈករណីប្រើប្រាស់ និងការជួញដូរធំៗក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានបង្ក្រាបដោយអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ ដែលមានមន្ទីរប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនគរបាលជាតិ។
លោកបន្តថា៖ «យុទ្ធនាការគឺជាចលនាជាតិដែលយើងត្រូវប្រឹងប្រែងទាំងអស់គ្នាក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន អ៊ីចឹងមានទាំងប្រជាពលរដ្ឋ ព្រះសង្ឃ និងមិនថាជាជនជាតិណាឬជនជាតិណា ឬមាននិន្នាការនយោបាយអីទេ នាំគ្នាចូលរួមធ្វើទាំងអស់»។
គិតចាប់ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ៤ ខែ មិថុនា កន្លងទៅនេះ អ្នកពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ៧ ២៩៤ នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួន ដោយក្នុងនោះអ្នកជួញដូរមានចំនួន ៣ ៩៧៣ នាក់ ត្រូវបញ្ជូនទៅតុលាការ ខណៈអ្នកប្រើប្រាស់មានចំនួន ៣ ៣២១ នាក់ ត្រូវអនុញ្ញាតឱ្យទៅទទួលសេវាបន្សាប។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញដែរថា ដោយសារកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារ និងស្របពេលភាពមានភ្លើតភ្លើនរបស់យុវជនផង គឺជាឱកាសរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីទាញផលចំណេញពីការលក់ដូរគ្រឿងញៀន ។
លោកថ្លែងថា៖ «បញ្ហាគ្រឿងញៀន វាមាន ២ ប្រភេទ គឺគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ដែលកន្លងមក យើងទទួលការញាំញី និងទទួលការគំរាមកំហែងដែលប្រើប្រាស់ក្នុងស្រទាប់យុវជនពីទីក្រុងដល់ជនបទ។ ឥឡូវនេះ វាលេចចេញនិន្នាការថ្មីមួយ គឺការប្រើប្រាស់គ្រឿងញៀន នៅតាមក្លិបកម្សាន្តសប្បាយ។ អ៊ីចឹង ២ និន្នាការហ្នឹងខុសគ្នា ដែលតម្រូវឱ្យយើងត្រូវដាក់ចេញវិធានការជាបន្ទាន់ ដោយប្រើនូវបទពិសោធថ្មី និងវិធានការថ្មី»។
អគ្គលេខាធិការរូបនេះ បន្តថាក្រសួងមហាផ្ទៃនឹងមានកិច្ចប្រជុំពិសេសមួយក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីប្រគល់ភារកិច្ចអនុវត្តទៅអាជ្ញាធរតាមមូលដ្ឋានធ្វើការទប់ស្កាត់។
លោក មាស វីរិទ្ធ បន្ថែមទៀតថា រយៈពេល ៥ ខែឆ្នាំ ២០១៩ អាជ្ញាធរបង្ក្រាបបានគ្រឿង ញៀនជាង ២០០ គីឡូក្រាម ស្របពេលលោកអះអាងថា ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនមេតំហ្វេតាមីនមានការថយចុះ ខណៈអ្នកប្រើប្រាស់គ្រឿងញៀនប្រភេទផ្សេងទៀតបានស័្មគ្រចិត្តទៅទទួលសេវាព្យាបាលដែលក្រសួងសុខាភិបាលដាក់ពង្រាយតាមមណ្ឌលសុខភាពចំនួន ៤៤១ កន្លែង។
លើសពីនេះលោកបន្តទៀតថា កាលពីឆ្នាំ ២០១៨ មានក្រុមចាត់តាំងចំនួន ៤២ ក្រុម សម្រាប់ទទួលការនាំចូលគ្រឿងញៀនមកកម្ពុជា និងដើម្បីចែកបន្តទៅកាន់ប្រទេសផ្សេងៗ ដែលជាក្រុមបណ្ដាញរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ ក៏ត្រូវបង្ក្រាបបានដែរ។
លោក មាស វីរិទ្ធ អះអាងថា ទាំងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនបានថមថយជាងមុន បន្ទាប់ពីក្រុមចាត់តាំងដែលជាមេខ្លោងធំគ្រឿងញៀនទាំងនោះត្រូវបានបង្ក្រាប។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាយល់ថា ការប្រកាសជាសាធារណៈដើម្បីបង្ក្រាបគ្រឿងញៀននៅតាមក្លិបកម្សាន្តបែបនេះ អាចជារឿងល្អនិងជារឿងអាក្រក់។ ជារឿងអាក្រក់ ព្រោះនឹងធ្វើឱ្យក្រុមជួញដូរដឹងខ្លួនជាមុនដើម្បីបង្កើនការប្រុងប្រយ័ត្ន និងធ្វើសកម្មភាពកាន់តែសម្ងាត់ជាងមុន។
លោកថា៖ «អ៊ីចឹងទេ ខ្ញុំយល់ថា ការចេញវិធានការនេះ គួរតែជាផែនការសម្ងាត់ ព្រោះអាជ្ញាធរ ដឹងមុខសញ្ញាហើយនៅក្លិបកម្សាន្ត ទីជួបជុំ ឬសម្បុកនៃការចែកចាយគ្រឿងញៀន គួរតែអនុវត្តសកម្មភាពភ្លាមៗតែម្ដង»៕