ភ្នំពេញ: មន្ត្រីជំនាញនៃអគ្គស្នងការនគរបាលជាតិបានប្ដេជ្ញាធ្វើការរឹតបន្ដឹងការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងបង្ក្រាបការធ្វើចរាចរណ៍អាវុធដោយខុសច្បាប់ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ខណៈទាំងមន្ត្រី និងសង្គមស៊ីវិលព្រួយបារម្ភពីការផ្ទុះហិង្សាដោយប្រើប្រាស់អាវុធជាតិផ្ទុះបាញ់សម្លាប់ ឬបង្ករបួសស្នាមជាញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ។
អំពើហិង្សាដោយការប្រើប្រាស់អាវុធជាតិផ្ទុះបានកើតឡើងជាច្រើនករណីនាពេលថ្មីៗនេះ ដោយករណីភាគច្រើនកើតចេញពីភ្លើងប្រចណ្ឌប្ដីប្រពន្ធ ទំនាស់ពាក្យសម្ដីអំឡុងពេលបើកបរប៉ះទង្គិចយានយន្តគ្នាបន្តិចបន្តួច បញ្ហាទំនាស់ដីធ្លី និងទំនាស់ផលប្រយោជន៍មួយចំនួនទៀតដែលបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួស ហើយអ្នកដែលតែងតែប្រើកាំភ្លើងបាញ់គេឃើញច្រើនតែជាមន្ត្រីដែលមានតួនាទីនៅក្នុងកងកម្លាំងប្រដាប់អាវុធ។
លោក ធាម ប៊ុនសេង ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងថា កម្ពុជាមានច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រឿងរំសេវចំនួន ៦ ជំពូក និង ២៦ មាត្រាដោយប្រកាសដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០០៥។
ច្បាប់នេះធ្វើឡើងដើម្បីគ្រប់គ្រងលើការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ-លក់ ការផ្ទេរ ការឱ្យគេខ្ចី ការបែងចែក ការជួសជុល ការផលិតកែច្នៃ ឬដំឡើង ការដឹកជញ្ជូន ការនាំឆ្លងកាត់ ការនាំចូល-ចេញ និងការស្តុកអាវុធជាតិផ្ទុះ ឬគ្រឿងរំសេវគ្រប់ប្រភេទ។
លោកបន្តថា អ្នកមានសិទ្ធិកាន់កាប់អាវុធជាប់ខ្លួនរួមមាន ប្រធាន-អនុប្រធាន សមាជិករដ្ឋសភា និងព្រឹទ្ធសភា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន-អនុប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញា ប្រធានតុលាការរាជធានី/ខេត្ត និងមន្ត្រីដែលកំពុងមានតួនាទី ឬឋានៈស្មើនឹងមុខតំណែងខាងលើនេះ។ រីឯមន្ត្រីថ្នាក់ក្រោមជាតិរួមមាន អភិបាលរាជធានី/ខេត្ត អភិបាលរង អភិបាលស្រុក/ខណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក/ខណ្ឌ។
ចំពោះមន្ត្រីកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលជាតិចាប់ពីថ្នាក់វរសេនីយ៍ឯក (ស័ក្ដិ ៥) ឡើងទៅគឺមានសិទ្ធិប្រើប្រាស់អាវុធ។ រីឯអ្នកដែលគ្មានសិទ្ធិកាន់កាប់អាវុធ ត្រូវតែមានលិខិតអនុញ្ញាតឱ្យប្រើប្រាស់ចេញពីអង្គភាពសាមី ប៉ុន្ដែពេលចប់ភារកិច្ចត្រូវយកមកទុកដាក់នៅអង្គភាពខ្លួនវិញ។ អ្នកកាន់កាប់អាវុធទាំងអស់មានសិទិ្ធរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ការពារបូរណភាពដែនដី និងអាចការពារខ្លួនក្នុងន័យស្របច្បាប់។
លោកបញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់ឱ្យមានប្រសិទ្ធភាព យើងនឹងប្រើវិធានការក្ដៅ ដោយដើរល្បាត ត្រួតពិនិត្យតាមគោលដៅមុខសញ្ញា ដាក់ប៉ុស្ដិ៍ឆែកឆេរតាមដងផ្លូវ និងកន្លែងសំខាន់ៗ ដើម្បីបង្ក្រាបការដឹកជញ្ជូន និងការធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទខុសច្បាប់»។ ក្រៅពីនេះកម្លាំងសមត្ថកិច្ចនឹងចាត់វិធានការរដ្ឋបាល គឺពង្រឹងការចុះបញ្ជីអាវុធ គ្រប់គ្រង ត្រួតពិនិត្យ មុនពេលផ្ដល់លិខិតអនុញ្ញាតឱ្យកាន់កាប់អាវុធ។
តាមច្បាប់ស្ដីពីការគ្រប់គ្រងអាវុធមាត្រា ២០ ចែងថា ជនណាដែលបំពាក់ ដាក់តាមខ្លួន កាន់កាប់អាវុធ ប្រើប្រាស់ លក់-ទិញ ខ្ចីពីគេ ចែកចាយ ជួសជុល ដំឡើងអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ ខែដល់ ២ ឆ្នាំ ដោយត្រូវពិន័យជាប្រាក់ពី ៥០ ម៉ឺនរៀល ដល់ ២ លានរៀល ដោយមិនទាន់គិតពីបទល្មើសព្រហ្មទណ្ឌ។ ចំណែកមាត្រា ២៣ ជនណាដែលធ្វើពាណិជ្ជកម្មដោយនាំចូល ឬនាំចេញ នាំឆ្លងកាត់ ឬស្តុកអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៥ ឆ្នាំដល់ ១០ ឆ្នាំ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) បានថ្លែងថា ករណីហិង្សាដោយការប្រើប្រាស់អាវុធបានកើតឡើងជាញឹកញាប់គួរឱ្យព្រួយបារម្ភក្នុងរយៈពេលចុងក្រោយនេះ។ កត្កានេះអាចបណ្ដាលមកពីភាពខ្វះចន្លោះក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ។
លោកបន្តថា មនុស្សមានអាវុធជាប់ខ្លួនមួយចំនួនអួតអាងអំណាច និងអាងមានសែស្រឡាយរង់ចាំជួយអន្តរាគមន៍ ដោយពួកគេតែងតែយកអាវុធទៅគំរាមកំហែង បាញ់សម្លាប់ដៃគូទំនាស់ ឬគំរាមពលរដ្ឋស្លូតត្រង់ ទន់ខ្សោយជាងខ្លួន ដើម្បីទាមទារផលប្រយោជន៍អ្វីមួយតាមអំពើចិត្ត។ ជាពិសេសអ្នកដែលមានអាវុធក្នុងដៃ តែងតែយកអាវុធទៅបង្ហាញអំណាច និងឥទ្ធិពលឱ្យអ្នកដទៃគោរព កោតខ្លាចជាដើម។
លោកបញ្ជាក់ថា៖ «ករណីទាំងអស់នេះក៏បង្ហាញពីភាពឃោរឃៅ អមនុស្សធម៌ និងបង្ហាញពីក្រមសីលធម៌ វិជ្ជាជីវៈប្រើប្រាស់អាវុធ និងការគ្រប់គ្រងអាវុធនៅមានកម្រិតក៏ដូចជាច្បាប់នៅធូររលុង។ បើយើងនៅតែគ្រប់គ្រងអាវុធគ្មានប្រសិទ្ធភាពបែបនេះ គឺការប្រើប្រាស់អាវុធក្លាយទៅជារឿងអនាធិបតេយ្យនៅកម្ពុជា ដូច្នេះមន្ត្រីជំនាញគួរតែយកចិត្តទុកដាក់បន្ថែមទៀត»។
ទោះជាយ៉ាងណាលោក ធាម ប៊ុនសេង បញ្ជាក់ថា៖ «យើងក៏មានការព្រួយបារម្ភខ្លាំងចំពោះករណីហិង្សាដោយផ្ទុះអាវុធមួយរយៈចុងក្រោយនេះ ប៉ុន្ដែថ្នាក់ដឹកនាំ និងមន្ត្រីជំនាញកំពុងដាក់ផែនការថ្មី ហើយដាក់វិធានការតឹងរ៉ឹងជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងអាវុធឱ្យមានប្រសិទ្ធភាពថែមទៀត។ ករណីផ្ទុះអាវុធកន្លងមកនេះភាគច្រើនជាអាវុធដែលមិនបានចុះបញ្ជីត្រឹមត្រូវ និងកើតឡើងដោយបុគ្គលផ្ទាល់ខ្លួន»។
លោក ប៊ុនសេង បានអំពាវនាវឱ្យមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីស៊ីវិលដែលមានសិទិ្ធកាន់អាវុធទាំងអស់ដែលបាន និងកំពុងរក្សាអាវុធខុសច្បាប់ សូមយកទៅប្រគល់ឱ្យសមត្ថកិច្ចជំនាញវិញ ឬមកចុះបញ្ជីឱ្យបានត្រឹមត្រូវ។ ប្រសិនបើសមត្ថកិច្ចឆែកឃើញនឹងត្រូវផ្ទន្ទាទោសតាមច្បាប់។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ប្រសិនបើសង្គមមួយដែលមានការអភិវឌ្ឍប្រកបដោយស្មើភាព ការគ្រប់គ្រងច្បាស់លាស់ និងមានដំណើរការនីតិរដ្ឋត្រឹមត្រូវ អំពើហិង្សា ឬបទល្មើសទាំងអស់នេះនឹងមិនមានការកើតឡើងច្រើនបែបនេះទេ ប៉ុន្ដែទិដ្ឋភាពកន្លងមកនេះអាចបណ្ដាលមកពីការគ្រប់គ្រងមានភាពធូររលុង និងការធ្លាក់ចុះនៃសីលធម៌សង្គម។
លោកស្រីបញ្ជាក់ថា៖ «កន្លងមក នៅពេលមានហិង្សារវាងពលរដ្ឋ និងពលរដ្ឋ វាជារឿងមួយដែលអាជ្ញាធរត្រូវអនុវត្តច្បាប់ ដើម្បីពង្រឹងសុវត្ថិភាពសង្គម ប៉ុន្ដែអាជ្ញាធរខ្លួនឯងក៏ត្រូវធានាថា ខ្លួនអនុវត្តនីតិរដ្ឋត្រឹមត្រូវ ច្បាស់លាស់ដែរឬនៅ? មិនមែនអាងតែខ្លួនជាសមត្ថកិច្ចមានអាវុធ ហើយប្រើប្រាស់អាវុធបង្ក្រាបគ្មានការពិចារណានោះទេ។ ប្រសិនបើមានសមត្ថកិច្ចណាបំពានច្បាប់ ត្រូវដាក់ទោសទណ្ទតាមច្បាប់»។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេ៕
វីដេអូ៖