ព្រះសីហនុៈ មន្ត្រី​កង​រាជ​អាវុធហត្ថ និង​នាយ​ទាហាន​ម្នាក់​ដែល​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ក្នុង​ការ​ប៉ះ​ទង្គិច​រឿង​ជម្លោះ​ដីធ្លី កាល​ពី​ខែ​មករា ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី ខណៈ​កង​រាជ​អាវុធ​ហត្ថ​ចំនួន ៤ នាក់​ទៀត​ត្រូវ​ទទួលរង​ពិន័យ​ផ្នែក​រដ្ឋបាល ប៉ុន្តែ​សមត្ថកិច្ច​ថា​គ្រាប់​កាំភ្លើង​ដែល​បាញ់​ត្រូវ​ពលរដ្ឋ គឺជា​គ្រាប់​កែច្នៃ តែ​មិន​ទាន់​រក​ឃើញ​អត្ត​សញ្ញាណ នៃ​អ្នក​បាញ់​នោះ​ទេ។

លោក ​អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​គណៈ​កម្មការ​ចំពោះ​កិច្ច​នោះ ពី​ម្សិលមិញ នៅ​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ថា បន្ទាប់​ពី​ស្រាវជ្រាវ​ជិត ១ ខែ គណៈ​កម្មការ​សម្រេច​បញ្ជូន​សំណុំ​រឿង​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ម្នាក់ ឈ្មោះ​ សុខ ធារិទ្ធ និង​មន្ត្រី​យោធា​ស័ក្តិ ២ លោក ​ចាន់ ម៉ៅ ដែល​បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ទៅ​តុលាការ​ខេត្ត ស្រប​ពេល​ពួកគេ ក៏បាន​ទទួល​ទណ្ឌកម្ម​ផ្នែក​រដ្ឋបាល។

ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន ៤ នាក់ គឺ​លោក ប៉ែន វិបុល មេ​បញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ ដោយ​មាន​កំហុស​ធ្វេស​ប្រហែស​ក្នុង​ការ​ដឹកនាំ លោក​ ពុទ្ធ ចាន់ មន្ត្រី​កងរាជ​អាវុធ​ហត្ថ មាន​កំហុស​មិន​បាន​ឃាត់​ខ្លួន​ជន​ប្រើ​ហិង្សា​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​នោះ ចំណែក លោក​ សិក កុម្ភៈ មន្ត្រី​កងរាជ​អាវុធ​ហត្ថ និង​លោក​ស៊ិម វាសនា ជំនួយការ​ការិយាល័យ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ គឺ​ពួកគេ​ទាំង ២ មាន​កំហុស​ដោយ​មិន​គោរព​បទ​បញ្ជា​ដោយ​ប្រើប្រាស់​អាវុធ ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ ដែល​លោក​ អេង ហ៊ី អះអាង​ថា ពួកគេ​នឹង​ទទួល​ពិន័យ​ផ្នែក​រដ្ឋបាល ដោយ​ការ​ស្តី​បន្ទោស​ជា​លាយ​ល័ក្ខ​អក្សរ។

លោក​បន្តថា៖ «ការដាក់​ទណ្ឌកម្ម​ផ្នែក​ពិន័យ​ក្រោយ​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់ ពិនិត្យ​និង​ធ្វើ​កោសល្យ​វិច័យ​ក្បាល​គ្រាប់ ដែល​ពួកគាត់​ប្រើ ហើយ​តាម​របាយ​ការណ៍​របស់​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ គឺ​កម្លាំង​ប្រតិបត្តិ​ចូលរួម​ហ្នឹង គឺ ១០០ នាក់ ហើយ​ប្រើ​អាវុធ​វែង ១០ អាវុធ​ខ្លី ៦ ដើម»។

លោក​បញ្ជាក់ថា៖ «អាវុធ​វែង​មិន​ពាក់ព័ន្ធ​នឹង​ការ​ត្រូវរបួស​របស់​ជនរង​គ្រោះ​ទេ ដោយ​ការ​ពិនិត្យ​ជន​រង​គ្រោះ​គឺ​ត្រូវ​គ្រាប់​កាំភ្លើង​កា ៥៩ ដែល​ជា​គ្រាប់​កែច្នៃ។ អ៊ីចឹង ជំនាញ​កោសល្យ​វិច័យ​យើង​បាន​ធ្វើការ​ត្រួត​ពិនិត្យ​នូវ​អាវុធ ៦ ដើម​នេះ ចេញ​មក​គឺ​ក្បាល​គ្រាប់​ដែល​បាញ់​ជន​រង​គ្រោះ​នោះ គឺ​មិន​ដូច​គ្នា​ទេ ដោយ​គ្រាប់​កាំភ្លើង​ទាំង​នោះ មាន​ផល​អវិជ្ជមាន»។

លោក​ អេង ហ៊ី អះអាងថា គ្រាប់កាំភ្លើង​ដែល​បាញ់​ត្រូវ​ជនរង​គ្រោះ​នោះ​គឺ​មិន​មែន​ជា​កាំភ្លើង​របស់​កងរាជ​អាវុធ​ហត្ថ​នោះ​ទេ ប៉ុន្តែ​លោក​ថា សមត្ថកិច្ច នឹង​បន្ត​ការ​ស្រាវជ្រាវ​រក​អត្ត​សញ្ញាណ​កាំភ្លើង​នោះ​ឲ្យ​ឃើញ​ក្នុង​ពេល​ខាង​មុខ ខណៈ​លោក​ទទួល​ស្គាល់​ថា ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​លើ​ពលរដ្ឋ​នេះ គឺជា​កំហុស​របស់​ខ្លួន ដែល​គ្រប់គ្រង​ពួកគេ​មិន​បាន​ល្អ។

លោក​បន្ថែមថា៖ «សុំទោស​ចំពោះ​កងរាជ​អាវុធ​ហត្ថ​ដែលមាន​កំហុស គឺ​ក្នុង​នាម​ខ្ញុំ​តំណាង​ឲ្យ​កងរាជ​អាវុធ​ហត្ថ​ក៏​សុំទោស​ដែរ ក្នុង​ការ​ដែល​ប្រព្រឹត្ត​ទៅ​លើ​ពលរដ្ឋ។ ប៉ុន្តែ​យើង​មាន​ការ​អប់រំ​ណាស់ ចុះ​អប់រំ​ទូទាំង​ប្រទេស​ឲ្យ​ពួក​គាត់​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ»។

លោក​ លឹម ប៊ុនហេង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះ​សីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ខ្លួន​នឹង​ទាក់​ទង​ទៅ​ខាង​កង​រាជ​អាវុធ​ហត្ថ ដើម្បី​ដឹង​ច្បាស់​ពី​ករណី​នេះ ព្រោះ​ពេល​នេះ តុលាការ​មិន​ទាន់​ទទួល​បាន​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់ថា៖ «ចាំមើល​សួរ​អាវុធហត្ថ​សិន ចាំមើល​គាត់​ដំណើរការ​ដល់​ណា​ហើយ។ យើង​នឹង​ពិនិត្យ​តាម​ច្បាប់ តាម​នីតិវិធី»។

កាលពី​ថ្ងៃទី ២៤ មករា មាន​ករណី​ប៉ះទង្គិច​មួយ​បានកើត​ឡើង​រវាង​ប្រជា​ពលរដ្ឋ ដែល​អះអាង​ថា ជា​ពលរដ្ឋ​រង​គ្រោះ​លើ​ដី​ប្រមាណ ៧១ ហិកតា ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជាមួយ​កម្លាំង​ចម្រុះ​ជាង ២០០ នាក់ ចុះ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល ដែល​ឈ្នះ​ក្តី ៩ គ្រួសារ បណ្តាល​ឲ្យ​មាន​ហិង្សា​ឈាន​ដល់​ពលរដ្ឋ​តបត​ដោយ​ការ​គប់​ដប​សាំង ដុត​កង់​ឡាន ហើយ​សមត្ថកិច្ច ក៏​ប្រើប្រាស់​អាវុធ​ពិត​បាញ់​ឡើង​លើ​ជាង ២០ គ្រាប់​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ជា​កម្មករ​សំណង់​រង​របួស​ធ្ងន់ និង​ស្រាល​ម្នាក់ ចាប់​ខ្លួន​ចំនួន ៦ នាក់​តែ​ដោះ​លែង​វិញ។

ប៉ុន្មាន​ថ្ងៃ ក្រោយ​កើត​ហិង្សា លោក ​សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រកាស​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​ស៊ើប​អង្កេត​ករណី​ហិង្សា​នេះ។

លោក​ ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស (Adhoc) លើក​ឡើង​ថា ករណី​នេះ ថ្នាក់​ជាតិ​គួរ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ថ្នាក់​ជាតិ មួយ​ធ្វើការ​ស៊ើប​អង្កេត​ដោយ​សុក្រឹត អព្យាក្រឹត និង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ព្រោះ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​តុលាការ​ខេត្ត អាច​មាន​ផល​លំបាក​ក្នុង​ការ​អនុវត្ត។

លោក​ថា៖ «ត្រូវ​តែ​បង្ហាញ​ចំណាត់ការ​នេះ​ជា​សាធា​រណៈ ដើម្បី​ឲ្យ​សាធា​រណ​មតិ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​អស់​ចិត្ត និង​គ្មាន​មន្ទិល​សង្ស័យ​ទៅ​លើ​ចំណាត់​ការ​នេះ​បន្ត​ទៀត និង​ក៏​ជា​សារ​មួយ​ដើម្បី​ពញ្ញាក់​ស្មារតី​ទៅ​អ្នក​អនុវត្ត​ច្បាប់៕