ភ្នំពេញៈ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា​ និង​ជំនួយការ​ប្រមាណ​ជាង​ ២០០ ​នាក់​ត្រូវ​បាន​តែងតាំង​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល និង​រដ្ឋសភា​នៅក្នុង​រយៈពេល​ ២ ​ខែ​ចុងក្រោយ​ដែល​មន្ត្រី​អះអាង​ថា ជា​ការ​ជំរុញ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ផ្ដល់​ឱកាស​ការងារ​ដល់​មន្ត្រី ខណៈ​អ្នកវិភាគ​បាន​រិះគន់​ថា​ការតែងតាំង​នេះ​ជា​ការ​បែងចែក​អំណាច​ និង​ធ្វើឲ្យ​ខាតបង់​ថវិកា​ជាតិ​យ៉ាង​ច្រើន​លើសលប់​។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចេញ​ផ្សាយ​នៅក្នុង​ខែ​តុលា និង​វិច្ឆិកា​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​។

យោង​តាម​ព្រះរាជក្រឹត្យ​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​ ១០ ខែ​វិច្ឆិកា​បាន​ត្រាស់​បង្គាប់​តែងតាំង រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ចំនួន​ ៩ ​រូប និង​ព្រះរាជក្រឹត្យ​ដោយ​ឡែក​ទៀត​នៅ​ថ្ងៃទី​ ១០ ខែ​វិច្ឆិកា ត្រាស់បង្គាប់​តែងតាំង​រដ្ឋលេខាធិការ​​ និង​អនុរដ្ឋលេខាធិការ​ក្រសួង​​ព័ត៌មាន​ចំនួន​ ១៧ ​រូប​។

យោង​តាម​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​ ១៨ ខែ​តុលា ដោយ​ប្រមុខរដ្ឋ​ស្ដីទី​លោក សាយ ឈុំ បាន​សម្រេច​តែងតាំង​មន្ត្រី ៣២ ​រូប​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និង​រដ្ឋមន្ត្រី​។ ខណៈ​មន្ត្រី​ ១៥ ​រូប​ផ្សេង​ទៀត​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​មាន​ឋានៈ​ស្មើ​អគ្គនាយក​ដែល​ការតែងតាំង​នេះ​ធ្វើ​តាម​សំណើ​លោក ហេង សំរិន​។

យោង​តាម​ព្រះរាជក្រឹត្យ​ដោយ​ឡែក​មួយទៀត​នៅ​ថ្ងៃទី​ ៥ ខែ​តុលា ប្រមុខ​រដ្ឋស្ដីទី​ក៏​បាន​សម្រេច​តែងតាំង​មន្ត្រី ៤៦ ​រូប​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​អម​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​មាន​ឋានៈ​ចាប់ពី​អនុរដ្ឋលេខាធិការ​រហូត​ដល់​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ខណៈ​ដែល​មន្ត្រី​ ៣៦ ​រូប​ផ្សេង​ទៀត​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​មាន​ឋានៈ​ស្មើ​អគ្គនាយក​។ ការតែងតាំង​នេះ​ធ្វើ​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា​ការតែងតាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ​នៅ​ក្រសួង និង​រដ្ឋសភា​គឺ​ដោយសារ​មាន​តម្រូវការ​តាម​ក្រសួង​ និង​ស្ថាប័ន​នីមួយៗ ហើយ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ប្រសិទ្ធភាព​ការងារ​ក្នុង​ការ​បម្រើ​មហាជន ហើយ​ការតែងតាំង​នេះ​នឹង​ជួយ​ការងារ​ក្រសួង និង​ស្ថាប័ន​នីមួយៗ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​បាន​ជួយ​ផ្តល់​ឱកាស​ការងារ​ដល់​យុវជន​ជំនាន់​ក្រោយ​សម្រាប់​បន្តវេន​ផង​ដែរ​។

លោក ស៊ីផាន បាន​ថ្លែង​ថា​៖ «​តម្រូវ​ឲ្យ​រើស​មន្ត្រី​ទាំងអស់​នោះ​ចូល​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​រដ្ឋមន្ត្រី​នីមួយៗ ហើយ​​រដ្ឋមន្ត្រី​នីមួយៗ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ផែនការ និង​ប្រសិទ្ធភាព​ការងារ​សម្រាប់​បម្រើ​មហាជន​។ ផ្តើម​នៃ​ការជ្រើសរើស​យ៉ាង​គំហុក​ដែល​ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល​តែ​ចំពោះ​អ្នក​ដែល​ប្រកប​ការងារ​គេ​មិន​ភ្ញាក់ផ្អើល​ទេ​។ ទី​ ១ យើង​មាន​សមត្ថភាព​ក្នុង​ការផ្តល់​ប្រាក់​បៀវត្សរ៍​»​។

លោក​បាន​បន្ថែម​ថា​៖ «​គឺ​ដើម្បី​ធ្វើឲ្យ​ការងារ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ដើម្បី​បម្រើ​មហាជន​របស់​យើង​ហើយ​យើង​បង្កើត​ឱកាស ការងារ​សម្រាប់​យុវជន និង​យុវនារី ហើយ​នឹង​សម្រាប់​យើង​ត្រៀម​លក្ខណៈ​ក្នុង​ការ​បន្តវេន​សម្រាប់​មន្ត្រី​ចាស់ៗ​»​។

លោក ស៊ីផាន ថ្លែង​ថា​ការតែងតាំង​នេះ​មិន​បាន​ធ្វើឲ្យ​បាត់បង់​ថវិកា​ជាតិ តែ​ផ្ទុយ​ទៅ​វិញ​បង្កើន​ការងារ​សម្រាប់​យុវជន​នៅ​ក្រសួង និង​ស្ថាប័នរដ្ឋ ហើយ​ថា​ក្រសួង​ជាច្រើន​បាន​ធ្វើ​កំណែទម្រង់​សមត្ថភាព​មន្ត្រីរាជការ​ដើម្បី​ធ្វើឲ្យ​មន្ត្រី​ទាំងនោះ​ធ្វើ​ការងារ​កាន់តែ​ល្អ និង​មាន​ប្រសិទ្ធភាព​។

លោក​ថ្លែង​ថា​៖ «​គួរ​ឲ្យ​សោកស្តាយ​ដែល​គាត់​ (​អ្នក​វិភាគ​) ​មិន​យល់​ពី​ការងារ​របស់​រដ្ឋ​»​។

លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិន​មាន​ទិន្នន័យ​ទាក់ទង​នឹង​ចំនួន​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ​ទេ ហើយ​ក៏​មិនអាច​ធ្វើការ​ប៉ាន់​ប្រមាណ​បាន​ដែរ​។

លោក​ក៏​បាន​អះអាង​ផង​ដែរ​ថា មិន​អាច​ប្រាប់​ថា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា​ជំនួយការ​ទទួល​បាន​ប្រាក់ខែ​ចំនួន​ប៉ុន្មាន​ដែរ ហើយ​ក៏​មិន​អាច​ប្រាប់​បាន​ថា រដ្ឋាភិបាល​ថ្មី​នេះ​មាន​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ​មាន​ចំនួន​ច្រើន​ជាង​ ឬ​តិច​ជាង​អាណត្តិ​មុន​នោះ​ទេ​។

លោក ប៊ុនធិន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ឆ្លើយ​មិន​រួច​ទេ​ទាន​។ ទាល់តែ​អង្គុយ​បូកលេខ​ (​ទាក់ទង​នឹង​ប្រាក់​ខែ​) ​ខ្ញុំ​ក៏​ឆ្លើយ​មិន​រួច​ដែរ​»​។

កញ្ញា លី ស្រីស្រស់ អ្នកវិភាគ​នយោបាយ និង​សង្គម​បាន​លើក​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ត្រូវ​បាន​បង្កើត នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ផ្សេង​ទៀត​បាន​ស្នើសុំ​តែងតាំង​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន​ការ​តែងតាំង​មាន​មន្ត្រី​ខុទ្ទកាល័យ ទីប្រឹក្សា​ផ្ទាល់ ជំនួយការ លេខា និង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា មាន​ចំនួន​ច្រើន​លើសលប់ និង​ថា​ជា​ការ​ចែក​អំណាច​។

កញ្ញា​ លី ស្រីស្រស់ ថ្លែង​ថា​៖​ «​គ្រាន់តែ​ក្នុង​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី​ជាង​ ៣០០ ​នាក់​រួម​ទាំង​ទីប្រឹក្សា​លេខា​ជំនួយការ​យើង​មើល​ឃើញ​ថា​ចំនួន​ ៣០០ ​នាក់​គឺ​ច្រើន​គ្រាន់តែ​ខុទ្ទកាល័យ​មួយ​។ មិន​ថា​តែ​អ្នកវិភាគ​ផ្សេងៗ​ទេ ថែម​ទាំង​សាធារណជន​មើល​ឃើញ​ថា ជា​រដ្ឋាភិបាល​ដែល​មាន​ក្បាល​ធំ ហើយ​អ្នក​កាន់​តំណែង​ខ្លះ​មិន​បាន​ធ្វើ​ការងារ​សកម្ម​ទេ​គ្រាន់​តែ​មាន​តំណែង​។ វា​គឺជា​ការបែងចែក​​ឋានៈ ឬ​តំណែង​»​។

កញ្ញា​បាន​បន្ត​ថា​៖ «​ការតែងតាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ​នេះ​ធ្វើឲ្យ​បាត់បង់​ថវិកាជាតិ «​ការរីក​ចម្រើន​ហាក់បី​ដូចជា​ដើរ​យឺត​ណាស់​មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ការដោះស្រាយ និង​ការ​អភិវឌ្ឍ​ទាក់ទង​បញ្ហា​ដីធ្លី​ព្រៃឈើ​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ​។ ការតែងតាំង​វា​អាច​ធ្វើឲ្យ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ដោយសារ​តែ​ថវិកា​ជាតិ​ក៏​ត្រូវ​បាន​បើក​ជូន​មន្ត្រី​ទាំងអស់​នោះ​»​។

រាជរដ្ឋាភិបាល​បាន​បន្ត​ស្នើសុំ​តែងតាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា​ជំនួយការ​បន្ទាប់​រដ្ឋាភិបាល​ថ្មី​បាន​បង្កើតឡើង​ដែល​ក្នុង​នោះ​កាលពី​ថ្ងៃទី​ ១៨ ខែ​កញ្ញា ឆ្នាំ​ ២០១៨ ​ព្រះរាជក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋស្ដីទី​បាន​តែងតាំង​មន្ត្រី ៤៦ ​រូប​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មាន​ឋានៈ​ចាប់ពី​រដ្ឋលេខាធិការ​រហូត​ដល់​ទេសរដ្ឋមន្ត្រី និង​មន្ត្រី ៥៥ ​រូប​ផ្សេង​ទៀត​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​មាន​ឋានៈ​ចាប់ពី​អគ្គនាយក​រហូត​ដល់​រដ្ឋលេខាធិការ និង​យោងតាម​អនុក្រឹត្យ​ចេញ​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​កញ្ញា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​តែងតាំង​សមាជិក​ក្រុម​លេខា​របស់​លោក​ចំនួន ៨២ ​រូប​សម្រាប់​បំពេញ​ការងារ​នៅ​ខុទ្ទកាល័យ​របស់​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕