សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់​ដែល​រស់នៅ​ក្បែរ​តំបន់​អង្គរ​ឱ្យ​ធ្វើ​ស្រែ​តែម្ដង​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការប្រើប្រាស់​ទឹក​បារាយណ៍ ដោយសារ​ថា ទឹក​បារាយណ៍​មាន​តួនាទី​ច្រើន សម្រាប់​តម្រូវការ​ក្នុងការ​ប្រើប្រាស់ បើទោះជា​ប្រព័ន្ធ​ទឹក​ក្នុង​តំបន់​នេះ​អាច​ផ្គត់ផ្គង់​គ្រប់​តម្រូវការ​ក៏ដោយ​។

លោក​ ទឹម ឆោម មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃទី​ ១ មីនា ថា​បារាយណ៍​ខាងលិច​មាន​តួនាទី​ស្នូល​មួយចំនួន​សំខាន់ៗ​រួមមាន ទី​ ១ ​សម្រាប់​បញ្ចៀស​ជំនន់​ទឹកភ្លៀង​មិនឱ្យ​លិច​ក្រុង ទី​ ២ ផ្គត់ផ្គង់​ប្រជាកសិករ ដែល​សព្វថ្ងៃ​មាន​ចំនួន​ ២ ​ស្រុក-ក្រុង គឺ​ ៥ ​សង្កាត់​ក្នុង​ក្រុង​សៀមរាប និង​ ៤ ​ឃុំ​នៃ​ស្រុកពួក​។ សម្រាប់​តួនាទី​ទី​ ៣ ផ្គត់ផ្គង់​ទឹកស្អាត​ដល់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប និង​ទី​ ៤ ផ្គត់ផ្គង់​ទឹក​ក្រោម​ដី​ដើម្បី​ឱ្យមាន​ស្ថិរភាព​ជួយ​ការពារ​គ្រឹះ​ប្រាសាទ និង​ជួយ​សម្រួល​ចរន្តទឹក​ក្រោម​ដី​ដល់​ពលរដ្ឋ​នៅ​ជុំវិញ​តំបន់​ផងដែរ​។

សម្រាប់​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រព័ន្ធធារាសាស្ត្រ​បារាយណ៍​ខាងលិច​នេះដែរ បើតាម​ការបញ្ជាក់​របស់​លោក ទឹម ឆោម សហគមន៍​នេះ​បាន​បង្កើត​យូរ​មកហើយ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៤ រាជរដ្ឋាភិបាល​ក៏​ប្រគល់​ការគ្រប់គ្រង​មកឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​បាន​បន្ត​រៀបចំ​កិច្ចការងារ​បែងចែក​ដល់​ប្រជាកសិករ​ឱ្យ​កាន់តែ​ល្អប្រសើរ​។

ទោះយ៉ាងណា​មន្ត្រី​រូបនេះ​បន្ថែម​ថា នៅក្រោយ​ការផ្គត់ផ្គង់​ទឹកបាន​គ្រប់​តម្រូវការ ប្រជាកសិករ​បាន​ពង្រីក​ផ្ទៃដី​ស្រែ ដែល​ធ្វើឱ្យ​ការផ្គត់ផ្គង់​ទឹក​មាន​ការកើនឡើង​ជា​លំដាប់​។ លោក​ ទឹម ឆោម បញ្ជាក់ថា​៖ «​មុន​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ផ្ទៃដី​ស្រែ​សរុប​ទាំងមូល​របស់​កសិករ​មាន​ត្រឹម ១៣ ០០០ ​ហិកតា តែ​ក្រោយមក​មានការ​បង្កើន​ផ្ទៃដី​ស្រែប្រាំង​រហូត​ ២ ​ដង​»​។

លោក​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ អាជ្ញាធរជាតិ​អប្សរា​សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់ សូម​ធ្វើស្រែ​តែម្ដង​ក្នុង​ ១ ​ឆ្នាំ ហើយ​ត្រូវ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ជំនួស ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​ការពឹង​លើទឹក​បារាយណ៍​។ ព្រោះ​បច្ចុប្បន្ននេះ ទឹក​បារាយណ៍​មាន​តួនាទី​ច្រើន ដែល​ធ្វើឱ្យ​ការបញ្ជូន​ទឹក​ដល់​ប្រជាពលរដ្ឋ​មិន​ [​គ្រប់​] ​តាម​តម្រូវការ​នៅពេល​ខ្លះ​»​។

លោក​ ទឹម ឆោម បន្ថែមថា​៖ «​ការ​បើកទឹក​ទម្លាក់​លើស​ពី​ ១ ​ដង អាស្រ័យ​លើទឹក​។ យើង​ក៏​ព្យាយាម​ពន្យល់​ឱ្យ​គាត់​ធ្វើ​ស្រែ​ដំណាលគ្នា​ដើម្បីឱ្យ​ការទម្លាក់​ទឹក​មក​ម្ដង​រួច ចៀសវាង​ទម្លាក់​ច្រើនដង វា​ខាត​ទឹក​»​។

ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​កាលពី​ថ្ងៃទី​ ១ មីនា អាជ្ញាធរ​ជាតិ​អប្សរា ប្រកាស​ថា ប្រជាកសិករ​នៃ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រព័ន្ធធារាសាស្ដ្រ​បារាយណ៍​ខាងលិច​កំពុង​រីករាយ​ជាមួយ​នឹង​ទិន្នផល​ស្រូវ​ក្នុង​រដូវ​នេះ ហើយ​តាម​ការអះអាង​ឆ្នាំនេះ​មាន​ការកើនឡើង​ជាង​ឆ្នាំមុន​។

អាជ្ញាធរ​ជាតិ​អប្សរាបានលើក​ឡើងតាមការ​អះអាង​របស់​ប្រជាកសិករ​ទាំងនោះ​ថា កំណើន​ទិន្នផល​ស្រូវ​ឆ្នាំនេះ​ក៏ដោយសារ​ការទទួល​ទឹក​ពី​បារាយណ៍​ខាងលិច​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទាន់ពេលវេលា និង​គ្រប់គ្រាន់​សម្រាប់​បំពេញ​ស្រែ​រាប់សិប​ហិកតា​របស់​ពួកគេ​។

លោក​ សុខ មក់ ប្រធាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រព័ន្ធ​ធារាសាស្ដ្រ​បារាយណ៍​ខាងលិច​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ទិន្នផល​របស់​ប្រជាកសិករ​ដែល​ទទួល​ទឹក​បារាយណ៍​ខាងលិច​នៅ​ឆ្នាំនេះ​ទទួល​បាន​ផល​ល្អប្រសើរ​។ លោក​បន្ថែមថា លទ្ធផល​ដែល​ទទួល​បាន​នេះ​ក៏​ដោយសារ​ការទទួល​ទឹក​ពី​ប៉ែក​ខាងលើ​ដែល​ទម្លាក់​មក មាន​ភាពងាយស្រួល និង​ឆាប់រហ័ស​ទាន់​ពេលវេលា​។

លោក ​សុខ មក់ បញ្ជាក់ថា​៖ «​នៅតែ​មាន​ពលរដ្ឋ ដែល​គាត់​មាន​ទម្លាប់​ធ្វើស្រែ​ ២ ​ដង ក្នុង​ ១ ​ឆ្នាំ​ គឺ​ស្រែប្រាំង​ផង និង​ស្រែ​ប្រដេញ​ទឹក​ផង​។ អ្នកធ្វើ​ ២ ​ដង ភាគច្រើន​គាត់​រស់នៅ​តាម​ប្រឡាយ​ ឬ​តាម​ប្រភពទឹក ដែល​ហូរ​ទៅដល់ ហើយ​បើ​អ្នក​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ដោយ​ការ​ធ្វើស្រែ​ពឹង​លើ​ទឹក​ភ្លៀង គឺ​មិន​ច្បាស់លាស់​ទេ​នៅពេល​ប្រមូលផល​លើក​ទី​ ២ អាច​មិនបាន​ផល​ជាដើម​»​។

លោក​ ជា ម៉ោញ កសិករ​ក្នុង​ភូមិ​តាជេត ឃុំ​សំរោងយា ស្រុក​ពួក ខេត្ត​សៀមរាប រៀបរាប់​ថា​ស្រែ​ចំនួន​ ៥ ​ហិកតា​ របស់​លោក​នៅ​ឆ្នាំ​ហ្នឹង​ទទួល​ផល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ ១៥ ​លាន​។ លោក​បន្ថែមថា ទឹក​បារាយណ៍​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ជួយ​ឱ្យ​ផល​ស្រូវ​របស់​លោក​បាន​ផល​ល្អ​។

លោក​បញ្ជាក់ថា​៖ «​បើ​គ្មាន​ទឹក​នោះទេ ស្រូវ​មិនកើត​ទេ ព្រោះ​វាល​នេះ​តាំងពីដើម​ពឹង​លើទឹក​បារាយណ៍​តាំងពី​សង្គម​មក​»​។

តាម​អាជ្ញាធរ​ជាតិ​អប្សរា អាងទឹក​បារាយណ៍​ខាងលិច​អាច​ស្ដុក​ទឹកបាន​ក្នុង​កម្រិត​អតិបរមា ៥៦ ​លាន​ម៉ែត្រគុប ដែល​អាច​ចែកចាយ​ដល់​ប្រជាកសិករ​ចំនួន​ ២ ​ក្រុង-ស្រុក មាន​ ៥ ​សង្កាត់​នៃ​ក្រុង​សៀមរាប និង​ ៤ ​ឃុំ​នៃ​ស្រុក​ពួក​។ ក្រៅពីនោះ ទឹក​បារាយណ៍​មាន​តួនាទី​សម្រាប់​ផ្គត់ផ្គង់​ដល់​រដ្ឋាករ​ទឹកស្អាត និង​មួយផ្នែក​ទៀត​សម្រាប់​ផ្គត់ផ្គង់​ទឹក​ក្រោម​ដី​ផងដែរ​៕

វីដេអូ៖