ភ្នំពេញៈ មន្ត្រីតំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អសប) បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការមួយនេះថា ពលរដ្ឋកម្ពុជាគ្រប់រូបគឺអាចអនុវត្តសិទ្ធិនយោបាយបានគ្រប់ៗគ្នា និងអាចប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិបានគ្រប់រូបភាព។ ការអះអាងនេះដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់មន្ត្រីនៃការិយាល័យ UN ប្រចាំនៅកម្ពុជាដែលថា ចំណាត់ការរបស់រដ្ឋាភិបាលនាំឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។
ក្នុងរបៀបវារៈទី ១០ នៃកិច្ចប្រជុំលើកទី ៤២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីសកាលពីថ្ងៃទី ២៦ កញ្ញា លោក ណី សំអុល ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា សិទ្ធិនយោបាយគឺកំពុងត្រូវបានអនុវត្តដោយពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយស្របទៅតាមច្បាប់របស់កម្ពុជា។
លោកបន្តថា ប្រជាពលរដ្ឋក៏កំពុងប្រើប្រាស់សិទ្ធិបញ្ចេញមតិបានគ្រប់រូបភាព និងអាចទទួលបានព័ត៌មានគ្រប់ប្រភេទ ដោយសារកម្ពុជាមានសារព័ត៌មានអេឡិចត្រូនិកចំនួន ១៤៨ សារព័ត៌មានបោះពុម្ភផ្សាយចំនួន ៥៥០ ស្ថានីយវិទ្យុចំនួន ២១១ បណ្ដាញទូរទស្សន៍ ១៣៤ និងសមាគមសារព័ត៌មានចំនួន ៣៩។
លោកថ្លែងថា៖ «លើសពីនេះទៅទៀតក៏មានអង្គការមិនមែនរដ្ឋាភិបាលចំនួន ៥ ៤០០ ដែលបានចុះបញ្ជីរាប់បញ្ចូលទាំងអង្គការដែលធ្វើការលើការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ រដ្ឋាភិបាលតែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូរបស់ខ្លួន»។
លោក ណី សំអុល បន្ថែមថារដ្ឋាភិបាលក៏បានប្រកាសលុបចោលការជូនដំណឹងមុនរយៈពេល ៣ ថ្ងៃទៅអាជ្ញាធរមូលដ្ឋានរបស់អង្គការសង្គមស៊ីវិលដែលធ្វើវេទិកាសាធារណៈ ថែមទាំងបង្កើតឱ្យមានកិច្ចសន្ទនាគ្នា ២ ដងក្នុង ១ ឆ្នាំរវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។
ការលើកឡើងរបស់មន្ត្រីរូបនេះគឺដើម្បីឆ្លើយតបទៅនឹងការបង្ហាញរបាយការណ៍របស់អគ្គលេខាធិការស្ដីពីតួនាទី និងសមិទ្ធផលរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងការផ្ដល់ជំនួយដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ របាយការណ៍លើកឡើងថាចំណាត់ការរបស់រដ្ឋាភិបាលជាច្រើនដែលនាំឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិ និងសេរីភាពនៅកម្ពុជានាពេលកន្លងមក។
របាយការណ៍ក៏បានលើកពីការរៀបចំការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដោយគ្មានវត្តមានចូលរួមពីអតីតគណបក្សសង្គ្រោះជាតិដែលធ្វើឱ្យអ្នកគាំទ្រគណបក្សនេះប្រហែល ៤៤% នៃអ្នកមានសិទ្ធិបោះឆ្នោតសរុបត្រូវបាត់បង់សិទ្ធិចូលរួមផ្នែកនយោបាយ។
ថ្វីដ្បិតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអះអាងអំពីចំនួនអ្នកទៅបោះឆ្នោតមានប្រហែល ៨៣% នៃចំនួនសរុបនៃអ្នកបោះឆ្នោតក្ដី ប៉ុន្តែតាមសេចក្ដីរាយការណ៍ថា ប្រជាពលរដ្ឋត្រូវបានគេបំភិតបំភ័យ ឬផ្ដល់ប្រាក់ដើម្បីចេញទៅបោះឆ្នោត។ រីឯអង្គការសង្គមស៊ីវិលបានប្រឈមនឹងការយាយីនៅក្នុងដំណើរការមុនការបោះឆ្នោតនេះ។
របាយការណ៍ដដែលក៏បានលើកឡើងនូវការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានគេអះអាងថា ធ្វើឡើងតាមអំពើចិត្ត។ ការរំលាយបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំង និងហាមឃាត់មន្ត្រីជាន់ខ្ពស់ ១១៨ រូបរបស់អតីតបក្សនេះពីការធ្វើសកម្មភាពនយោបាយ ៥ ឆ្នាំបាននាំឱ្យមានការដាក់សំណួរជុំវិញភាពត្រឹមត្រូវនៃការបោះឆ្នោតរួមទាំងក្ដីកង្វល់ជុំវិញការចាប់ខ្លួនអ្នកសារព័ត៌មាន អ្នកវិភាគនយោបាយ សកម្មជនដីធ្លី និងបុគ្គលិកអង្គការសង្គមស៊ីវិលមួយចំនួនទៀត។
នៅក្នុងរបាយការណ៍របស់អគ្គលេខាធិការស្ដីពីតួនាទី និងសមិទ្ធផលរបស់ការិយាល័យ UN ប្រចាំកម្ពុជាក៏បានទទូចដល់រដ្ឋាភិបាល និងអ្នកនយោបាយជួបសន្ទនាគ្នាដើម្បីកាត់បន្ថយភាពតានតឹងនយោបាយ និងធានាឱ្យមានការគោរពឱ្យពេញលេញឡើងវិញនូវសិទ្ធិជាមូលដ្ឋានទាំងឡាយរបស់ពលរដ្ឋ។
របាយការណ៍សរសេរថា «(អគ្គលេខាធិការ) លើកទឹកចិត្តឱ្យមានការជជែកពិភាក្សាសាធារណៈបើកទូលាយបន្ថែមទៀតជាមួយនឹងការគោរពឱ្យបានពេញលេញនូវសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពជួបជុំ និងសេរីភាពប្រមូលផ្ដុំដោយសន្ដិវិធី និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈដោយផ្ទាល់តាមរយៈអ្នកតំណាងដែលត្រូវបានជ្រើសរើសដោយសេរី»។
ទោះជាយ៉ាងណាមន្ត្រីតំណាងកម្ពុជារូបនោះអះអាងថា ការញុះញង់អំពើក្បត់ជាតិ និងការចង់ធ្វើរដ្ឋប្រហារដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺមិនមែនជាការអនុវត្តសិទ្ធិនយោបាយ និងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យនោះទេ។ លើសពីនេះលទ្ធិប្រជាធិបតេយ្យកម្ពុជាក៏មិនអាចឱ្យគេប្លន់យកទៅបម្រើគោលបំណងនយោបាយទុច្ចរិតបានដែរ។
ជាមួយគ្នានេះលោក ជិន ម៉ាលីន មន្ត្រីនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ៣០ កញ្ញាថារាល់អនុសាសន៍ពាក់ព័ន្ធនឹងអតីតគណបក្សប្រឆាំងគឺ កម្ពុជាមិនទទួលយកមកអនុវត្តឡើយ ហើយចាត់ទុករាល់អនុសាសន៍ទាំងនោះមានចរិតនយោបាយ ដោយសារមិនផ្អែកតាមបច្ចេកទេសនៃការអនុវត្តសិទ្ធិសេរីភាព ថ្វីដ្បិតអ្នករាយការណ៍ពិសេសលោកស្រី រ៉ូណា ស្ម៊ីត បានអះអាងថាសិទ្ធិមនុស្សគឺផ្ដោតលើមនុស្ស និងមិនមែនសំដៅលើនយោបាយក្ដី។
លោក ស៊ឹង សែនករុណា មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក) លើកឡើងថា ការបដិសេធរបស់រដ្ឋាភិបាលមិនទទួលយកអនុសាសន៍ ឬការទទូចពីអង្គការអន្តរជាតិដើម្បីដោះស្រាយភាពតានតឹងនយោបាយ ប៉ុន្តែបែរជាចាត់ទុកអនុសាសន៍ថាមានចរិតនយោបាយនោះ គឺរដ្ឋាភិបាលគ្រាន់តែចង់ការពាររបបដឹកនាំរបស់ខ្លួន ដោយមិនគិតអំពីប្រយោជន៍រួមរបស់ប្រទេសជាតិ។
លោកបន្តថា កន្លងមកប្រទេសមួយចំនួនដែលមិនទទួលស្គាល់អំពីរបាយការណ៍របស់អង្គការអន្តរជាតិជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស ហើយមិនធ្វើការកែតម្រូវ បែរជាអះអាងថាខ្លួនបានគោរពតាមគោលការណ៍សិទ្ធិមនុស្ស ហើយបានការពារអធិបតេយ្យ និងសន្ដិភាព ប្រទេសទាំងនោះនឹងមិនមាននិរន្តរភាពយូរអង្វែងឡើយគឺតែងមានពលរដ្ឋរបស់ខ្លួនងើបផ្ដួលរំលំដោយសារការមិនពេញចិត្តនឹងរដ្ឋាភិបាលនៃប្រទេសនោះ។
លោក ករុណា បានថ្លែងថា៖ «ប៉ុន្តែបើចេះទទួលយកអនុសាសន៍ទាំងអស់ហ្នឹង គឺយើងសម្គាល់មើលមានការកែប្រែច្រើន។ ប្រជាជាតិរបស់ខ្លួនមូលមាត់គ្នា សហការគ្នា និងរួមចិត្តរួមកាយគ្នា ដើម្បីផ្ដល់មតិយោបល់ និងប្រឹងប្រែងធ្វើកិច្ចការដើម្បីប្រទេសជាតិទាំងអស់គ្នា។ អាហ្នឹង! ល្អមែនទែន ហើយប្រទេសហ្នឹងបានកសាងដើម្បីប្រយោជន៍រួមអ៊ីចឹងទៅ»៕