ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​តាម​អនឡាញ ខណៈ​ការ​ប្រើប្រាស់​សេវា​នេះ មិន​ថា​ក្នុង​តំបន់​ប្រឈម ឬ​មិន​ប្រឈម​នោះ​ទេ​ ក៏​ជា​កត្តា​ហានិភ័យ​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ផង​ដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​ស្តីពី​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ កាល​ពី​ព្រឹក​ថ្ងៃទី ៦ ឧសភា លោក នួន ផារ័ត្ន អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា៖ «​ការ​កម្មង់​ទិញ​តាម​អនឡាញ យើង​មិន​អនុញ្ញាត​ឲ្យ​ចូល​តំបន់​ក្រហម​ទេ។ ប៉ុន្តែ​យើង​ក៏​ឃើញ​ថា មាន​បងប្អូន​យើង​ខ្លះ ក៏​គាត់​បញ្ជា​ទិញ​តាម​អនឡាញ​ដែរ ដោយ​ដើរ​មក​យក​នៅ​ព្រំប្រទល់។ អាជ្ញាធរ​យើង ក៏​អនុគ្រោះ​ដែរ បើ​មើល​ឃើញ​ថា មិន​មាន​ហានិភ័យ»។

លោក​សង្កត់​ធ្ងន់​ថា៖ «ការ​កម្មង់​ទិញ​ខ្លះ មាន​តែ​គុជ មាន​កាហ្វេ​ដោះគោ​ទឹកកក​ជាដើម។ ខ្ញុំ​យល់​ថា នេះ​ជា​តម្រូវ​ការ​ចាំបាច់ ព្រោះ​វា​របស់​ហូប​រាល់​ថ្ងៃ។ ប៉ុន្តែ​សូម​បងប្អូន​កាត់​បន្ថយ ព្រោះ​វា​ជា​ហានិភ័យ​មួយ​ធំ​ណាស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ តាមរយៈ​លុយ និង​អីវ៉ាន់​ដែល​យើង​កម្មង់​ទិញ​តាម​អនឡាញ​នេះ។ យើង​មិន​ហាម​ឃាត់​ទេ ដោយ​គ្រាន់​តែ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន»។

ការ​អះអាង​បែប​នេះ ដោយ​លោក​សំអាង​ថា មាន​អ្នក​ជំងឺ​កូវីដ ១៩ មួយ​ចំនួន គឺ​បាន​ឆ្លង​ជំងឺ​នេះ ដោយ​គ្មាន​ប្រភព ខណៈ​ពួក​គេ​មិន​បាន​ចាកចេញ​ពី​ផ្ទះ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ទាល់​​តែ​សោះ ដោយ​គ្រាន់​តែ​មាន​ការ​បញ្ជា​ទិញ​អីវ៉ាន់​តាម​អនឡាញ​ប៉ុណ្ណោះ។

លោក នួន ផារ័ត្ន បាន​ប្រកាស​ថា មន្ត្រី​នឹង​រៀបចំ​គ្រឿង​ឧបភោគ​បរិភោគ ដែល​ជា​ទីផ្សារ​ស្បៀង​របស់​រដ្ឋ​ចូល​ឲ្យ​បាន​កៀក​នឹង​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ក្រហម​ដែល​មាន​លទ្ធភាព​ទិញ​បាន។ ខណៈ​នោះ​ជំនួយ​របស់​រដ្ឋាភិបាល ក៏​នឹង​បន្ត​ផ្តល់​ជូន​ពលរដ្ឋ ដែល​គ្មាន​លទ្ធភាព​ក្នុង​តំបន់​នោះ​ផង​ដែរ។

យុវតី​ម្នាក់​ដែល​រស់នៅ​ក្នុង​ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ កញ្ញា ទូច ដានី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា គ្រួសារ​របស់​នាង​នៅ​តែ​ចាំបាច់​ត្រូវការ​ការ​បញ្ជា​ទិញ​តាម online ជា​ញឹកញាប់ បើ​ទោះ​មាន​ការ​បារម្ភ។

កញ្ញា​និយាយ​បែប​នេះ ក៏​ព្រោះ​តែ​មិន​មាន​ជម្រើស ដោយសារ​គោរព​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល​មិន​ឲ្យ​ចេញ​ពី​ផ្ទះ។ បន្ថែម​ពី​នេះ កញ្ញា​យល់​ថា វា​​ក៏​ជួយ​កាត់​បន្ថយ​ការ​ចម្លង​បាន​មួយ​ភាគ ដោយសារ​មិន​បាន​ចេញ​ទៅ​ជួប​អ្នក​ដទៃ។ មួយ​វិញ​ទៀត​ការ​ទិញ​តាម online ក៏​មិន​សូវ​មាន​ហានិភ័យ​ដូច​ទៅ​ហាង​ផ្ទាល់​នោះ​ដែរ។

កញ្ញា​បញ្ជាក់​ថា៖ «មាន​ការ​បារម្ភ​ដែរ ខ្លាច​ថា អ្នក​ដឹក​ជញ្ជូន​នេះ គាត់​កើត​ជំងឺ​ឆ្លង​កូវីដ ១៩ ហ្នឹង។ អ៊ីចឹង​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ភ័យ​ព្រួយ​ដែរ ខ្លាច​គាត់​ជា​អ្នក​នាំ​ជំងឺ​មក​ផ្ទះ​របស់​ពួក​យើង ដែល​យើង​ជា​អ្នក​នៅ​ផ្ទះ​អ៊ីចឹង។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​ចំនួន​អ្នក​បញ្ជា​ទិញ​តាម​អនឡាញ គឺ​ច្រើន​តែ​ម្តង ដូច​អ្នក​ផ្ទះ​ខ្ញុំ អ៊ីចឹង​ដំបូង​គាត់​មិន​ចេះ​ទេ»។

លោក ហែន ភារៈ វេជ្ជបណ្ឌិត​ផ្នែក​ផ្លូវ​ដង្ហើម ដែល​មាន​បទពិសោធ​ជាង ២០ ឆ្នាំ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា ក្នុង​បរិបទ​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន ការ​បញ្ជា​ទិញ​តាម​អនឡាញ​ក្នុង​អំឡុង​ពេល​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ គឺ​ត្រូវ​បាន​ហាម​ឃាត់ ដោយ​រដ្ឋាភិបាល​ជំនួស​មក​វិញ​នូវ​បណ្ណ​ដល់​ពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គេ​អាច​មក​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​តាម​ការ​រៀបចំ​ត្រឹមត្រូវ។

ទោះ​យ៉ាង​ណា លោក​យល់ថា សម្រាប់​បរិបទ​កម្ពុជា គឺ​មិន​អាច​បិទ​ការ​បញ្ជា​ទិញ​តាម​អនឡាញ​បាន​ទេ។ ព្រោះ​សេវា​នេះ បាន​ចូល​រួម​ចំណែក​ផ្តល់​ស្បៀង​ដល់​ពលរដ្ឋ​ដែល​កំពុង​ជាប់​គាំង​ក្នុង​ផ្ទះ ហើយ​ពលរដ្ឋ​អាច​នឹង​មាន​ការ​លំបាក បើ​គ្មាន​សេវា​នេះ នៅ​ក្នុង​តំបន់​របស់​ពួក​គាត់។

លោក​បញ្ជាក់​ថា៖ «ទំនិញ​លក់​តាម​អនឡាញ ក៏​អាច​ឆ្លង​ជាយថាហេតុ​ដែរ ព្រោះ​យើង​នៅ​តំបន់​ក្រហម​នេះ គឺ​យើង​អាច​មាន​ដោយ​មិន​ដឹង​ខ្លួន ហើយ​អ្នក​ទទួល​ផ្សេង​នោះ​ក៏​ប្រឈម​នឹង​ការ​ឆ្លង​ដែរ។ ក្នុង​ស្ថានភាព​នេះ យើង​អ្នក​វេចខ្ចប់​នេះ យើង​បាញ់​អាល់កុល បាញ់​អី ហើយ​អ្នក​ទទួល មុន​នឹង​ទទួល​អីវ៉ាន់​នោះ ក៏​ត្រូវ​បាញ់​អាល់កុល និង​ទុក​ចោល​ក្រៅ​ផ្ទះ​មួយ​រយៈ​សិន​ទៅ ចាំ​យើង​យក​ទំនិញ​ចូល​ផ្ទះ»៕