
វាគ្មិនក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់ដោយសារថ្នាំជក់ពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជំនាញផ្នែកសុខភាពដែលធ្វើការពាក់ព័ន្ធនឹងផលប៉ះពាល់នៃថ្នាំជក់បានអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធថ្នាំជក់បន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់នៃអ្នកជំងឺដែលបង្កឡើងដោយការជក់បារី។
ការអំពាវនាវនេះបានធ្វើឡើងដោយផ្អែកលើលទ្ធផលនៃរបាយការណ៍អង្កេតមួយ ដែលត្រូវបានធ្វើឡើងកាលពីដើមឆ្នាំ ២០១៧ ដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្ដីពីការយល់ឃើញក្នុងចំណោមយុវជនអំពីលទ្ធភាពក្នុងការទិញបារី ឬ (ថ្នាំជក់ ថ្នាំចុក) និងសម្ភារជក់បារី។
របាយការណ៍បានបង្ហាញថា ក្នុងនោះយុវជនកម្ពុជាដែលមានអាយុពី ១៨-២៤ ឆ្នាំ ប្រមាណ ៥០ ភាគរយយល់ស្របថា តម្លៃបារីគួរតែដំឡើងថ្លៃពី ១០ ០០០ រៀល ឡើងទៅក្នុង ១ កញ្ចប់ ដើម្បីកាត់បន្ថយអត្រានៃអ្នកជក់បារី និងការពារពួកគេពីគ្រោះថ្នាក់បណ្ដាលមកពីការជក់បារី។
លោក Ulysses Dorotheo នាយកប្រតិបត្តិសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងនៅក្នុងសិក្ខាសាលាមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារថាគោលនយោបាយថ្នាំជក់ ត្រូវបានពង្រឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគោលនយោបាយទាំងនេះពុំទាន់ឆ្លើយតបទាំងស្រុងចំពោះការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់និងការបង្កើនប្រាក់ចំណូលពន្ធរបស់រដ្ឋាភិបាលសម្រាប់កម្មវិធីអភិវឌ្ឍន៍សង្គមនៅឡើយ។
លោកថ្លែងថា៖ «កម្ពុជាហូតពន្ធត្រឹមតែ ២៥-៣០ ភាគរយធៀបនឹងតម្លៃលក់រាយលើផលិតផលថ្នាំជក់ គឺនៅមានកម្រិតទាបជាងគេបើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន»។
លោកបន្ថែមថា៖ «កម្ពុជាគប្បីដំឡើងពន្ធឬហូតពន្ធ ៥០ ភាគរយ ធៀបនឹងតម្លៃលក់រាយលើផលិតផលថ្នាំជក់ ខណៈប្រទេសជាសមាជិកក្នុងតំបន់អាស៊ានមួយចំនួនដូចជា ប្រ៊ុយណេ និង ថៃ ក្នុងពេលបច្ចុប្បន្ន បានហូតពន្ធថ្នាំជក់រហូតដល់ចន្លោះពី ៦០-៧០ ភាគរយ»។
លោក Ulysses Dorotheo ក៏បានព្រមានដែរថា អ្នកដែលជក់បារីក្នុង ១ ថ្ងៃអស់ពី ១ កញ្ចប់ឡើងទៅ ពួកគេនឹងថយអាយុ ១០ ឆ្នាំ ហើយវាមិនគ្រាន់តែបង្កផលប៉ះពាល់ផ្នែកសុខភាពសម្រាប់តែខ្លួនពួកគេម្នាក់ៗនោះទេ តែប៉ះពាល់ដល់ក្រុមគ្រួសារ សហគមន៍ ព្រមទាំងបរិស្ថាន និងសេដ្ឋកិច្ចក្នុងសង្គមរបស់ពួកគេទាំងមូល។
លោកថ្លែងថា៖ «ក្នុងចំណោមមនុស្ស ១០ នាក់ ដែលជក់បារី និងចុកថ្នាំជក់ មាន ៦ នាក់ហើយដែលទទួលស្គាល់ថា វាបានធ្វើឲ្យពួកគេជួបប្រឈមនឹងជំងឺធ្ងន់ធ្ងរដូចខាងលើ ហើយពួកគេបានព្យាយាមបញ្ឈប់វាបានដោយជោគជ័យតាមរយៈកម្មវិធីផ្សព្វផ្សាយអប់រំរបស់យើង ខណៈ ៤ នាក់ទៀតកំពុងស្ថិតក្នុងការពិចារណាដើម្បីបញ្ឈប់ការប្រើប្រាស់ផលិតផលថ្នាំជក់»។
នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ ប្រធានកម្មវិធីជាតិគ្មានផ្សែងបារីនៃអង្គការសុខភាពពិភពលោកបានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់ឲ្យខ្ពស់ គឺជាវិធានការដែលមានប្រសិទ្ធភាពបំផុត ព្រោះវាមិនតម្រូវឲ្យរដ្ឋាភិបាលចំណាយអ្វីទាំងអស់។
ផ្ទុយទៅវិញវិធានការនេះ នឹងបង្កើននូវប្រាក់ចំណូលពន្ធសម្រាប់ទ្រទ្រង់ការថែទាំសុខភាពប្រជាពលរដ្ឋគ្រប់រូប និងជាផ្នែកមួយឈានឆ្ពោះទៅរកការកាត់បន្ថយនូវអត្រាអ្នកជក់បារី និងអ្នកជំងឺ ដែលបង្កឡើងដោយការជក់ឬ ស្រូបផ្សែងបារីដោយមិនដឹងខ្លួននៅកម្ពុជា។
លោក ដារ៉ាវុធ បានបញ្ជាក់ថា៖ «ក្នុង ១ ឆ្នាំៗប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១០ ០០០ នាក់ បានស្លាប់ដោយសារការជក់បារី ចុកថ្នាំ និងស្រូបផ្សែងបារីដោយប្រយោល។ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ ដែលបង្កឡើងដោយថ្នាំជក់ រដ្ឋាភិបាលចាំបាច់ត្រូវដំឡើងពន្ធលើផលិតផលពីថ្នាំជក់ឲ្យខ្ពស់។ វិធានការនេះនឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណូលបន្ថែម សម្រាប់យកទៅទ្រទ្រង់លើកម្មវិធីថែទាំសុខុមាលភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត»។
យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក ប្រជាពលរដ្ឋកម្ពុជាជាង ២ លាននាក់បាននិងកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះអ្នកជក់បារី មានជាង ១,៥ លាននាក់ និង ០,៥ លាននាក់ផ្សេងទៀតជាអ្នកចុកថ្នាំជក់។ រីឯនិន្នាការនៃការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវជនចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅក៏មានការកើនឡើងផងដែរ។
របាយការណ៍បង្ហាញទៀតថា ផលប៉ះពាល់ ដែលបង្កឡើងដោយការជក់បារី ចុកថ្នាំជក់ និង ស្រូបផ្សែងបារីដោយប្រយោល នឹងបណ្ដាលឲ្យកើតមានជំងឺមហារីក (សួត បេះដូង បំពង់ក មាត់ ធ្មេញ) ជំងឺរលាកផ្លូវដង្ហើម ជំងឺឡើងចុះសម្ពាធឈាមដាច់សរសៃខួរក្បាល និងជំងឺដុះសាច់ខួរក្បាល។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បីសុខភាពកម្ពុជានិយាយថា ការដំឡើងពន្ធខ្ពស់លើផលិតផលបារី ជាផ្នែកមួយដែលអាចកាត់បន្ថយចំនួនអ្នកជក់ក្នុងចំណោមយុវជន ប៉ុន្តែ វាចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានល្អប្រកបដោយតម្លាភាព រួមទាំងបង្កើនការផ្សព្វផ្សាយអប់រំឲ្យមានលក្ខណៈទូលំទូលាយដល់ថ្នាក់មូលដ្ឋាន។
លោកថា អ្នកជំនាញផ្នែកសុខភាព និងសេដ្ឋកិច្ច បានឯកភាពគ្នាថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាទៀងទាត់ និងឲ្យទាន់កម្រិតអតិផរណា និងការកើនឡើងនៃប្រាក់ចំណូលក្នុងគ្រួសារ គឺជាផ្នែកមួយនៃការចូលរួមលើកកម្ពស់សុខភាពសាធារណៈឲ្យបានកាន់តែប្រសើរឡើង។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាគួរតែមានទិសដៅច្បាស់លាស់ក្នុងការដកហូតពន្ធឲ្យខ្ពស់លើផលិតផលថ្នាំជក់ដើម្បីធ្វើឲ្យផលិតផលថ្នាំជក់មានតម្លៃថ្លៃ ដែលពលរដ្ឋភាគច្រើនមិនអាចទិញវាមកប្រើប្រាស់បាន»។
ទាក់ទងនឹងការដកហូតពន្ធថ្នាំជក់នេះដែរ ក្រុមអ្នកជំនាញផ្ដល់អនុសាសន៍ថា រចនាសម្ព័ន្ធពន្ធរបស់កម្ពុជាគួរតែផ្លាស់ប្ដូរតាមប្រព័ន្ធជាក់លាក់ (Uniform Specific Tax System) ដែលងាយស្រួលជាងប្រព័ន្ធបច្ចុប្បន្ន សម្រាប់រដ្ឋបាលសារពើពន្ធ។
គួរតែតម្រូវឲ្យមានអាជ្ញាប័ណ្ណសម្រាប់គ្រប់អ្នកផលិត អ្នកនាំចូល អ្នកចែកចាយនិងអ្នកលក់រាយផលិតផលថ្នាំជក់ ដើម្បីសម្រួលដល់ការប្រមូលពន្ធ និងប្រយុទ្ធប្រឆាំងនឹងការផលិត និងការនាំចូលខុសច្បាប់នូវផលិតផលថ្នាំជក់។
លោក ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕