កណ្តាល៖​ មន្ត្រី​ពន្ធនាគារ​ខេត្តកណ្ដាល​ម្នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ចាប់​ឃាត់ខ្លួន​ នៅ​ថ្ងៃ​ទី ២៥ ខែ​ កុម្ភៈ ឆ្នាំ ២០២១ និង​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ ពី​បទ​ឆបោក ពាក់ព័ន្ធ​ករណី​ឆបោក​​ប្រាក់​​ជាង ២ ០០០​ ដុល្លារ ពី​ក្រុមគ្រួសារ​ជន​ជាប់ឃុំ​ម្នាក់ ដោយ​ធានា​ជួយ​រត់ការ​ដោះលែង​សមា​ជិក​គ្រួសារ​របស់​ពួកគេ មុន​កាល​កំណត់​។

​លោក រឿន ណា​រ៉ា ស្នងការ​រង​ ទទួលបន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក តុង ដា​រ៉ា​ មន្ត្រី​ពន្ធនាគារ​ខេត្ត​កណ្តាល ​ត្រូវបាន​លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​ខេត្តកណ្តាល ចេញ​ដីកា​បង្គាប់​ឲ្យ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌ នាំខ្លួន​យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តជា​បណ្ដោះ​អាសន្ន ដោយ​ចោទ​ប្រកាន់​ពីបទ «ឆបោក​»។

លោក​ថ្លែងថា៖ «យើង​មិន​ដឹង​ថា​ គាត់​បាន​ប្រព្រឹត្ត​អំពើ​ឆបោក ប៉ុន្មាន​ករណី​នោះទេ។ ប៉ុន្តែ​ករណី​បែកធ្លាយ​ចុង​ក្រោយ​នេះ គឺគាត់​បាន​ឆ​បោ​កលុយ​ជាង ២ ០០០ ​ដុល្លារ ​ពី​គ្រួសារ​ជន​ជាប់ឃុំ​ម្នាក់ ដោយ​សន្យាថា​ ជួយ​រត់ការ​ដោះ​លែង​ជន​ជាប់ឃុំ​ម្នាក់ឲ្យ​បាន​នៅ​ក្រៅ​ឃុំមុន​កាល​កំណត់​»។

ជុំវិញ​ករណីនេះ លោក សូ សារិន អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល បាន​​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​​ទី ​២៥ ខែ​កុម្ភៈ​​ថា លោក តុង ដា​រ៉ា ពិតជា​ត្រូវបាន​ក្រុមគ្រួសារ​ ជន​ជាប់ឃុំ​ប្ដឹង​ចោទ​ពីបទ «ឆបោក» ហើយ​ត្រូវបាន​លោកស្រី ពេជ្រ ម៉ា​រ៉ែ​ន សម្រេច​​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ យកទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ជា​បណ្ដោះអាសន្ន​ ដើម្បី​រង់ចាំ​ការ​ជំនុំ​ជម្រះ​ក្ដី​ជា​ក្រោយ​។

លោក សារិន ថ្លែងថា៖«នៅពេលនេះ គាត់​ត្រូវបាន​មន្ត្រី​នគរបាល​យុត្តិ​ធម៌​ នាំយក​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​បន្ទាប់​ពី​តុលា​ការ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក​»។

មន្ត្រី​ពន្ធនាគារ​ម្នាក់ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា កន្លង​មក លោក តុង ដា​រ៉ា​ ធ្លាប់​ត្រូវ​បាន​អង្គភាព​ហៅ​សួរនាំ អំពី​ករណី​នេះ និង​បាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់​រដ្ឋបាល​ផងដែរ ប្រសិន​បើ​គាត់​មិន​ដោះស្រាយ​សង​ប្រាក់​ទៅ​ម្ចាស់​បំណុល ឬទុក​បណ្ដោយ​ឲ្យ​ករណីនេះ ផ្ទុះ​ឮ​ចេញទៅ​ក្រៅ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ របស់​អង្គភាព។

ជុំវិញ​ករណី​នេះ លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ករណី​របស់លោក តុង ដា​រ៉ា ឆបោក​ប្រាក់​​ជាង ២ ០០០ ដុល្លារ​ ពី​គ្រួសារ​ជន​ជាប់ឃុំ​នេះ បាន​កើត​ឡើង​រយៈពេល​ប្រមាណ​ ១ ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​នៅពេល​ក្រុម​ប្រឹក្សា​វិន័យ​ នៅក្នុង​អង្គភាព ​ហៅ​មក​សាក​សួរ មន្ត្រី​រូប​នេះ​ បាន​បដិសេធ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដឹង​ថា គាត់​ឆបោក​យកលុយ​យក​កាក់​ ពី​ក្រុមគ្រួសារ​ជន​ជាប់ឃុំ​យ៉ាងដូចម្ដេច​នោះទេ។ ប៉ុន្តែ​អង្គភាព​របស់​យើង ​មិន​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ឡើយ។ ទោះជា​បែប​ណា បទ​ល្មើស​របស់គាត់ មិន​ពាក់​ព័ន្ធ​នឹង​អង្គ​ភាព​នោះ​ទេ»៕