The Phnom Penh Post Search

Search form

មន្ត្រី​ពន្ធនាគារ​ខេត្ត​រតនគិរី ​ត្រូវ​បាន​ឃុំ​ខ្លួន​រឿង​អ្នក​ទោស​លួច​រត់

Content image - Phnom Penh Post
ពន្ធនាគារ​ខេត្ត​រតនគិរី។

មន្ត្រី​ពន្ធនាគារ​ខេត្ត​រតនគិរី ​ត្រូវ​បាន​ឃុំ​ខ្លួន​រឿង​អ្នក​ទោស​លួច​រត់

រតនគិរីៈ នាយ​ការិយាល័យ​អប់រំ​កែប្រែ​នៃ​ពន្ធនាគារ​ខេត្ត​រតនគិរី​ថ្នាក់​វរសេនីយ៍ឯក លោក ខ្យាល ប៉ាង៉ាង ត្រូវ​បាន​ឃុំ​បណ្ដោះអាសន្ន​ភ្លាមៗ​បន្ទាប់ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ១៤ ​ខែ​កក្កដា​ពាក់ព័ន្ធ​នឹង​ករណី​អ្នក​ទោស​លួច​រត់​ចេញ​ពី​ពន្ធនាគារ​កាលពី​ខែ​​ឧសភា​ឆ្នាំ​ ២០១៧ កន្លង​ទៅ​នេះ​។

លោក កែវ ពិសុទ្ធ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលា​ខេត្ត​រតនគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​ការ​ឃាត់​ និង​ឃុំ​ខ្លួន​លោក ខ្យាល ប៉ាង៉ាង ភេទ​ប្រុស អាយុ​ ៥២ ​ឆ្នាំ ជនជាតិ​គ្រឹង រស់នៅ​ភូមិ​ ២ ឃុំ​ល្អក់ ស្រុក​អូរជុំ ខេត្ត​រតនគិរី​នេះ​គឺ​ផ្អែក​តាម​ដីកា​របស់​តុលាការ​ខេត្ត​រតនគិរី​។

លោក​ថា​ការ​សម្រេច​ឃុំ​ខ្លួន​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ប៉ុន្តែ​តំណាង​អយ្យការ​ស្នើ​ឱ្យ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។

លោក​បញ្ជាក់​ថា​៖ «​តំណាង​អយ្យការ​ដែល​កាន់​សំណុំ​រឿង​នេះ​នឹង​ចោទ​ជន​ត្រូវ​ចោទ​ក្នុង​ករណី​ជួយ​សម្រប​សម្រួល​ឲ្យ​អ្នក​ទោស​លួច​រត់​ចេញ​ពី​ពន្ធនាគារ​ ឬ​បង្ក​​ភាព​ងាយស្រួល​ដល់​អ្នក​ទោស​គេច​...​តាម​ស្ថាន​ទម្ងន់ទោស​ជាក់ស្ដែង​»​។

លោក ទិន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​លោក​ ខ្យាល ប៉ាង៉ាង ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ដោយ​មិន​ដាក់​ឲ្យ​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី​ទេ ដោយសារ​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​។

បើ​តាម​លោក សុវណ្ណនី អ្នក​ទោស​ដែល​លួច​រត់​ ៥ ​នាក់​នោះ ទី​ ១.​ឈ្មោះ សូម ហាក់ ចាប់​ខ្លួន​ពី​បទ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ទី​ ២.ឈ្មោះ កែវ ចន្ទ ចាប់​ខ្លួន​ពី​បទ​រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន ទី​ ៣.​ឈ្មោះ កែវ ឆក ចាប់​ខ្លួន​ពី​បទ​រក្សាទុក​ និង​ប្រើប្រាស់​សារធាតុ​ញៀន ទី​ ៤.​ឈ្មោះ សុខ នី ចាប់​ខ្លួន​ពី​បទ​លួច​កាប់​ដើម​ធ្នង់​ក្នុង​តំបន់​រមណីយដ្ឋាន​អូរស៊ីនលែរ៍ និង​ទី​ ៥.​ឈ្មោះ នង ​វណ្ណា ជាប់​ទោស​ពី​បទ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​»​។

លោក​បន្ថែម​ថា​ការ​ឃាត់​ និង​ឃុំ​ខ្លួន​នេះ​គឺ​យោង​តាម​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​លោក ឈុន ច័ន្ទសីហា ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បញ្ញត្តិ​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​ ៥៦៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ឲ្យ​​សមត្ថកិច្ច​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​រហូត​មាន​សេចក្ដី​សម្រេច​ជាថ្មី​។

លោក សុវណ្ណ ប៊ុនថៃ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា​លោក​ទើប​តែ​ទទួល​បាន​ព័ត៌មាន​នេះ​ដែរ ប៉ុន្ដែ​មិន​ទាន់​បាន​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទេ តែ​​លោក​ថា​នឹង​ស៊ើប​ឲ្យ​បាន​ឆាប់​បំផុត​។

លោក​ថា​៖ «​ពេល​នេះ​ខ្ញុំ​ទើប​តែ​ទទួល​បាន​ព័ត៌មាន​ទេ យ៉ាង​ណា​ខ្ញុំ​អត់​ហ៊ាន​និយាយ​អ្វី​ច្រើន​ទេ ដោយ​រង់ចាំ​ស៊ើបអង្កេត​សិន ...»​។

លោក គឹម រស្មី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​រតនគិរី​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

កាលពី​រំលង​អធ្រាត្រ​យប់​ថ្ងៃ​ទី​ ២៥ ​ឈាន​ចូល​ថ្ងៃ​ទី​ ២៦ ​ខែ​ឧសភា​មាន​អ្នកទោស​ ៥ ​នាក់​បាន​លួច​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​រតនគិរី​តែ​ភ្លាមៗ​នោះ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ចាប់​បាន​ម្នាក់​មក​វិញ​។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ ៦ ​ខែ​មិថុនា សមត្ថកិច្ច​ក៏​ចាប់​បាន​ម្នាក់​ទៀត​នៅ​ស្រុក​វើនសៃ​។ ​ចំពោះ​អ្នក​ទោស​ ៣ ​នាក់​ទៀត​មិន​ទាន់​ចាប់​បាន​វិញ​នៅ​ឡើយ​ទេ​៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។