ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​ពន្ធនាគារ និង​មន្ត្រី​តំណាងឱ្យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ជួប​ពិភាក្សាគ្នា​ដើម្បី​រក​ដំណោះស្រាយ ជួយសង្គ្រោះ​ដល់​ជន​កំពុង​ជាប់ឃុំ​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​លិច​ពន្ធនាគារ ហើយ​បាន​ជម្លៀសចេញ​ទៅកាន់​ពន្ធនាគារ​ផ្សេងៗ​គ្នា​តាំងពី​ដើម​ខែតុលា​ប្រមាណ​ជាង ៣ ០០០ នាក់​។

លោក នុត សវនា អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា នេះ​ជំនួប​លើកដំបូង​ជាមួយ​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោក Pradeep Wagle តំណាង​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​តំណាង UNICEF និង​តំណាង​កាកបាទក្រហម​អន្តរជាតិ​ភាគី​ទាំង​ ២ ទទួលបាន​កិច្ចសហការ​ល្អ​ជាពិសេស​ការអប់រំ​កែប្រែ​ក្នុង​វិស័យ​ពន្ធនាគារ​នៅ​កម្ពុជា​។

លោក សវនា ថ្លែងថា​៖ «​នេះ​គឺជា​ជំនួប​បើកផ្លូវ​ថ្មី​មួយ​សម្រាប់​ធ្វើ​ការងារ​ជាមួយ​គ្នា​។ តាមរយៈ​លទ្ធផល​នៃ​ជំនួប​នេះ​លោកស្រី Pauline Tamesis នឹង​ទៅពិនិត្យ​ស្ថានភាព​ដោយផ្ទាល់​នៅ​ពន្ធនាគារ​ព្រៃស​ផងដែរ​នៅ​ថ្ងៃ​ពុធ ទី​ ២១ ខែតុលា​នេះ​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​ថ្លែង​ទៀតថា​៖ «​ជំនួប​ការងារ​ថ្មី​នេះ ពួកគាត់ (​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​) បាន​សហការ​គ្នា​ជា​ក្រុម​ដើម្បី​ជួយ​ដល់​យើង​។ ខ្ញុំ​បាន​ដាក់​ជា​តារាង​តម្រូវការ​សម្ភារ​អនាម័យ ស្បៀង ប្រេងឥន្ធនៈ និង​ឱសថ​សម្រាប់​ជួយសង្គ្រោះ​ដល់​ជន​ជាប់ឃុំ​ជាង ៣ ០០០ ​នាក់ ​ដែល​រង​ផលប៉ះពាល់​ផ្ទាល់​ដោយសារ​គ្រោះទឹកជំនន់​ទឹកភ្លៀង​»​។

លោក​បាន​បញ្ជាក់ថា តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ទទួលយក​សំណើ​យក​ទៅ​រិះរក​មធ្យោបាយ​ក្នុង​ការជួយ​ហើយ​។ ចំពោះ​ការស្នើ​ដល់​ការជួយ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​គឺ​ជួយ​ជួសជុល កែលម្អ​ទីតាំង​ពន្ធនាគារ​ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឡើង​វិញ បញ្ហា​នេះ​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ក៏​ឆ្លើយតប​ជា​វិជ្ជមាន ដោយ​បាន​សន្យាថា នឹង​ជួយ​ធ្វើ​ការងារ​បន្ថែម ពិសេស​ទៅលើ​កំណែទម្រង់​ប្រព័ន្ធ​យុត្ដិធម៌ និង​គោលនយោបាយ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការអនុវត្ដ​ទោស​ជំនួស​ឱ្យ​នៅ​ក្រៅ​ឃុំ​។

លោក សវនា បាន​ឱ្យ​ដឹងថា កាលពី​ពេលមុន​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផ្សេងៗ​នៅ​កម្ពុជា​មិន​ដែល​បាន​ធ្វើ​ការងារ​ស៊ីជម្រៅ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ទេ ជាពិសេស​ផ្នែក​ផ្ដល់ជំនួយ​ដោយ​ធ្លាប់​ស្ដាប់​តែ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ច្រើនជាង រាជរដ្ឋាភិបាល​ទើប​នាំឱ្យ​មាន​ការយល់​ខុស​មកលើ​វិស័យ​ពន្ធនាគារ​នៅ​កម្ពុជា​។

ដូច្នេះ​ជំនួប​ជាមួយ​អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា តំណាង​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​រួម​នឹង​ភ្នាក់ងារ​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​នេះ គឺជា​ការបើក​ទំព័រ​សករាជ​ថ្មី​ក្នុង​របប​ការងារ កិច្ចសហប្រតិបត្ដិការ​រវាង​ដៃគូ​អភវិឌ្ឍន៍​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ជាពិសេស​ទៅលើ​វិស័យ​អប់រំ​កែប្រែ​តែម្ដង​។

លោក សវនា បាន​បញ្ជាក់ថា ជន​ជាប់ឃុំ​ដែល​រង​ផលប៉ះពាល់​ទាំង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ២ (​ម​ ២) និង​នៅ​ពន្ធនាគារ​ខេត្ដ​បន្ទាយមានជ័យ​សរុប​មាន​ចំនួន​ជាង ៣ ១០០ នាក់ ខណៈ​បច្ចុប្បន្ន​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​ជិត ៤ ម៉ឺន​នាក់​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែង​ដោយ​យល់ឃើញ​ថា ក្នុង​ប្រតិបត្ដិការ​គម្រោង​ជាច្រើន​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គួរ​តែ​មាន​ការយក​ចិត្ដ​ទុកដាក់​ជួយ​ពី​ភាគី​សហគមន៍​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​មណ្ឌល​អប់រំ​កែប្រែ​មាន​ន័យ​ថា នៅពេល​មនុស្ស​បាន​ប្រព្រឹត្ត​នូវ​ទោសកំហុស​អ្វីមួយ ហើយ​ត្រូវ​ទទួល​ទោសទណ្ឌ​នៅក្នុង​ពន្ធនាគារ​គឺ​ទទួល​បាន​ការកែប្រែ​ខ្លួន​តាមរយៈ​ការរៀនសូត្រ​ពី​សីលធម៌ និង​ជំនាញ​ជាដើម​សម្រាប់​កែប្រែ​ខ្លួន​ពេល​ចាកចេញ​ពី​ពន្ធនាគារ​។ ប៉ុន្ដែ​យើង​សង្កេតឃើញ​ថា អ្នកទោស​ដែល​ជាប់ឃុំ ដូចជា អ្នកទោស​គ្រឿងញៀន​ ឬ​ចោរកម្ម​ជាដើម ពេល​ចេញ​ពី​ពន្ធនាគារ​មកវិញ​មិនបាន​កែប្រែ​ខ្លួន​ទេ​»​។

លោក សែនករុណា ក៏​ស្នើឱ្យ​មាន​ការគិតគូរ​ទៅដល់​សុខុមាលភាព​ឱ្យបាន​ដិតដល់​បន្ថែមទៀត ដល់​ជន​កំពុង​ជាប់ឃុំ ព្រោះ​សង្កេតឃើញ​ថា បច្ចុប្បន្ន​នៅមាន​ការខ្វះ​ចន្លោះ​នៅឡើយ ដូចជា​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បរិយាកាស​ក្នុង​ពន្ធនាគារ​ជាដើម​៕