ភ្នំពេញៈ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ៦ រូប​ ស្នើសុំ​ការបំភ្លឺ​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ពាក់ព័ន្ធ​នឹង​ «​ការចាប់ខ្លួន ការឃុំខ្លួន ការ​បំភិតបំភ័យ ការឈ្លប​មើល ការ​គំរាម​កំហែង និង​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​» ចំនួន​ ១៥ រូប​។ ប៉ុន្តែ​មន្ត្រី​កម្ពុជា​ពន្យល់ថា វិធានការ​ទាំងនោះ​ត្រូវ​បាន​ធ្វើ​ឡើង​ស្របតាម​ច្បាប់​កម្ពុជា​។

ក្នុង​លិខិត​កម្រាស់ ១៧ ទំព័រ​ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ដែល​រួមមាន​ទាំង​លោកស្រី រ៉ូណា ស្ម៊ីត អ្នក​រាយករណ៍​ពិសេស​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភ ចំពោះ​ការឃុំខ្លួន និង​ការចោទប្រកាន់​លើ​អ្នកការពារ​សិទ្ធិមនុស្ស​កម្ពុជា​រួមទាំង​ស្ត្រី​ជា​អ្នកការពារ​សិទ្ធិមនុស្ស និង​អង្គការ​សិទ្ធិ​ស្ត្រី​មួយចំនួន​ក្នុង​ការឆ្លើយតប​ទៅនឹង​ការការពារ​សិទ្ធិមនុស្ស និង​ការអនុវត្ត​សិទ្ធិសេរីភាព​របស់​ពួកគេ​ក្នុង​ការជួបប្រជុំ​ដោយ​សន្តិវិធី សិទ្ធិ​សមាគម និង​សេរីភាព​ក្នុង​ការបញ្ចេញមតិ​។

ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ក៏​សម្តែង​ការព្រួយបារម្ភ​ផងដែរ ចំពោះ​ការដាក់​ជា​បទល្មើស​ព្រហ្មទណ្ឌ​នូវ​មធ្យោបាយ​ដែល​អ្នកការពារ​សិទ្ធិមនុស្ស​ប្រើប្រាស់ ដើម្បី​អនុវត្ត​ការងារ​របស់​ខ្លួន​។ ការធ្វើ​ដូច្នេះ​ជា​ការរារាំង​ដល់​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការរាយការណ៍ និង​ការតស៊ូ​មតិ​ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ពួកគេ​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​ចំពោះ​របាយការណ៍​ដែល​អះអាង​ពី​ការប៉ុនប៉ង​រារាំង​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​ការតាមឃ្លាំមើល​បាតុកម្ម​អហិង្សា​។

នៅក្នុង​លិខិត​ដដែល​ក្រុម​អ្នក​ជំនាញ​បានលើក​ឡើង​ដោយ​លម្អិត​ករណី​ចាប់ខ្លួន​លោក រ៉ុង ឈុន ​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ករណី​វាយ​ទៅលើ​លោកស្រី អ៊ុក ឆាយាវី ករណី​ចាប់ខ្លួន​សកម្មជន​មាតា​ធម្មជាតិ ក្រុម​សកម្មជន​ខ្មែរ​ថាវរៈ និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​។ ក្រៅពីនេះ​ក៏​មាន​ការរៀបរាប់​អំពី​ការគំរាម​ដក​សហព័ន្ធ​សហជីព​កម្ពុជា​ពី​បញ្ជី​ដោយសារ​ការតវ៉ា​រឿង​រោងចក្រ​បិទទ្វារ​មិន​ផ្ដល់​សំណង​សមរម្យ ការគំរាមកំហែង លើ​សហជីព​នៃ​ក្រុម​អ្នកប្រមូល​សំរាម ក្រុមហ៊ុន​ស៊ីនទ្រី និង​លើ​សហព័ន្ធ​សហជីព​កម្មករនិយោជិត វិស័យ​ទេសចរណ៍​កម្ពុជា​ព្រម​ទាំង​ករណី​មួយចំនួន​ទៀត​។

លិខិត​រួម​នេះ​ធ្វើ​ឡើង​ដោយ​អ្នកជំនាញ​សិទ្ធិមនុស្ស​ក្នុង​វិស័យ​ចំនួន​ ៦ ​រូប កាលពី​ថ្ងៃទី​ ១០ វិច្ឆិកា ឆ្នាំ ២០២០ ប៉ុន្តែ​ទើបតែ​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ៨ មករា​ ឆ្នាំ​ ២០២១​។ រាជរដ្ឋាភិបាល​កម្ពុជា​មិនទាន់​បាន​ឆ្លើយតប​នៅឡើយ​ទេ​។ នេះ​បើតាម​ក្រុម​ការងារ​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស OHCHR ប្រចាំ​កម្ពុជា​។

ក្រុម​អ្នកជំនាញ​សរសេរ​ថា​៖ «​បុគ្គល​គ្រប់រូប មិន​គួរ​ត្រូវបាន​ចាប់ខ្លួន ឬ​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ ដោយសារ​តែ​ការចូលរួម​ដោយសារ​តែ​ការជួបជុំ ដោយ​សន្តិវិធី​នោះទេ​។ ការប្រើប្រាស់​កងកម្លាំង​ហួសហេតុ ប្រឆាំង​នឹង​ការអ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ដែល​ចូលរួម​ក្នុងការ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​ក៏​ជា​មូលហេតុ​នៃ​ក្ដីបារម្ភ​ដ៏ខ្លាំង​ផងដែរ​»​។

ក្នុង​នាម​ជា​អ្នកទទួល​អាណត្តិ​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ក្រុម​អ្នកជំនាញ​លើកឡើង​ថា ពួកគេ​មាន​ភារកិច្ច​ស្នើសុំ​ការបំភ្លឺ​រាល់​ករណី​ទាំងអស់​ដែល​ស្ថិតក្នុង​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ​។ ក្រុម​អ្នកជំនាញ​ស្នើសុំឱ្យ​រដ្ឋាភិបាល​កម្ពុជា​បំភ្លឺ​ចំនួន​ ៨ ​ចំណុច​រួមមាន​ព័ត៌មាន​អំពី​ករណី​ទាំងអស់​នេះ អង្គហេតុ និង​អង្គច្បាប់​នៃ​ការចាប់ខ្លួន​ការសម្រេច​ឃុំខ្លួន​ និង​ចោទប្រកាន់​ និង​បំបែក​បាតុកម្ម និង​ការឆែកឆេរ និង​ការរារាំង​មួយចំនួន​ទៀត​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​តប​លើ​លិខិត​នេះ​បាន​ទេ​កាលពី​ថ្ងៃទី​ ១០ មករា​។

ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែងថា ក្ដីបារម្ភ​ទាំងនេះ គឺជា​រឿង​ធម្មតា​ក្នុង​អាណត្តិ​របស់​ពួកគាត់ កាលណា​គាត់​ទទួល​បាន​ការតវ៉ា មាន​បណ្ដឹង ឬ​របាយការណ៍​ដែល​ផ្ញើ​ទៅ​គាត់​។ កម្ពុជា​នឹង​ធ្វើការ​បញ្ជាក់​ជូន​ទៅ​ពួកគាត់​។

លោក​បាន​បញ្ជាក់ថា សំណុំរឿង​ដែល​ក្រុម​អ្នកជំនាញ​លើកឡើង​គឺ​កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាត់វិធានការ​ដោយ​មាន​ភ័ស្តុតាង​រឹងមាំ​។ សកម្មភាព​របស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​លិខិត​នេះ មិនមែន​ជាការ​ការពារ​សិទ្ធិ​សេរីភាព និង​ជា​សកម្មភាព​ដែល​អនុញ្ញាត​ដោយ​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​នោះទេ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​សកម្មភាព​ទាំងអស់​នោះ​ត្រូវបាន​បញ្ញត្តិ​ក្នុង​ច្បាប់​ថា ជា​បទល្មើស ហើយ​សមត្ថកិច្ច​មាន​មូលដ្ឋាន​មាន​ភ័ស្តុតាង មាន​សក្ខីកម្ម​រឹងមាំ ក្នុង​ការដាក់​បន្ទុក និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ​។ ក្រុម​ដែល​រង​ការចោទប្រកាន់​នោះ​ទេ ដែល​មិនមាន​មូលដ្ឋាន​តាម​ផ្លូវ​ច្បាប់ សក្ខីកម្ម​រឹងមាំ ក្នុងការ​ដោះ​បន្ទុក តតាំង​នឹង​ការចោទ​នោះ ក្រៅ​តែ​ពី​ការចោទប្រកាន់ថា គេ​រំលោភ​សិទ្ធិ គេ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​»​។

ករណី​ទាំងអស់​ដែល​ត្រូវ​បានលើក​ឡើង​ក្នុង​លិខិត​នេះ​ត្រូវ​បាន​កម្ពុជា​បំភ្លឺ​ជា​ច្រើនដង​រួចហើយ ប៉ុន្តែ​ការចេញ​លិខិត​ជាថ្មី​នេះ​ទំនង​ជា​ធ្វើឡើង ដោយសារ​តែ​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំង​ ៦ ​រូបនេះ​បន្ត​ទទួលបាន​លិខិត​ពី​អ្នក​តវ៉ា​ដែលជា​សាច់ញាតិ​អ្នក​ជាប់ឃុំ និង​ពី​សង្គម​ស៊ីវិល​។ ដូច្នេះហើយ​បាន​ក្រុម​អ្នកជំនាញ​ត្រូវតែ​បំពេញ​កិច្ច​របស់គាត់ ដោយ​សុំឱ្យ​កម្ពុជា​​បកស្រាយ​លើ​ករណី​ទាំងនេះ​បន្តទៀត​។ នេះ​ជា​ការលើក​ឡើង​របស់លោក ម៉ាលីន​។

យ៉ាងណា​ក៏ដោយ​លោក​បញ្ជាក់ថា​៖ «​ការបង្ហាញ​ក្ដីកង្វល់ ការសុំ​ការបំភ្លឺ​នេះ​មិនមាន​ផលប្រយោជន៍​អ្វី​ដែល​អាចជួយ​ដល់​អ្នក​ជាប់ឃុំ​ទេ​។ អ្វី​ដែលមាន​ប្រយោជន៍​គឺ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ បង្ហាញ​ភ័ស្តុតាង​រឹងមាំ​ក្នុង​ការដោះ​បន្ទុក​ថា ពួកគេ​មិនមាន​ពិរុទ្ធ​ដូច​ការចោទ​។ កន្លងទៅ​មិនមាន​មូលដ្ឋាន​ផ្លូវច្បាប់​រឹងមាំ ដើម្បី​ដោះ​បន្ទុក​ទេ មាន​តែ​មូលដ្ឋាន​រឹងមាំ​របស់​សមត្ថកិច្ច​ក្នុង​ការចោទប្រកាន់​ពួកគេ​»​។

បើតាម​លោក ម៉ាលីន លិខិត​របស់​លោកស្រី​ ស្ម៊ីត និង​អ្នកជំនាញ​សិទ្ធិមនុស្ស​តាម​វិស័យ​ចំនួន​ ៥ ​រូប​ផ្សេងទៀត​ធ្វើឡើង​ក្នុង​រូបភាព​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​។ ដូច្នេះ​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ហ្ស៊ឺណែវ នឹង​ឆ្លើយតប និង​ពន្យល់​ដល់​អ្នកជំនាញ​សិទ្ធិមនុស្ស​ត្រឡប់​ទៅវិញ​។

សម្រាប់​ករណី​លោក រ៉ុង ឈុន ដែល​បាន​ចុះទៅ​ព្រំដែន​កម្ពុជា-វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាជ្ញាធរ​ចាត់ទុកថា ជា​ការញុះញង់​នោះ សាលាដំបូង​រាជធានី-ភ្នំពេញ​នឹង​បើកសវនាការ​នៅ​ថ្ងៃទី​ ១៥ មករា​ខាងមុខ​នេះ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​។ នេះ​បើ​តាម​លិខិតអញ្ជើញ​មេធាវី​របស់​ព្រះរាជអាជ្ញារង​ សេង ហៀង​៕