ភ្នំពេញៈ ​មន្ត្រី​បាន​លើកឡើង​ថា ការប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី​កាលពី​ពេល​កន្លងមក ដែល​ថា​កម្ពុជា​មិន​យក​ថ្លៃ​សេវា​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ ជា​ជនបរទេស​នោះ​គឺ​មិនអាច​យក​មក​អនុវត្ត​នៅពេល​នេះ​បាន​ទៀត​ឡើយ ស្រប​ពេល​ដែល​កម្ពុជា​ចាប់ផ្ដើម​បើកចំហ​ប្រទេស ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។

លោក មាស សុខសែនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៥ ​មិថុនា​ ថា ការប្រកាស​របស់​លោកនាយករដ្ឋមន្ត្រី​មិន​យក​ថ្លៃ​ព្យាបាល​អ្នកជំងឺ​ជនបរទេស​នោះ គឺជា​គោលការណ៍​មនុស្សធម៌ ដែល​អនុវត្ត​សម្រាប់តែ​ជនបរទេស ដែល​ជាប់គាំង​នៅ​កម្ពុជា​នាពេល​កន្លងមក​ដោយសារ​តែ​បាត់បង់​ការទីពឹង​ពី​ប្រទេស​កំណើត ដែល​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត ដូចជា​ករណី​អ្នកដំណើរ​លើ​នាវា Westerdam ជាដើម​។

លោក​ថា​៖ «​ក្នុង​ស្ថានភាព​បែបហ្នឹង​ហើយ​បាន​ជា​សម្ដេចនាយករដ្ឋមន្ត្រី​បាន​ប្រើប្រាស់​ជា​ក្របខ័ណ្ឌ​មនុស្សធម៌ គឺ​ទី​ ១ ​អនុញ្ញាត​ឱ្យ​កប៉ាល់ westerdam ចូល ហើយ​ទន្ទឹម​នឹង​នោះ​លោក​ក៏បាន​ប្រកាស​ដែរ​ថា រាល់​អ្នក​ទេសចរ​ដែល​ស្នាក់នៅ​ស្រុក​ខ្មែរ ហើយ​មិន​ទាន់​អាច​វិលត្រឡប់​ទៅ​ស្រុក​ខ្លួន​វិញ​បាន​នោះ អ៊ីចឹង​ពួកគាត់​គ្មាន​អ្នកណា​អាច​ទីពឹង​បាន អ៊ីចឹង​មាន​តែ​រំពឹង​ម្ចាស់ផ្ទះ ដែល​ជា​ប្រទេស​ទទួល​ពួកគាត់​។

លោក​បន្តថា​៖ «​ឥឡូវនេះ គឺ​យើង​បាន​ដល់​បរិការណ៍​ថ្មី​មួយ​ទៀត​គឺ​ការស្ដារ​សេដ្ឋកិច្ច និង​បើកចំហ​ប្រទេស​ម្ដង​បន្តិចៗ ហើយ​ប្រទេស​ណា​ក៏​គេ​ធ្វើ​អ៊ីចឹង​ដែរ​។ នៅក្នុង​បរិការណ៍​ថ្មី​នេះ​គឺ​យើង​មិនអាច​ប្រៀបធៀប​ជាមួយ​បរិការណ៍​មុន​បានទេ គឺ​ខុសគ្នា​ស្រឡះ​។ អ៊ីចឹង​ហើយ​! ប្រទេស​កម្ពុជា​ក៏​ដូចជា​ប្រទេស​ដទៃទៀត​គឺ​ចាំបាច់​ត្រូវតែ​យក​កម្រៃ​ព្យាបាល ព្រោះ​យើង​មិន​អាច​ឱ្យ​អ្នកណា​ចូល​មក​ព្យាបាល​ដោយ​អត់​គិតថ្លៃ​នោះទេ​»​។

លោក សុខសែនសាន បញ្ជាក់​ទៀត​ថា ជនបរទេស​ដែល​មាន​ភាពចាំបាច់​ធ្វើដំណើរ​មក​កម្ពុជា​នៅពេល​នេះ​គឺ​សម្បូរ​ទៅដោយ​ជនបរទេស​ជា​ធុរជន​ប៉ុណ្ណោះ​។

កម្ពុជា​បាន​សម្រេច​កាលពី​ថ្ងៃទី​ ២០ ខែឧសភា ​ឱ្យ​ជនបរទេស​ទាំងអស់​មុន​ធ្វើ​ដំណើរ​មក​កម្ពុជា​ត្រូវ​មាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​យ៉ាងតិច​ចំនួន ៥ ​ម៉ឺន​ដុល្លារ ហើយ​ចាប់​តាំងពី​ថ្ងៃទី​ ១៥ ខែមិថុនា កម្ពុជា​ក៏បាន​ចាប់ផ្ដើម​អនុវត្ត​ឱ្យ​អ្នកដំណើរ​ជនបរទេស​ត្រូវ​មាន​ប្រាក់​តម្កល់​ ៣ ​ពាន់​ដុល្លារ សម្រាប់​ការធ្វើ​តេស្ដ ធ្វើ​ចត្តាឡីស័ក និង​ការធ្វើដំណើរ​រួមទាំង​ត្រូវ​ចេញថ្លៃ​ព្យាបាល​ដោយ​ខ្លួនឯង​ក្នុង​ករណី​ពួកគេ​ត្រូវបាន​រកឃើញ​មាន​ជំងឺ​កូវីដ​ ១៩​ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ ហ៊ុន សែន ធ្លាប់​ប្រកាស​កាលពី​ខែមីនា​ថា មិន​គិតថ្លៃ​សេវា​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ចំពោះ​ជនបរទេស​ដែល​ជាប់គាំង​នៅ​កម្ពុជា និង​មិនអាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដោយសារ​ការបិទ​ប្រទេស​។

លោក​ថា​៖ «​ខ្ញុំ​សុំ​ប្រកាស យើង​ក្រ តែ​យើង​ចិត្តធំ​អ្នកណា​កើត​ជំងឺ​លើដី​យើង យើង​ចេញ​លុយ​ព្យាបាល​។ នយោបាយ​នេះ គឺ​ប្លែក​ពី​ប្រទេស​វៀតណាម នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ប្រកាស​ថា ជនជាតិ​បរទេស​ដែល​កើត​ជំងឺ​នេះ​ត្រូវ​ចេញ​លុយ​ព្យាបាល​ខ្លួនឯង​។ កម្ពុជា​ជា​ប្រទេស​មួយ​ក្រ សូម​ប្រកាស​ថា ជនជាតិ​បរទេស ដែល​ឈឺ​នៅ​កម្ពុជា​គឺ​ត្រូវ​ទទួល​បាន​ការព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​កម្ពុជា ដោយ​មិន​បង់ថ្លៃ​»​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏​ថ្លែង​ដែរ​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការគិតថ្លៃ​សេវា​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩​ជា​ជនបរទេស​នៅពេល​នេះ​គឺ​ដោយសារ​បច្ចុប្បន្ន​ជំងឺ​កូវីដ​១៩ កំពុង​ធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាងខ្លាំង​ហើយ​ម្យ៉ាងទៀត​វា​គឺជា​ស្ដង់ដា​អន្តរជាតិ​ដែល​បណ្ដា​ប្រទេស​នៅ​ទូទាំង​ពិភពលោក​បាន​សម្រេច​គិតថ្លៃ​សេវា​ព្យាបាល​សម្រាប់​ជនបរទេស និង​តម្រូវ​ឱ្យ​មាន​ប្រាក់​ធានារ៉ាប់រង​សុខភាព​ចំពោះ​អ្នក​ដំណើរ​ដែល​ជា​ជនបរទេស​។

លោក​ថា​៖ «​បន្ថែម​ពីនេះ យើង​បាន​ប្រាប់​អំពី​តម្លាភាព​ថា ត្រូវអស់​លុយ​ប៉ុណ្ណេះៗ ពីព្រោះ​យើង​ពិបាក​នឹង​កាត់បន្ថយ​ដល់​ការផ្គត់ផ្គង់​ទៅដល់​ប្រជាពលរដ្ឋ​យើង ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​អ្នកដទៃទៀត​ទេ ហើយ​ (​វា​) ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជំងឺ​កូវីដ​ហ្នឹង ច្រើន​តែ​នាំចូល​ពី​ក្រៅ​ប្រទេស​មក ហើយ​ធនធាន​យើង​គឺមាន​សម្រាប់តែ​ប្រជាពលរដ្ឋ​យើង​»​។

លោក មាស សុខសែនសាន បញ្ជាក់​ទៀត​ថា ក្នុងចំណោម​​ទឹកប្រាក់​បម្រុង​របស់​រដ្ឋាភិបាល​ដែល​មាន​ចំនួន​ពី ៨០០ ​លាន​ដុល្លារ​​ ទៅដល់​ ២ ​ពាន់​លាន​ដុល្លារ សម្រាប់​ចាយ​នៅក្នុង​ពេល​កើតមាន​ជំងឺ​កូវីដ​ ១៩ ​គឺ​រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​បាន​ចំណាយ​អស់​ទឹកប្រាក់​ជាង ១ ​ពាន់​លាន​ដុល្លារ​រួចហើយ​។

ជាមួយ​គ្នា​នេះ​លោក ផាន់ ផល្លា ប្រធាន​ក្រុមការងារ​អន្តរក្រសួង​រៀបចំ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​បាន​លើក​ឡើង​ដែរ​ថា រដ្ឋាភិបាល​នឹង​មិន​អស់ប្រាក់ សម្រាប់​ចាយ​នៅពេល​កំពុង​រង​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ១៩​ ឡើយ ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​គិតគូរ​យ៉ាងខ្លាំង ដើម្បី​រៀបចំ​ឱ្យមាន​ថវិកា​ប្រើប្រាស់​ជា​បន្តបន្ទាប់​ដើម្បី​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​ជួយ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

លោក​ថា​៖ «​អ៊ីចឹង​ផលប៉ះពាល់​ (​ដោយសារ​កូវីដ​ ១៩) ​ហ្នឹង​ថា​យើង​នឹង​ចាយ​អស់​ប៉ុន្មាន គឺ​យើង​អត់​ទាន់​ដឹង​ទេ ហើយ​ការត្រៀម​ថវិកា​ហ្នឹង​សម្រាប់​ ៥ ​ខែ​ ឬ​ ១ ​ឆ្នាំ​អស់​គឺ​អត់​ទេ ព្រោះ​យើង​មាន​ថវិកា​នៅក្នុង​ប្រទេស​ដូចជា​ថវិកាជាតិ​ និង​ថវិកា​សន្សំ ឥឡូវនេះ​យើង​កាត់​ថវិកា​ចាយវាយ​ក្នុង​ឆ្នាំ​ ២០២០ ​ខ្លះ​ និង​មាន​ថវិកា​ពី​ក្រៅ​ប្រទេស​ទៀត​»​។

ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ថា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩​ សរុប​ចំនួន​ ១២៨ ​នាក់​ ក្នុង​នោះ​ ១២៥ ​នាក់​ ត្រូវ​បាន​ព្យាបាល​បាន​ជា​សះស្បើយ​ហើយ​ក្នុង​ចំណោម​អ្នក​ព្យាបាល​ជាសះស្បើយ​ទាំងនោះ​គឺ​មាន​ជនបរទេស​ចំនួន ៧១ ​នាក់​ ដែល​ត្រូវបាន​ព្យាបាល​ដោយ​មិន​គិតថ្លៃ​៕