ភ្នំពេញៈ មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​មាន​វិធានការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​​គ្រោះថ្នាក់​ចរាចរណ៍​លើ​កម្មករ​​ ជាពិសេស​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ផលិត​ស្បែកជើង ខណៈ​របាយការណ៍​ពី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ពួកគេ​បង្ហាញ​ថា មាន​ការកើតឡើង​ជាច្រើន​ករណី​។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្ដីពី​ «​ការលើក​កម្ពស់​សុវត្ថិភាព​​ចរាចរណ៍​សម្រាប់​កម្មករ​និយោជិត​កម្ពុជា​» ​កាលពី​ថ្ងៃទី​ ២៨ កក្កដា នៅ​រាជធានី​ភ្នំពេញ​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ប្រឈម​ដ៏ធ្ងន់ធ្ងរ​បំផុត​មួយ​សម្រាប់​កម្ពុជា​ដោយ​ក្នុង​ ១ ​ថ្ងៃៗ​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​​របួស​ជាច្រើន​នាក់ ដែល​ធ្វើឲ្យ​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុមគ្រួសារ​​ជនរងគ្រោះ និង​សង្គមជាតិ​។

លោក​បាន​ថ្លែងថា​៖ «​ទោះបី​​គ្រោះថ្នាក់​ចរាចរណ៍​ដែល​យើង​​ចាត់ទុក​ជា​ឃាតករ​លាក់​មុខ​ដ៏កាច​សាហាវ​ក្នុង​ការឆក់​យក​​ជីវិត​មនុស្ស​គ្រប់​ពេលវេលា​ដោយ​មិន​រើសមុខ ពណ៌​សម្បុរ អាយុ ឋានៈ​...​និង​តួនាទី​ក្ដី ប៉ុន្តែ​​យើង​អាច​បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់​ដ៏មហន្តរាយ​នេះ​បាន​បើ​យើង​ទាំងអស់​គា្ន​ជា​អ្នក​ពាក់ព័ន្ធ​មាន​ស្មារតី​រួមគ្នា និង​ចាត់​វិធានការ​ឆ្លើយតប​រួមគ្នា​ទៅ​​តាម​លទ្ធភាព មធ្យោបាយ និង ធនធាន​ដែល​ខ្លួន​មាន​»​។

តាម​របាយការណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប.ស.ស) ​នៅក្នុង​ឆ្នាំ​ ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​លើ​កម្មករនិយោជិត​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ផលិត​ស្បែកជើង​មាន​ចំនួន​ ៦៩៨ ​លើក​ដោយ​បង្ក​ឲ្យ​ស្លាប់​ ១៥ ​នាក់ និង​ ១៣៨ ​នាក់​ទៀត​រងរបួស​។ ក្នុងនោះ​អ្នករងរបួស​ខ្លះ​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​នៅ​​មន្ទីរពេទ្យ និង​ស្នាក់នៅ​ផ្ទះ​របស់​​ពួកគេ​ជាច្រើន​ថ្ងៃ ឯ​ខ្លះទៀត​ត្រូវ​ធ្លាក់​ខ្លួន​ពិការ បាត់បង់​សមត្ថភាព​បំពេញ​ការងារ ហើយ​បាន​ក្លាយជា​បន្ទុក​បន្ថែម​ទៀត​ដល់​ឪពុកម្ដាយ និង​បងប្អូន​ក្នុង​ការមើលថែ​ពួកគេ​ជាប្រចាំ​។

លោក ហេង សុផាន់ណារិទ្ធ ប្រធាន​ការិយាល័យ​គោលនយោបាយ​របស់​ (​ប.ស.ស) ​បាន​ថ្លែង​ក្នុង​ឱកាស​នោះដែរ​ថា ទោះបី​ជា​កម្មករ​ដែល​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទទួល​បាន​ការធានារ៉ាប់រង​ពី​ (​ប.ស.ស) ​ក៏ដោយ ក៏​ពួកគេ​នៅតែ​ប្រឈម​ផលប៉ះពាល់​ផ្នែក​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ដែរ​។

លោក​ថ្លែងថា​៖ «​គ្រោះថ្នាក់​ចរាចរណ៍​បាន​បន្សល់ទុក​នូវ​សោកនាដកម្ម​ដ៏រន្ធត់​ដែល​ប៉ះពាល់​ដល់​សុខុមាលភាព សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គមជាតិ​ទាំងមូល​។ បញ្ហា​ប្រឈម​​ដ៏ធ្ងន់ធ្ងរ​នេះ មិន​អាច​ឲ្យ​ក្រសួង​ស្ថាប័ន ឬ​ផ្នែក​ណាមួយ​ធ្វើការ​ទប់ស្កាត់​កាត់បន្ថយ​ ឬ​លុបបំបាត់​​តែឯង​បាន​ឡើយ ព្រោះ​វា​ជា​បញ្ហា​​រួម​របស់​យើង​ទាំងអស់​គ្នា​»​។

តាម​របាយការណ៍​របស់​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត​ (​ស.ផ.ក) ​ក្នុង​ឆមាស​​ទី​ ១ ​ឆ្នាំ​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​រថយន្ត​ដឹក​កម្មករ​និយោជិត​បាន​កើតឡើង​ ៨ ​ករណី​ធ្វើឲ្យ​រងគ្រោះ​ ២២៣ ​នាក់​ក្នុង​នោះ​ស្លាប់​ ២ ​នាក់​របួសធ្ងន់​ ៣២ ​នាក់ និង​របួសស្រាល​ ១៨៩ ​នាក់​។

ជាមួយ​គ្នា​នេះ​ដែរ លោក​បានស្នើ​ដល់​អង្គសិក្ខាសាលា​ស្វែងរក​​គន្លឹះ​សំខាន់​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​ធ្វើដំណើរ​​របស់​កម្មករនិយោជិត​ និង​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ដោយ​អនុលោម​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ «​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​​គ្រោះថ្នាក់​ចរាចរណ៍​»​។

ជុំវិញ​ករណី​នេះ​លោកស្រី Pamela Wharton នាយិការង​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​​នៃ​មជ្ឈមណ្ឌល​សាមគ្គីភាព​បាន​​លើកឡើង​ថា កម្មករ​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​រៀងរាល់​ថ្ងៃ​នៅ​​ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​ធ្វើការ​​តាម​វិធី​ផ្សេងៗ​គ្នា​។ ក្នុង​នោះ​អ្នកខ្លះ​ធ្វើដំណើរ​តាម​រថយន្ត​ដឹកជញ្ជូន​រួម ដែល​ជិះ​ប្រជ្រៀត​​គ្នា​ដោយ​ខ្វះ​សុវត្ថិភាព​។ លោកស្រី​ថា​៖ «​ទោះយ៉ាងណា​ឧបសគ្គ​​នៃ​ការកែលម្អ​ដើម្បី​បង្កើន​សុវត្ថិភាព​គឺជា​ប្រាក់​ចំណូល​»​។

លោកស្រី​បាន​បន្ថែមថា អ្នកបើកបរ​ជាច្រើន​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រស់នៅ​អាស្រ័យ​លើ​ប្រាក់ចំណូល​ទាប​ប្រៀបបាន​នឹង​កម្មករ​កាត់ដេរ​ដែរ​។ ពួកគាត់​មិនអាច​មាន​លទ្ធភាព​កែលម្អ និង​ថែទាំ​យានយន្ត​ដែល​ផ្ទុក​លើស​ទម្ងន់​របស់​ពួកគេ ដើម្បី​រកប្រាក់​ចំណូល​សមរម្យ​នោះឡើយ​៕