ភ្នំពេញ: គណៈកម្មាធិការជាតិសម្រាប់ពិនិត្យការលើកលែងទោសកាលពីម្សិលមិញបានប្រជុំពិភាក្សាគ្នាដើម្បីពិនិត្យមើលសំណើ បន្ធូរបន្ថយទោស និងលើកលែងទោសដល់អ្នកទោសប្រហែល ៣៩១ នាក់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះក្រោមការសន្ដោសប្រណីពីព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គីម សន្តិភាព បានថ្លែងថាគណៈកម្មាធិការជាតិបានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យមើលលើសំណើបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ទណ្ឌិតចំនួន ៣៩១ នាក់។
លោកថ្លែងថា៖ «ចំពោះសំណើដែលត្រូវបានប្រគល់មកឲ្យគណៈកម្មាធិការជាតិដើម្បីពិនិត្យមើលគឺមានទណ្ឌិតទាំងអស់ចំនួន ៣៩១ នាក់ដែលក្នុងនោះមានស្ត្រីចំនួន ២៤ នាក់ និងទណ្ឌិតចំនួន ៧៧ នាក់បានស្នើសុំឲ្យលើកលែងទោសហើយសម្រាប់ទណ្ឌិតជាង ៣០០ នាក់ផ្សេងទៀតគឺបានស្នើសុំបន្ធូរបន្ថយទោស។
លោកបានបន្ថែមថា៖ «ប្រសិនបើទណ្ឌិតបានផ្លាស់ប្តូរទៅជាមនុស្សល្អ និងបានជាប់ពន្ធនាគារចំនួន ២/៣ នៃចំនួនទោសរបស់ខ្លួននោះ អ្នកទោសទាំងនោះអាចនឹងត្រូវបានពិចារណាដើម្បីបន្ធូរបន្ថយទោសខណៈដែលអ្នកទោសដែលជាប់ពន្ធនាគារអស់រយៈពេល ២/៣ នៃចំនួនទោសរបស់ខ្លួននោះពួកគេអាចត្រូវបានលើកលែងទោស ប៉ុន្តែពួកគេត្រូវតែមានសាលក្រមចុងក្រោយរបស់តុលាការដើម្បីបញ្ជាក់អំពីបទឧក្រិដ្ឋរបស់ពួកគេថាតើករណីនៃបទឧក្រិដ្ឋរបស់ពួកគេជាប្រភេទបទឧក្រិដ្ឋឃោរឃៅ ឬមួយក៏អត់ ឬថាតើវាអាចបង្កគ្រោះថា្នក់ដល់សង្គមឬទេ? ប្រសិនបើវាជាប្រភេទបទឧក្រិដ្ឋទាំងនោះយើងនឹងមិនពិចារណាលើសំណើរបស់ពួកគេនោះទេ»។
លោក សន កែវ អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារខេត្តបានថ្លែងថា៖ «នៅថ្ងៃនេះយើងមិនទាន់បានបញ្ចប់វានៅឡើយទេហើយយើងគ្រាន់តែបានធ្វើបានប្រមាណ ៦ ខេត្តតែប៉ុណ្ណោះដែលមានជាច្រើនរយនាក់»។
លោកថ្លែងថា សម្រាប់ទណ្ឌិតដែលបានជាប់ពន្ធនាគារក្រោម ១០ ឆ្នាំពួកគេអាចត្រូវបានបន្ធូរបន្ថយទោស ៦ ខែហើយសម្រាប់អ្នកដែលជាប់ចាប់ពី ១០ ទៅ ១៥ ឆ្នាំពួកគេអាចត្រូវបានបន្ថយទោសចំនួន ៩ ខែ និងសម្រាប់អ្នកដែលបានជាប់ទោសលើសពី ១៥ ឆ្នាំពួកគេអាចនឹងត្រូវបានបន្ធូរបន្ថយទោសចំនួន ១០ ខែ។ លោក អំសំអាត អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូបានថ្លែងថាការលើកលែងទោសត្រូវតែមានការអនុវត្តច្បាប់ឲ្យមានសមភាព និងអព្យាក្រឹត៕ NS