ព្រះសីហនុៈ ពោះវៀន​ជ្រូក​ ៦ ​កុងតឺន័រ​ដែល​ដឹក​ពី​ប្រទេស​ចិន​មក​កម្ពុជា​សម្រាប់​ច្រក​ធ្វើ​សាច់ក្រក​នោះ​កំពុង​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​យក​ទៅ​ពិនិត្យ​គុណភាព​នៅ​មន្ទីរពិសោធន៍​ បន្ទាប់ពី​សមត្ថកិច្ច​គយ​ និង​មន្ត្រី​​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ពីថ្ងៃ​ ១០ មីនា ក្រោយពេល​ដឹក​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ ។

លោក​ យ៉ិក យូ ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ពោះវៀន​ជ្រូក​នោះ​មានច្បាប់​ត្រឹមត្រូវ​ហើយ​ជា​ទំនិញ​មាន​នៅក្នុង​លិខិត​ពន្ធគយ​។ ​ប៉ុន្តែ​ជា​វិធាន​សមត្ថកិច្ច​គ្រាន់តែ​ទាមទារ​ការពិនិត្យ​បន្ថែម​ទេ ដូច្នេះ​សមត្ថកិច្ច​គយ​ត្រូវតែ​បើក​ពិនិត្យមើល​ដោយមាន​សមត្ថកិច្ច​កាំកុងត្រូល​​ចូលរួម​ត្រួតពិនិត្យ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការត្រួតពិនិត្យ​នេះ គឺ​ដើម្បី​វាយតម្លៃ​ពី​គុណភាព​ទំនិញ​ទាំងអស់​គ្នា​ថា វា​យ៉ាងម៉េច​? បើ​ពិនិត្យមើល​នឹង​ភ្នែក​ដូចជា​គ្មាន​បញ្ហា​អី​ទេ​។

ជាបឋម​មន្ត្រី​ជំនាញ​វាយតម្លៃថា អាច​នៅ​ប្រើ​បាន​»​។

លោក​បាន​បន្តថា បន្ទាប់ពី​ពិនិត្យ​ពោះវៀន​ជ្រូក​នោះ​ហើយ​មន្ត្រី​កាំកុងត្រូល​បាន​យក​ទំនិញ​នោះ​ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍​​បន្ថែមទៀត​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​គុណភាព​ថា តើ​វា​អាចមាន​ជាតិ​ស្អី ឬ​ក៏​មាន​គុណភាព​របៀប​ម៉េច​បន្ថែមទៀត​។​លោក​ថា ពោះវៀន​ជ្រូក​នោះ​ត្រូវគេ​ប្រឡាក់​អំបិល​ច្រើន អ៊ីចឹង​វា​អាច​រក្សាបាន​គុណភាព​ដែល​ត្រូវ​យកមក​កែច្នៃ​ធ្វើ​ស្រោម​ច្រក​សាច់ក្រក​។ ប៉ុន្តែ​លោក​មិនទាន់​បាន​បង្ហាញ​ពី​លទ្ធផល​យ៉ាងណាទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ទំនិញ​​នោះ​ជា​ទំនិញ​ចូល​ក្នុង​លិខិត​គយ​ហើយ​វា​ចូលមក​ប្រហែលជា​ ៦ ​ទៅ​ ៧ ​ខែ​ហើយ ហើយ​យើង​ទាមទារ​នូវ​លក្ខខណ្ឌ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ពោះវៀន​ជ្រូក​នោះ​មន្ត្រី​កាំកុងត្រូល និង​មន្ត្រី​គយ​ចុះទៅពិនិត្យ​ធម្មតា​​ទេ ហើយ​បើតាម​លិខិត​របស់​នាយកដ្ឋាន​កាំកុងត្រូល​ដែល​ផ្ញើមក​ក្រសួងពាណិជ្ជកម្ម​គឺ​គ្មាន​ពាក្យ​ថា ចាប់​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បានឃើញ​របាយការណ៍​កាំកុងត្រូល គាត់​ថា​គាត់​បាន​ចុះទៅ​ពិនិត្យមើល​ទំនិញ​នាំ​ចូលមក​ហ្នឹង ដើម្បី​មក​ធ្វើ​ស្រោម​សាច់ក្រក​។ ឯ​នៅក្នុង​លិខិត​របស់​​កាំកុងត្រូល​នោះ​គឺ​គ្មាន​សរសេរ​ពាក្យ​ថា ចាប់​នោះទេ​»៕