ព្រះវិហារៈ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​មកពី​រាជបណ្ឌិត្យ​សភា​កម្ពុជា ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ព្រៃឈើ ចុះទៅពិនិត្យ​ជាក់ស្ដែង​ក្នុង​ឧទ្យាន​ជាតិ​រាជបណ្ឌិត្យ​សភា​តេជោ សែន ឫស្សីត្រឹប ស្ថិតនៅ​ស្រុក​ឆែប ខេត្តព្រះវិហារ នៅ​សប្តាហ៍​ក្រោយ ដើម្បី​ស្វែងយល់ និង​រក​យន្ដការ​រួមគ្នា​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​។

លោក ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ឧទ្យាន​ជាតិ​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោ សែន ឫស្សីត្រឹប ត្រូវបាន​គេ​ទទួល​ស្គាល់​នៅក្នុង​តំបន់​អាស៊ាន​ព្រោះ​វា​មាន​សក្តានុពល​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​។

លោក​បញ្ជាក់​ថា ឧទ្យាន​ជាតិ​នេះ​បាន​ជួប​នូវ​បញ្ហា​ប្រឈម​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីនោះ​ប្រមាណ ៣០ ​គ្រួសារ​ដែល​បង្កឱ្យ​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ឧទ្យាន​នេះ ធ្វើ​អាជីវកម្ម​យក​ទៅ​លក់​នៅ​ខាងក្រៅ ហើយ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ម្នាក់ឯង​មិនមាន​លទ្ធភាព​ក្នុង​ការទប់ស្កាត់​បាន​នោះទេ​។

ដោយ​មើលឃើញ​បញ្ហា​នេះ​លោក ផៃ ស៊ីផាន បាន​ជួបពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួមមាន​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​រាជបណ្ឌិត្យ​សភា​កម្ពុជា ដើម្បី​រកដំណោះស្រាយ​រួមមួយ​ព្រោះ​ឧទ្យាន​នេះ​មាន​ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​ត្រូវតែ​មាន​ការការពារ និង​អភិរក្ស​នូវ​ធនធាន​ធម្មជាតិ ដែលមាន​ដើមឈើ​ធំៗ និង​សត្វព្រៃ​ជាច្រើន​ផងដែរ​។

លោក ផៃ ស៊ីផាន បញ្ជាក់ថា​៖ «​អ៊ីចឹង​បាន​យើង​អញ្ជើញ​ខាង​បរិស្ថាន រដ្ឋបាល​ព្រៃឈើ​ឱ្យ​ពិចារណា​ថា​តើ​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី រួមគ្នា​ដោះស្រាយ​។ នៅ​សប្តាហ៍​ក្រោយ​យើង​នឹង​ចុះទៅ​មើល​ដល់​កន្លែង​ហើយ​ពិភាក្សា​នៅ​ថ្នាក់​មូលដ្ឋាន ថ្នាក់​ខេត្ត ដើម្បី​រក​វិធាន​មួយ​យកមក​ថែរក្សា​ការពារ​នូវ​ឧទ្យាន​រាជបណ្ឌិត្យសភា​តេជោ សែន ដែល​មាន​លក្ខណសម្បត្តិ​ល្អ​»​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឱ្យដឹង​ដែរ​ថា ក្រសួង​បរិស្ថាន​បាន​ប្តេជ្ញាចិត្ត​ត្រៀមខ្លួន​ក្នុង​ការជួយ​ដល់​រាជបណ្ឌិត្យ​សភា​កម្ពុជា ទៅលើ​ការការពារ និង​អភិរក្ស​ព្រោះ​ឧទ្យាន​ជាតិ​នេះ​នៅ​ជាប់​នឹង​ដែនជម្រក​សត្វព្រៃ​ឆែប ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏​នឹង​ជួយ​ដល់​ការអនុវត្ត​ច្បាប់ ដោយសារ​តែ​ឧទ្យានជាតិ​រាជបណ្ឌិត្យ​សភា​កម្ពុជា​មិនមាន​មន្ត្រីនគរបាល​យុត្តិធម៌​អនុវត្ត​ផ្ទាល់​នោះទេ​។ លើសពីនេះ​ក្រសួងបរិស្ថាន​ក៏​នឹងចូលរួម​រៀបចំ​ផ្ទេរ​ប្រជាពលរដ្ឋ​ប្រមាណ ៣១ ​គ្រួសារ ដែល​រស់នៅ​ខុសច្បាប់​ចេញពី​ឧទ្យាន​ជាតិ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ចេញ​ទៅ​ទីតាំង​ផ្សេង ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង ។

លោក​ថា​៖ «​ឧទ្យាន​ជាតិ​នេះ​ត្រូវបាន​បង្កើតឡើង ដោយ​យោង​ទៅ​លើ​សក្តានុពល​មួយចំនួន ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ ធនធានធម្មជាតិ និង​ជីវចម្រុះ​ដូចជា​ប្រភេទ​សត្វ​ជាច្រើន និង​ខ្លះទៀត ក៏មាន​សត្វ​ជិត​ផុត​ពូជ​ដែរ ដែល​យើង​ត្រូវ​រួមគ្នា​សហការ​គ្នា​ការពារ និង​ទប់ស្កាត់​បទល្មើស​នៅ​តំបន់​នោះ​»​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា លោក​ទទួលរង​នូវ​ការចោទប្រកាន់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សិទ្ធិអំណាច​ទៅលើ​ការចាប់​ឈើ​ដែល​ដឹក​ចេញពី​តំបន់​នោះ​តាម​គោយន្ត និង​រថយន្ត ព្រោះ​លោក​មិនមែន​ជា​នគរបាល​យុត្តិធម៌​ទេ​។

លោក​បានធ្វើ​កិច្ចការ​នេះ តាមរយៈ​ផ្លូវច្បាប់​រួចហើយ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ណាមួយ​អើពើ​នោះទេ​។ លោក​បញ្ជាក់​ទៀត​ថា បញ្ហា​មួយទៀត​គឺ​លោក​ចង់ឱ្យ​ក្រុមមន្ត្រី​ដែល​នឹង​ចុះទៅ​កាន់​ឧទ្យាន​ជាតិ​តេជោ សែន នាពេល​ខាងមុខ​ត្រូវធ្វើ​យ៉ាងណា ជួយ​យក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខុសច្បាប់​ចេញ​ពី​តំបន់​ឧទ្យាន ដោយ​ខាង​ឧទ្យាន​បាន​ត្រៀម​ដី​ទុក​មាន​ទាំង​ទី​វត្តអារាម សាលារៀន និង​ទឹក​ប្រើប្រាស់ សម្រាប់​ពួកគាត់​រួច​ហើយ ព្រោះ​បើ​ពួកគេ​រស់នៅ​ទីនោះ​ទៀត​នឹង​បន្ត​កាប់​ឈើ​ធ្វើ​អាជីវកម្ម​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​មិនបាច់​ជួយ​ពួកខ្ញុំ​ទេ គ្រាន់តែ​ជួយ​យក​ប្រជាពលរដ្ឋ​ទាំង ៣១ ​គ្រួសារ​ចេញ​ទៅ​បាន​ហើយ ព្រោះ​ពួក​ហ្នឹង​នៅពេល​យប់​កាប់​ឈើ​ធ្នង់​ប្រមាណ​ពី ១ ០០០ ទៅ ២ ០០០ ​ដើម ក្នុង​ ១ ​យប់ ហើយ​ ១ ​ទៀត​សម្រាប់​ការគ្រប់គ្រង និង​ការពារ ខ្ញុំ​បានរៀបចំ​ស្នើ​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​បញ្ជូនទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួចហើយ​»​។

ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោ សែន ឫស្សីត្រឹប ត្រូវបាន​បង្កើតឡើង ដោយ​អនុក្រឹត្យ​លេខ នស/ រកត​/០៤១៤/៤៣៦ ចុះ​ថ្ងៃទី​ ១៧ ខែ មេសា ឆ្នាំ​ ២០១៤ ដែលមាន​ផ្ទៃដី ១១៤,៣៥ ​គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង​ឃុំ​ឆែប​ ១ និង​ឃុំ​ឆែប​ ២ ស្រុក​ឆែប ខេត្តព្រះវិហារ​៕