ភ្នំពេញៈ​ មន្ត្រី​ក្រសួង​បរិស្ថាន​ ​បាន​ព្រ​មាន​ថា ​ក្រសួង​អាច​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់​ និង ​អង្គ​ការ​មួយ​ចំនួន​ ប្រសិន​បើ​ពួក​គេ​នៅ​តែ​បន្ត​សកម្ម​ភាព​ប្រមូល​ទិន្ន​ន័យ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ នៅ​ក្នុង​តំបន់​ ព្រៃ​ឡង់​ ដោយ​គ្មាន​ការ​អនុ​ញ្ញាត។​

​ការ​ព្រមានបែប​នេះ​ គឺ​បន្ទាប់​ពី​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់​ បាន​លើក​ឡើង​ពី​ការ​ប្រើ​ប្រាស់​វិធី​ថ្មី​មួយ​ទៀត ​តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​រណប​ ដើម្បី​តាម​ដាន ​និង​ ប្រមូល​ព័ត៌​មាន​អំពី​ការ​កាប់​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​ ស្របពេលដែល​ក្រសួង​បរិស្ថា​ន​ បាន​ហាម​ពួក​គេ​មិន​ឲ្យចុះ​ល្បាត​ព្រៃ​ដូច​សព្វ​ដង​។​

​ក៏ប៉ុន្តែ​ លោក​ នេត្រ​ ភក្ត្រា ​រដ្ឋ​លេខាធិ​ការ​ និង​ ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ កាល​ម្សិល​មិញ​ថា សកម្ម​ភាព​របស់​បណ្ដា​ញ​សហ​គមន៍​ព្រៃ​ឡង់​ នា​ពេល​នេះ គឺ​ប្រឆាំង​នឹង​ច្បាប់​ដែល​បង្ហាញ​ពី​ការធ្វើ​ឧទ្ទាម​ និង ​នយោ​បាយ​លើ​បញ្ហា​ធន​ធាន​ធម្ម​ជាតិ​។

លោក​ចាត់​ទុក​ថា​ បណ្ដាញ​សហ​គមន៍​ នេះ​ត្រូវ​បាន​អង្គ​ការ​មួយ​ចំនួន​យក​ទៅ​ធ្វើ​អាជី​វកម្ម​នយោ​បាយ​ដើម្បី​ផល​ប្រយោ​ជន៍​។​

​លោក​ថា​៖ «​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប​ដើម្បី​ស្វែង​រក​ទិន្ន​ន័យ (​ធ្វើ​ឡើង​)​ ក្នុង​បំណង​ទុច្ច​រិត ​និង ​គ្មាន​ការ​អនុញ្ញាត​អាច​ជា​ ទង្វើ​ខុស​ច្បាប់​ ហើយ​ក្រសួង​បរិស្ថាន​អាច​នឹង​ពិចារ​ណា​ស្នើ​សុំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់​វិធា​នការ​លើ​អ្នក​ពាក់​ព័ន្ធ​។ សកម្ម​ភាព​ទាំង​ឡាយ​ទាំង​សមា​ជិក​បណ្តាញ​សហ​គមន៍​ព្រ​ឡង់​ និង ​អង្គការ​មួយ​ចំនួន​ កំពុង​សម្តែង​ជ្រក​ក្រោម​ស្លាក​អ្នក​បរិស្ថាន​ និង ​អ្នក​ស្រ​ឡាញ់​ធន​ធាន​ធម្មជាតិ​ បង្កប់​ដោយ​ភាព​មិន​ស្មោះ​ត្រង់ ហើយ​ពួកគេ​មិន​មែន​ជា​សកម្ម​ជន​បរិ​ស្ថាន​ឡើយ​ ប៉ុន្តែ​ ជា​សកម្ម​ជន​នយោ​បាយ​»​។

​លោកបាន​​បន្ត​ថា​៖ «​ក្រសួង​សូម​ព្រមាន​ដល់​អង្គ​ការ​មួយ​ចំនួ​ន ដែល​បាន​ធ្វើ​ការងារ​លើ​ការ​អភិរ​ក្ស​ធនធាន​ធម្មជាតិ​ត្រូវ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រសួង​បរិ​ស្ថាន ​ស្រប​តាម​ច្បាប់ បើ​ពុំ​នោះ​ទេ​ក្រសួង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់​វិធាន​ការ​ច្បាប់​ឡើយ​»​។

​កាលពី​ថ្ងៃទី​ ១៧ ​មេសា​ ​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់​ បាន​ជូន​ដំណឹង​មួយ​ថា ​នៅពេ​ល​មិន​អាច​ចុះ​ល្បាត​ព្រៃ ដើម្បី​ប្រមូល​ទិន្ន​ន័យ​បទ​ល្មើស​ព្រៃ​ឈើ​ជីវ​ចម្រុះ​ និង ​ការ​ប្រែប្រួ​ល​អាកាស​ធាតុ​ដូច​មុន​បាន​ទៀត ​ពួក​គេ​អាច​ប្រើ​បច្ចេកវិទ្យា​ផ្តិត​យក​រូប​ភាព​តាម​ប្រព័ន្ធ​ផ្កាយ​រណប​ឬ​ហៅថា​ (satellite imagery) ដោយ​មាន​ជំនួយ​បច្ចេក​ទេស​ពី​អ្នក​ជំនាញ​ជំនួស​វិញ​។​

​ពួក​គេ​លើក​ឡើង​ថា​ សា​កល​វិទ្យា​ល័យ ​ម៉ា​រី​ឡេន ​(University of Maryland) ដែល​ទទួល​បាន​ការគាំទ្រ​បច្ចេក​វិទ្យា ​ពី​អង្គការ​ឃ្លាំង​មើល​ព្រៃ​ឈើ​ពិភព​លោក ​(Global Forest Watch) កំពុង​ប្រៀប​ធៀប​រូប​ភាព​ថត​ដោយ​ប្រព​ន្ធ​ផ្កាយ​រណប​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ ព្រៃ​ឡង់ រួ​មទាំង​ព្រៃ​ដទៃ​ទៀត​ផង​ដែរ​ ។​

​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់​ បាន​បញ្ជាក់​ថា​៖ «​ខណៈ​ដែល​បណ្តា​ញ​សហ​គម​ន៍ព្រៃ​ឡង់​ ត្រូវ​បាន​ហាមឃា​ត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់ ​ជន​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​តែ​អាច​ចូល​ទៅ​កាប់​ឈើ​យ៉ាង​មាន​សេរីភាព តែ​ ទោះ​ជា​យ៉ាង​ណា​ យើង​នឹង​ព្យា​យាម​ប្រើ​ប្រាស់​រូបភាព​ផ្កាយ​រណប​នេះ​ដើម្បី​បន្ត​តាម​ដាន​សកម្ម​ភាព​រប​ស់បទ​ល្មើស​ព្រៃ​ឈើ​»​។​

​លោក ​ហឿន​ សុ​ភាព ​សមា​ជិក​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់​ ខេត្ត​ កំព​ង់ធំ​ បា​នថ្លែងថា​ បណ្ដាញ​សហ​គមន៍​មានគោល​បំណង​តែ​មួយ​គត់​គឺធ្វើយ៉ាង​ណា​ ឱ្យ​គម្រប​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ មាន​ការ​កើន​ឡើង​ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​ចូល​រួម​ការ​ពារ​ពី​ពល​រដ្ឋ​ជា​មួយ​រដ្ឋា​ភិបា​ល​។​

លោក​ថា​៖ «​ខ្ញុំ​ថា​ រដ្ឋា​ភិបា​ល​និង​ក្រសួង​បរិស្ថាន​គួរតែ​អរគុណ​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់​ទៅ​វិញ​ទេ ពីព្រោះ​ការងារ​ (​ការ​ពារ​ព្រៃ​ឈើ​) ​នេះ​ គឺជា​ការងារ​របស់រ​ដ្ឋា​ភិ​បាល​និង​ក្រសួង​បរិស្ថានហើយ​នៅពេល​​មាន​ភាគី ​ផ្សេង​ទៀត​ចង់​ចូល​រួម​ខ្ញុំ​គិត​ថា​គឺ​រដ្ឋាភិ​បាល​និង​ក្រសួង​បរិស្ថាន​គួរតែ​អរគុណ​…ហើយ​មិន​អាច​មាន​ការ​ព្រមាន​និង​ស្ដី​បន្ទោស​ទៅ​លើ​ក្រុម​ដែល​កំពុង​តែ​ជួយ​ខ្លួន​អ៊ី​ចឹង​ទេ​»​។

​ក្រុម​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់​ ត្រូវ​បាន​ក្រសួង​បរិស្ថាន​ហាម​ឃាត់​មិន​ឱ្យ​ចុះ​ល្បាត​នៅ​ក្នុង ព្រៃ​ឡង់ ​បន្ទាប់​ពី​ក្រុម​បណ្ដាញ​នេះបាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​​ កាល​ពី​ថ្ងៃទី ៣ ​ខែ​កុម្ភៈ ដោយ​អះ​អាង​ថា​ ចាប់​ពី​ឆ្នាំ ​២០០១ ​ដល់​ឆ្នាំ ​២០១៨ ​ព្រៃ​ឈើ​ជាង​ ៤ ​ម៉ឺន​ហិក​តា ​ឬ ​ស្មើ​ជិត ​១០ ​ភាគ​រយ​នៃ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ ​ព្រៃ​ឡង់​ ដែល​មាន​ទំហំ​សរុប​ជាង​ ៤​០ ម៉ឺន​ហិក​តា​បាន​បាត់​បង់​។​

ក្រុម​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់ ​អះ​អាង​ទៀត​ថា នៅ​​​ប៉ុន្មាន​សប្ដាហ៍​ខាង​មុន​នេះ ​ពួក​គេ​នឹង​ផ្សព្វ​ផ្សាយ​រូប​ភាព​ពី​ផ្កាយ​រណប​បូក​រួម​ទាំង​ការ​ជូន​ដំណឹង​ស្ដីពី​ការ​បាត់​បង់​ព្រៃ​ឈើ​ ដោយ​អង្គការ​ឃ្លាំ​មើល​ព្រៃ​ឈើ​ពិភព​លោក​៕