ភ្នំពេញៈ ការិយាល័យ​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​នឹង​ផាកពិន័យ ដល់​ម្ចាស់ សហគ្រាស គ្រឹះស្ថាន បុរី ខុនដូ អាផាតមិន ដែល​បាន​ជ្រើសរើស​សន្តិសុខ​ដោយ​ឯកឯង​សម្រាប់​បម្រើការ​នៅក្នុង​ទីតាំង​របស់​ខ្លួន ដោយ​មិនបាន​ចុះបញ្ជី និង​សុំច្បាប់​។

លោក ឃ្លោក ជុនផេង ប្រធាន​ការិយាល័យ​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ៥ មករា ឆ្នាំ​ ២០២១ ​ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ឱសានវាទ​ ១ ​ខែ​រហូត​ដល់​ដាច់​ខែមករា ដើម្បី​ឱ្យ​សហគ្រាស គ្រឹះស្ថាន​ទាំងនោះ​មក​ដាក់ពាក្យ​ស្នើសុំ​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន និង​ចុះបញ្ជី ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ថ្ងៃ​ឱសានវាទ​ផុតកំណត់ ក្រុម​ការពារ​ត្រួតពិនិត្យ ប្រព័ន្ធ​សន្ដិសុខ សុវត្ថិភាព រចនាសម្ព័ន្ធ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ដែល​បម្រើ​ការងារ​នៅតាម​បុរី ខុនដូ អាផាតមិន ដែល​គ្មាន​ច្បាប់​អនុញ្ញាត​អាច​នឹងត្រូវ​ទទួល​រង​ការពិន័យ​ជា​អន្តរកាល​»​។

លោក​បញ្ជាក់ថា វិធានការ​នៃ​ការផាកពិន័យ​នឹង​ធ្វើ​ឡើង​ដោយ​យោងតាម​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​សន្តិសុខ​ឯកជន​ដោយ​ត្រូវ​ផាក​ចំនួន​​ ១០ ​លាន​រៀល​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ណា​ដែល​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ដោយ​មិន​ចុះ​បញ្ចី និង​ចំពោះ​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​សន្តិសុខ​ណា ដែល​ជ្រើសរើស​សន្តិសុខ​ដោយ​មិន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​នឹង​ត្រូវ​ផាកពិន័យ ២០ ​លាន​រៀល​។ ដូច្នេះ​គេ​ត្រូវ​រួសរាន់​ទៅ​ចុះបញ្ជី​ឱ្យ​បាន​ទាន់ពេល​កំណត់​ចៀសវាង​ការពិន័យ​ជា​ប្រាក់កាស និង​ប៉ះពាល់​ដល់​មុខមាត់​របស់ខ្លួន​។

លោក នុប កាណុល នាយផ្នែក​សហគ្រាស គ្រឹះស្ថាន ការិយាល័យ​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន​គឺ​មាន ​២ ប្រភេទ ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ភ្នាក់ងារ​សន្ដិសុខ​ឯកជន និង​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​មិន​ធ្វើ​អាជីវកម្ម​មាន​ន័យថា រើស​ខ្លួនឯង ការពារ​សុវត្ថិភាព​ខ្លួនឯង បើកប្រាក់​បៀវត្សរ៍​ពី​ថៅកែ​ខ្លួនឯង​។ តម្រូវឱ្យ​សុំច្បាប់​នេះ​គឺ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​សុវត្ថិភាព​។ មន្ត្រី​ឱ្យ​ដឹងថា​នៅ​ភ្នំពេញ​មាន​សហគ្រាស គ្រិះស្ថាន បុរី ខុនដូ អាផាតមិន ចំនួន ៨៨២ ​កន្លែង បច្ចុប្បន្ននេះ​មាន​ចំនួន​តែ ១៦៨ ​កន្លែង​ប៉ុណ្ណោះ​បាន​ចុះបញ្ជី និង​មានច្បាប់​ត្រឹមត្រូវ​ក្នុង​នោះ​មាន​បុរី​ចំនួន ១៩ ​កន្លែង​៕

វីដេអូ៖