ភ្នំពេញៈ មន្ត្រីក្រសួងការងារបានព្រមានលោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាជុំវិញករណីធ្វើកូដកម្មរបស់កម្មករប្រមូលសំរាម ស្របពេលដែលសាលារាជធានីភ្នំពេញបង្ហាញការខកចិត្តចំពោះកម្មករដែលមិនព្រមចូលធ្វើការវិញ ខណៈតាមបណ្ដាខណ្ឌកំពុងប្រមូលកម្លាំងដោះស្រាយបញ្ហាជាមួយនឹងការអំពាវនាវឱ្យពលរដ្ឋវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ។
លោក ជ្រុន ថេរ៉ាវង្ស ប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងតាមរយៈលិខិតព្រមានពីម្សិលមិញ ដោយបញ្ជាឱ្យលោក ទូច កុសល បញ្ឈប់ជាបន្ទាន់នូវការញុះញង់កម្មករនិយោជិតឱ្យប្រព្រឹត្តកំហុសធ្ងន់ធ្វើសកម្មភាពផ្ទុយពីលក្ខន្តិកៈរបស់សហព័ន្ធដឹកនាំធ្វើកូដកម្មខុសច្បាប់។
លោកបានថ្លែងថា៖ «ផ្អែកតាមសកម្មភាពរបស់លោក ទូច កុសល ដែលបានប្រព្រឹត្តនៅក្រុមហ៊ុនស៊ីនទ្រីគឺជាសកម្មភាពដែលល្មើសច្បាប់ដូចមានចែងក្នុងមាត្រា ៦៥ នៃច្បាប់ស្តីពីសហជីព និងមាត្រា ៨៣ នៃច្បាប់ស្តីពីការងារ»។
លោក ជ្រុន ថេរ៉ាវង្ស បានបញ្ជាក់ថា ក្នុងករណីពុំមានការកែប្រែ ឬផ្គើនចំពោះលិខិតព្រមាននេះ អង្គការវិជ្ជាជីវៈរបស់លោក ទូច កុសល អាចនឹងត្រូវប្តឹងដើម្បីរំលាយចោល ឬទទួលនូវវិធានការផ្សេងៗទៀតតាមការកំណត់ច្បាប់ជាកំហិត។
ទោះបីជាយ៉ាងណាលោក ទូច កុសល ដែលរងការព្រមាននេះបានបដិសេធកាលពីម្សិលមិញនូវរាល់ការលើកឡើងរបស់នាយកដ្ឋានវិវាទការងារដោយលោកថា ក្រសួងការងារមិនមានមូលដ្ឋានច្បាស់លាស់ក្នុងការអះអាងថា លោកនៅពីក្រោយការធ្វើកូដកម្មនេះទេ។
លោកថា៖ «វាជារឿងអយុត្តិធម៌បំផុតដែលក្រសួងបានចោទប្រកាន់ខ្ញុំគ្មានមូលដ្ឋាន។ ខ្ញុំគ្មានពាក់ព័ន្ធនឹងការធ្វើកូដកម្មនេះទេ។ ខ្ញុំគ្រាន់តែចូលខ្លួនទៅជួយសម្របសម្រួល និងផ្សះផ្សាឱ្យបានឆាប់សះជាគ្នាវិញ»។
លោក ទូច កុសល ទាមទារឱ្យក្រសួងបង្ហាញភ័ស្តុតាងដែលបានចោទថា លោកបានដឹកនាំ និងញុះញង់កម្មករស៊ីនទ្រីឱ្យធ្វើកូដកម្មនេះ។
ទាក់ទិននឹងបញ្ហានេះកាលពីថ្ងៃម្សិលមិញ រដ្ឋបាលសាលារាជធានីភ្នំពេញក៏បានចេញលិខិតមួយផងដែរ ដោយបង្ហាញពីការសោកស្តាយចំពោះទង្វើកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីមួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀងដែលថាចូលធ្វើការវិញដូចដែលបានចែងក្នុងកំណត់ហេតុនៃការប្រជុំកាលពីថ្ងៃពុធទី ៧ តុលា កន្លងមក។
បើតាមលិខិតដដែលដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងប្រើកម្លាំងសរុប មធ្យោបាយសរុបដើម្បីប្រមូលសំរាមដែលកកស្ទះនៅរាជធានីភ្នំពេញឱ្យអស់ក្នុងរយៈពេលខ្លីខាងមុខនេះ។
លោក រ៉ង សារ៉ាយ តំណាងកម្មករក្រុមហ៊ុនស៊ីនទ្រីបានប្រាប់ពីម្សិលមិញថា កម្មករប្រមាណជាង ២ ០០០ នាក់នៅបន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនដដែលដោយទាមទារឱ្យក្រុមហ៊ុនធ្វើតាមលក្ខខណ្ឌរបស់ពួកគេ។
លោកថា៖ «ពីម្សិលមិញមានកម្មករយើងមួយចំនួនមិនយល់ច្បាស់ពីអ្វីដែលអភិបាលក្រុងបាននិយាយ ដែលធ្វើឱ្យពួកគាត់យល់ព្រមចូលធ្វើការវិញ ប៉ុន្តែជាក់ស្តែងពួកយើងមិនព្រមចូលធ្វើការវិញទេ រង់ចាំទាល់តែមានដំណោះស្រាយទាំង ៥ ចំណុចដែលកម្មករទាមទារ»។
ដោយឡែកនៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ អាជ្ញាធរបានអំពាវនាវឱ្យពលរដ្ឋវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមសហការក្នុងពេលកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីនៅតែបន្តធ្វើកូដកម្មនេះ។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានថ្លែងថា ដោយសារកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្មមិនធ្វើការ មន្ត្រីខណ្ឌរបស់លោកបានចេញប្រតិបត្តិការការងារនេះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែខណ្ឌលោកនឹងខិតខំដើម្បីបំពេញការងារនេះសម្រាប់ពលរដ្ឋក្នុងទីក្រុងលើការប្រមូលសំរាមតាមទីតាំងនីមួយៗ។
ជាមួយគ្នានេះលោកបានប្រកាសជ្រើសរើសកម្លាំងបន្ថែម ៩០ នាក់ សម្រាប់ខណ្ឌពោធិ៍សែនជ័យដោយលោកនឹងជូនថវិកា ៤៥ ០០០ រៀលក្នុង ១ ថ្ងៃ។
លោកថា៖ «យើងជាអាជ្ញាធរបានចាត់ចែងធ្វើការប្រមូលសំរាមដោយសារក្រុមហ៊ុនស៊ីនទ្រីមិនមានកម្មករសម្រាប់ប្រមូលសំរាមដែលយើងមានរថយន្តសម្រាប់ដឹកសំរាមពីសាលាក្រុងចំនួន ១០ គ្រឿងក្នុងការប្រតិបត្តិការ ប៉ុន្តែយើងខ្វះកម្លាំងប្រមូលសំរាមទៅដាក់ឡានរហូត ៩០ នាក់»។
លោក ហែម ដារិទ្ធ បានអំពាវនាវដល់ពលរដ្ឋដែលមានកាយសម្បទាមាំមួន ឬអ្នករើសអេតចាយអាចមកដាក់ពាក្យធ្វើការងារនេះបាន និងផ្តាំផ្ញើដល់ពលរដ្ឋជួយសហការយកសំរាមដាក់ក្នុងរថយន្តដឹកសំរាម។
ចំណែកលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ក្នុងខណ្ឌរបស់លោកមានរថយន្ត និងម៉ូតូទំនើបសម្រាប់ប្រតិបត្តិការដឹកសំរាមចំនួនជិត ៣០ គ្រឿង។
លោកបានបន្តថា៖ «យើងបានប្រើប្រាស់កម្លាំងសរុប ១០៥ នាក់ ជាប្រជាការពារសង្កាត់-ខណ្ឌ ដែលយើងបានផ្តល់ថវិកាដល់ពួកគាត់ក្នុងម្នាក់ ២ ម៉ឺនរៀលក្នុង ១ ថ្ងៃ និងផ្តល់បាយចំនួន ២ ពេល គឺថ្ងៃត្រង់ និងល្ងាច។ សម្រាប់ថ្ងៃទី ៧ ក្នុង ១ ជើង យើងដឹកបានចំនួន ៨ ឡានដែលក្នុង ១ ឡានមានសំរាមប្រមាណជា ១ តោន ហើយយើងប្តេជ្ញាប្រមូល និងដឹកឱ្យបាន ៤ ជើង ក្នុង ១ ថ្ងៃ»។
លោក ពេញវុធ ក៏បានអំពាវនាវផងដែរឱ្យពលរដ្ឋរក្សាទុកសំរាមបានត្រឹមត្រូវ ដោយដាក់តាមមុខផ្ទះរៀងៗខ្លួនចៀសវាងដាក់នៅតាមផ្លូវ ឬកណ្តាលផ្លូវ ដែលនាំឱ្យកកស្ទះចរាចរណ៍។ មិនគួរបញ្ចេញសំរាមមកខាងក្រៅ និងកាត់បន្ថយការបញ្ចេញសំរាមក្រៅហើយកុំបញ្ចេញសំរាមនៅពេលមន្ត្រីខណ្ឌសង្កាត់ប្រមូលសម្អាតសំរាមរួចហើយ។
ស្រដៀងគ្នានេះលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោក៏បានប្រកាសជ្រើសរើសកម្មករប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងផងដែរ ដោយលោកស្រីបានថ្លែងថា ក្នុងដំណាក់កាលអន្តរកាលនេះ រដ្ឋបាលខណ្ឌត្រូវការកម្មករចំនួន ៣៦ នាក់ដើម្បីបំពេញការងារ។
ទន្ទឹមនឹងនេះលោកស្រីបានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅក្នុងខណ្ឌដង្កោត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងយកមកទុកដាក់នៅទីតាំងប្រមូលផ្ដុំ ដើម្បីងាយស្រួលដល់រថយន្តរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបន្តជួយប្រមូល និងចូលទៅដឹកជញ្ជូនឱ្យបានទាន់ពេល និងមិនបង្កក្លិនស្អុយដែលធានាបាននូវបរិស្ថានល្អ៕
វីដេអូ៖