
អាវុធទាំងនេះត្រូវបានសមត្ថកិច្ចរឹបអូសនៅខណ្ឌព្រែកភ្នៅ។ រូប ប៉ូលិស
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នគរបាលជាតិអះអាងថា សកម្មភាពរបស់ក្រុមជួញដូរអាវុធខុសច្បាប់ចំនួន ៨ នាក់ដែលសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់ថ្មីៗនេះជាអំពើភេរវកម្ម ហើយបានភ្ជាប់សកម្មភាពរបស់ជនសង្ស័យទាំងនេះទៅនឹងក្រុមបក្សប្រឆាំងដោយថា នៅពេលដែលពួកគេមានកម្លាំងខ្លាំងនឹងចាប់ដៃជាមួយគ្នា។
លោក ខៀវ សុភ័គ អុ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ពីម្សិលមិញថា ទោះពេលនេះកងកម្លាំងអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យមួយចំនួនក៏ដោយ ប៉ុន្ដែសមត្ថកិច្ចនឹងនៅតែបន្ដគាស់រំលើងសកម្មភាពនេះរហូតដល់ឫសគល់ថែមទៀត។
លោកថ្លែងថា៖ «យើងនឹងបន្ដកំណត់មុខសញ្ញាបន្ដទៅទៀតដើម្បីគាស់រំលើងករណីនេះឲ្យដល់ឫសគល់។ គាស់ៗទៅ វាអាចឃើញអាមេនោះទៅនៅឯណានោះទៀត»។ ពាក់ព័ន្ធនឹងការចោទថា សកម្មភាពនៃក្រុមប្រដាប់អាវុធនេះមានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះលោក ខៀវ សុភ័គ មិនចាត់ទុកថាជាការមានបំណងផ្តួលរំលំរដ្ឋាភិបាលនោះទេ។
លោកអះអាងថា៖ «សកម្មភាពនេះវាអត់មានអីទេ វាអត់មានកម្លាំងប្រភេទណាដែលអាចនិយាយថា ផ្ដួលរំលំរដ្ឋាភិបាលអីនោះទេ។ សកម្មភាពនេះ គ្រាន់តែជាសកម្មភាពចោរលួចចោរប្លន់ធ្វើម៉េចឲ្យតែបម្រើ [ក្រុមប្រឆាំង]។ ពេលណាដែលវាខ្លាំងទៅ វាចាប់ដៃជាមួយបក្សប្រឆាំងនៅខាងក្រៅ ដើម្បីមុខមាត់វា មុខតំណែងវា។ ប៉ុន្ដែសកម្មភាពនេះតាមពិតទៅជាសកម្មភាពភេរវកម្មសុទ្ធសាធ»។
កាលពីថ្ងៃទី ២ ខែតុលានៅខេត្តព្រះវិហារ កម្លាំងនគរបាលបានសហការគ្នា បើកប្រតិបត្តិការចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ប៊ុន ប្រសើរ អាយុ ៤២ ឆ្នាំឈ្មោះហៅក្រៅ ថង ឌី នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសមាជិកចលនារណសិរ្សរំដោះជាតិខ្មែរ និងជាមេខ្លោង ប្រដាប់អាវុធនៃជនសង្ស័យប្រដាប់អាវុធ ៨ នាក់ទៀតដែលឃាត់ខ្លួនបានតាំងពីថ្ងៃទី ២៦ ខែកញ្ញា។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ក្នុងប្រតិបត្តិការបង្ក្រាបមេខ្លោងខាងលើកម្លាំងនគរបាលដកហូតបានកាំភ្លើង AK៤៧ ១ ដើម កាំភ្លើងខ្លី ១ ដើម គ្រាប់បែក ៤ គ្រាប់ កាមេរ៉ា ១ គ្រឿង កុំព្យូទ័រ ១ គ្រឿង ម្សៅក្រាមពណ៌ស ១ គីឡូក្រាម ម្សៅពណ៌លឿង ១ គីឡូក្រាម និងកាំជ្រួចដែលអាចកែច្នៃធ្វើជាគ្រាប់បែករួមជាមួយកែវឆ្លុះ ៣ គ្រឿង និងលិខិតឆ្លងដែន ២ ។
បើតាមលោក ខៀវ សុភ័គ ជនសង្ស័យប្រដាប់អាវុធទាំង ៨ នាក់ និងមេខ្លោងម្នាក់ទៀតដែលចាប់នៅខេត្ដព្រះវិហារពេលនេះសមត្ថកិច្ចបានបញ្ជូនមកដល់ភ្នំពេញ និងបញ្ជូនបន្ដទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្ដនីតិវិធី។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបង្ហាញតាមរយៈតេឡេក្រាមកាលពីថ្ងៃអង្គារនេះថា តុលាការបានសម្រេចចោទប្រកាន់ជនសង្ស័យប្រដាប់អាវុធទាំងនេះពីបទ «រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធតាមមាត្រា ៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ និងឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៨»។
តាមឯកសាររបស់អគ្គស្នងការនគរបាលជាតិបញ្ជាក់ថាឈ្មោះ ថង ឌី គឺជាសមាជិកចលនាក្បាលខ្លាដែលជាចលនាកសាងកងកម្លាំងប្រដាប់អាវុធនៅក្នុងព្រៃដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល។ ឯកសារបានបញ្ជាក់ដែរថា ចលនាក្បាលខ្លាបានចងសម្ព័ន្ធភាពជាមួយចលនារណសិរ្សរំដោះជាតិរបស់លោក សម សេរី ប៉ុន្តែត្រូវបានលោក សម សេរី បដិសេធ។
លោក សម សេរី ប្រាប់ ភ្នំពេញ-ប៉ុស្ដិ៍ ម្សិលមិញតាមហ្វេសប៊ុកថាករណីប្រដាប់អាវុធនេះមិនដូចអ្វីដែលសមត្ថកិច្ចកម្ពុជាបានលើកឡើងនោះទេ។
លោកថា៖ «វាមិនមែនជាការពិតទេ។ ពួកគេមិនមែនជាសមាជិករណសិរ្សរំដោះជាតិខ្មែរទេ។ ខ្ញុំមិនដែលស្គាល់ពួកគេទេ។ នេះជាផែនការដែលរៀបចំដោយប៉ូលិស និងរបប ហ៊ុន សែន ដើម្បីទម្លាក់កំហុសមកលើខ្ញុំ និងរណសិរ្សរំដោះជាតិខ្មែរដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ។ ក្រោយពីខ្ញុំជួបអ្នកស្រី រ៉ូណា ស្ម៊ីត នៅអង្គការសហប្រជាជាតិនៅហ្សឺណែវកាលពីថ្ងៃទី ២៥ ខែកញ្ញ្ញា ឆ្នាំ ២០១៨»។
លោកសង្កត់ធ្ងន់ថា៖ «វាធ្ងន់ធ្ងរសម្រាប់ខ្ញុំ ដែលគេចេះតែធ្វើទុក្ខបុកម្នេញមិនឈប់ឈរដែលខ្ញុំមិនប្រព្រឹត្តអ្វីខុសផង។ ខ្ញុំសូមអំពាវនាវឲ្យអន្តរជាតិ និងអង្គការសហប្រជាជាតិជួយរកដំណោះស្រាយវិបត្តិនយោបាយខ្មែរផង ព្រោះគេដោះលែងអ្នកទោសនយោបាយខ្លះជាសមាជិករណសិរ្ស តែរូបខ្ញុំមិនត្រូវដោះលែង វាអយុត្តិធម៌ដែលខ្ញុំខ្មែរម្នាក់ដែរ ត្រូវគេបិទសិទិ្ធនយោបាយ»។
គួរបញ្ជាក់ថាជនសង្ស័យប្រដាប់អាវុធទាំង ៨ នាក់តុលាការសម្រេចចោទប្រកាន់ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ នោះរួមមាន ១. ឈ្មោះ សៀង វណ្ណឌឿន ២. វ៉ន ឡេង ៣. វ៉ន សាវណ្ណ ៤. ថន សាម៉េត ៥. ហេង ហៃ (ស្រី) ៦. ណុប វ៉ុន ៧. សាន សៅរី និង ៨. ឈ្មោះ ប៉ែន ប៊ុនធឿន៕