កណ្តាលៈ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​លោក​ ធុល នាង អះអាង​ថា ក្រុមការងារ​មន្ទីរ​នឹង​ចុះ​សម្របសម្រួល​បន្តទៀត​ករណី​រោងចក្រ គ្រីស្តាល់ម៉ាទីន ស្ថិត​ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ប្រកាស​ព្យួរការងារ​កម្មករ​បណ្តាល​ឲ្យ​មាន​ការតវ៉ា​កើតឡើង​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ គ្រីស្តាល់ម៉ាទីន 7NG ​នៅ​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ជាង​ ៨០០ ​នាក់​ កាលពី​ថ្ងៃទី​ ៤ ​និង​ទី​ ៥ ខែ​មីនា​បាន​ផ្ទុះ​បាតុកម្ម​តវ៉ា ក្រោយពី​រោងចក្រ​សម្រេច​មិន​បញ្ចប់​កិច្ចសន្យា​ការងារ​តាម​ការព្រមព្រៀង​កន្លង​ទៅ​ដោយ​បែរ​ជា​ប្រកាស​ព្យួរការងារ​របស់​ពួកគេ​រយៈពេល​ ២ ​ខែ​ទៅវិញ​។

ក្រុមកម្មករ​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​លើកឡើង​ក្នុង​ពេល​ប្រមូលផ្តុំ​តវ៉ា​ក្នុង​រោងចក្រ​ពី​ថ្ងៃ​ពុធ​ថា កាលពី​សប្តាហ៍​មុន ភាគី​កម្មករ​រោងចក្រ​ 7NG ​បាន​ព្រមព្រៀង​បញ្ចប់​កិច្ចសន្យាការងារ និង​ឯកភាព​ជាមួយ​ក្រុមហ៊ុន​ដោយ​ព្រម​ទទួល​អត្ថប្រយោជន៍​ ៥ ​ចំណុច​ក្នុង​នោះ​រួមមាន ទី​១ ​ទទួល​ប្រាក់ខែ​ចុងក្រោយ ទី​២ ​ទទួល​ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់​ ទី​៣ ​ប្រាក់​អតីតភាព​ការងារ ទី​៤ ទទួល​ប្រាក់​ជូនដំណឹង និង​ទី​៥ សំណង​ជំងឺ​ចិត្ត​។

ក្រុមកម្មករ​បន្តថា ប៉ុន្តែ​ក្រោយមក​ភាគី​រោងចក្រ​បាន​កែប្រែ​ការប្រកាស​ព្យួរការងារ ដោយ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់​តាម​ការព្រមព្រៀង​ទៅវិញ​។ ភាគី​រោងចក្រ​បាន​តម្រូវ​ឲ្យ​កម្មករ​ទាំងអស់​មិន​ត្រូវ​ទទួល​អត្ថប្រយោជន៍​ពី​ការបញ្ឈប់​ពី​ការងារ ប៉ុន្តែ​តម្រូវ​ឲ្យ​កម្មករ​មក​ទទួល​អត្ថ​ប្រយោជន៍​នៃ​ការព្យួរ​ការងារ​រយៈពេល ២​ ខែ​ទៅវិញ​។

កម្មករ​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ និយាយ​ក្នុង​ចំណោម​កម្មករ​ជាច្រើន​ដែល​កំពុង​តវ៉ា​ថា​៖ «​ថ្ងៃមុន​ [​ភាគី​រោងចក្រ​] គាត់​ហៅ​ឲ្យ​ពួក​ខ្ញុំ​ប្រជុំ​ថា ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​ខ្ញុំ​ហើយ ហេតុអ្វី​បាន​ជា​គាត់​មិន​ព្រម​បើក​ឲ្យ​ខ្ញុំ​វិញ ពេល​ដល់​ម៉ោង​បែរជា​លែង​បើក​ឲ្យ​ខ្ញុំ​វិញ ហើយ​គាត់​ប្រកាស​ព្យួរ​ឈ្មោះ​របស់​ខ្ញុំ​វិញ​។ ខ្ញុំ​ម៉េច​នឹង​ព្រម បើ​រោងចក្រ​អត់​មាន​ការងារ​ឲ្យ​ធ្វើ​ផង ម៉េច​មិន​បើកប្រាក់​ឈ្នួល​ឲ្យ​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​ទៅរក​ស៊ី​អី​ផ្សេងទៀត​»​។

លោក​ ម៉ៅ សំអូន ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​គ្រីស្តាល់​ម៉ាទីន​ប្រាប់​កាសែត​ក្នុងស្រុក​ថា កន្លង​ទៅ​ក្រុមហ៊ុន​បាន​ប្រមូល​សម្លៀកបំពាក់​ពី​អគារ​មួយ​ទៅកាន់​អគារ​មួយ​ទៀត ដើម្បី​បង្ហាញ​តំណាង​ក្រសួង​ដែល​ចុះមក​ត្រួត​ពិនិត្យ​ថា​ក្រុមហ៊ុន​គ្មាន​សម្លៀកបំពាក់​ឱ្យ​កម្មករ​កាត់ដេរ​បន្តទៀត​ទេ ដែល​ធ្វើឲ្យ​កម្មករ​មិន​មាន​ការងារ​ធ្វើ​បន្ត​។ ប៉ុន្តែ​លោក​ថា​រោងចក្រ​បាន​ឲ្យ​កម្មករ​ជ្រើសរើស លក្ខខណ្ឌ​ ១ ក្នុង​ចំណោម​លក្ខខណ្ឌ​ ២​។

លោក​បន្តថា​៖ «​លក្ខខណ្ឌ​ទាំង​ ២ ​នេះ​មាន​ទី​ ១ ត្រូវ​ព្យួរការងារ​ក្នុង​រយៈពេល​ ២ ​ខែ និង​ទី ​២ បញ្ចប់​កិច្ចសន្យាការងារ​ដោយ​ទទួល​បាន​អត្ថប្រយោជន៍​ចំនួន​ ៥ ​ចំណុច​។ នៅពេល​ដែល​មាន​កម្មករ​ជ្រើសរើស​យក​លក្ខខណ្ឌ​បញ្ចប់​កិច្ចសន្យា​ការងារ បែរ​ជា​ក្រុមហ៊ុន​ប្រកាស​ឲ្យ​កម្មករ​ត្រូវ​ព្យួរការងារ​ទៅវិញ​ទើប​បណ្តាល​ឲ្យ​កម្មករ​ផ្ទុះ​ការតវ៉ា​តែម្តង​»​។

ប្រធាន​មន្ទីរ​ការងារ​លោក​ ធុល នាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រុមការងារ​នឹង​បន្ត​ចុះទៅ​សម្របសម្រួល​ជាមួយ​កម្មករ​ជា​បន្តទៀត ដើម្បី​ឲ្យ​ពួកគាត់ ព្រម​ទទួល​យក​តាម​លក្ខខណ្ឌ​ច្បាប់​។ លោក​ថា ករណី​រោងចក្រ គ្រីស្តាល់ម៉ាទីន ប្រកាស​ព្យួរការងារ ព្រោះ​ប្រឈម​នឹង​កត្តា​ខ្វះ​វត្ថុធាតុដើម ដែល​រដ្ឋាភិបាល​បាន​ចេញ​គោលនយោបាយ​ហើយ​ដើម្បី​ទប់ស្កាត់​បាតុភាព​ទាំងនេះ​។

លោក​បន្តថា ដូច្នេះ​ករណី​នេះ​កម្មករ​ទាំងអស់​គួរតែ​ទទួល​យក​នូវ​លក្ខខណ្ឌ​នៃ​ការប្រកាស​ព្យួរការងារ​នេះ ដោយ​ទទួល​ប្រាក់ឧបត្ថម្ភ​ ៤០ ​ភាគរយ​ពី​រោងចក្រ និង​ ២០ ​ភាគរយ​ទៀត​ពី​រដ្ឋាភិបាល ដើម្បី​រួមចំណែក​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ក៏ដូចជា​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​គ្រោះថ្នាក់​បណ្តាល​មកពី​ជំងឺ​កូរ៉ូណា​នេះ​។

លោក​បញ្ចាក់​ថា​៖ «​តាម​លិខិត​ដែល​រោងចក្រ​បាន​ដាក់​មក​មន្ទីរ​ការងារ​កាលពី​ថ្ងៃទី​ ២៧ កុម្ភៈ គឺ​សុំ​ព្យួរការងារ ហើយ​ការ​ដែល​ថា​រឿង​បាន​ជជែក​គ្នា​ក្រៅផ្លូវការ ដើម្បី​ទទួល​បាន​ ៥ ​ចំណុច​នេះ គឺជា​រឿង​ក្រុមហ៊ុន​បាន​ជជែក​ជាមួយ​កម្មករ​ដែល​យើង​ក៏​មិន​បានដឹង​ដែរ​។ ប៉ុន្តែ​ក្នុង​ករណី​នេះ​គឺ​ស្នើសុំ​ព្យួរការងារ ដូច្នេះ​បើ​តម្រូវ​ឲ្យ​រោងចក្រ​ផ្តាច់​កិច្ចសន្យា ដើម្បី​ទូទាត់​ ៥ ​ចំណុច​គឺ​មិនមាន​ច្បាប់​ណា​តម្រូវ​ដែរ ហើយ​ក្នុង​ច្បាប់​បើ​កម្មករ​នៅតែ​ទាមទារ​ឈប់ គឺ​អាច​ទទួល​បាន​តែ​ ១ ទៅ​ ២ ​ចំណុច​ទេ​»​។

លោក​ ធុល នាង សុំ​ឲ្យ​កម្មករ​យល់យោគ និង​បន្ត​គោរព​ទៅតាម​នីតិវិធី​ច្បាប់​។ លោក​ថា ក្រុមការងារ​នឹង​ជំរុញ​ឲ្យ​ភាគី​រោងចក្រ​ប្រញាប់​ទូទាត់​ថវិកា​ ៤០ ​ភាគរយ​ជូន​កម្មករ និង​រៀបចំ​វគ្គបណ្តុះបណ្តាល​កម្មករ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ២០ ​ភាគរយ​បន្ថែម​ដែល​សរុប​ក្នុង​ ១ ​ខែៗ​កម្មករ​អាចនឹង​ទទួល​ប្រាក់​ប្រមាណ​ ១២០ ​ដុល្លារ​ផងដែរ​៕