
មន្ត្រីមន្ទីរសុខាភិបាលប៉ៃលិនដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយបង្ហោះសារបញ្ហាកន្លែងចត្តាឡីស័ក។ រូបថត ហ្វេសប៊ុក
ប៉ៃលិនៈ មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិនម្នាក់ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ក្រោយពីបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធបញ្ហាកូវីដ ១៩ នៅមណ្ឌលចត្តាឡីស័ក ដែលត្រូវបានចោទប្រកាន់ថាមានចេតនាញុះញង់ និងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាព។
យោងតាមសេចក្ដីសម្រេចកាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ របស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា៖ «ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ចំពោះលោក ខឹម មុនីកុសល បច្ចុប្បន្នបម្រើការងារជាមន្ត្រីនៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន ដោយមូលហេតុប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។
លោក ខឹម មុនីកុសល បានបង្ហោះសារ និងរូបភាពជាច្រើនទាក់ទងមណ្ឌលចត្តាឡីស័ក និងលើកចុងក្រោយបានបង្ហោះថា «បញ្ហាដែលពេទ្យប្រចាំការនៅមន្ទីរបក្សខេត្តប៉ៃលិនមិនគួរនឹងទទួល មន្ត្រីពេទ្យជាបុគ្គលិកស្រីត្រូវបានបងប្អូនយើងដែលកំពុងធ្វើចត្តាឡីស័កយកកញ្ចប់បាយគប់មុខ។ ពេទ្យប្រចាំការតាមមណ្ឌលចត្តាឡីស័កធ្វើការសឹងតែមួយរយជំពូកហើយនៅតែទទួលបានការប្រមាថបែបនេះទៀត»។ ការចែកបាយក៏មិនគួរតែពេទ្យជាអ្នករ៉ាប់រងតែឯងដែរ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធគួរតែរួមចំណែកជួយ មិនមែនមកអង្គុយលេង Facebook ក្នុងតង់ និងថតរូបបង្អួតគេទេ។
អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិនបានចេញសេចក្តីបំភ្លឺកាលពីថ្ងៃទី ២០ ខែមីនា បានឱ្យដឹងថា លោក ខឹម មុនីកុសល អតីតជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនក្នុងតួនាទីគាត់មិនដែលមកបំពេញការងារក្នុងអង្គភាព គាត់តែងតែព្យាយាមបង្កការញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព មន្ទីរសុខាភិបាលខេត្ត។
រដ្ឋបាលខេត្តបញ្ជាក់ថា៖ «ក្នុងគោលបំណងបង្កភាពវឹកវរកាលពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២១ គាត់បានសុំចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខចូលមកមណ្ឌលចត្តាឡីស័ក ហើយគាត់ក៏ឆ្លៀតឱកាសថតបង្ហោះក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបំប៉ោងព័ត៌មានក្លែងក្លាយធ្វើឱ្យចលាចលក្នុងសន្តិសុខសង្គម ប៉ះពាល់ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មមិនគិតពីការនឿយហត់»។
ក្រោយបញ្ចប់មុខតំណែងលោក ខឹម មុនីកុសល បានបង្ហោះសារនៅផេចហ្វេសប៊ុកផ្លូវការរបស់លោកថា៖ «ខ្ញុំមិនដែលទទួលការព្រមានអំពីទោសកំហុសជាផ្ទាល់មាត់ និងតាមលិខិតទេពីមុនមក បើខ្ញុំមិនមែនជាក្រុមឆ្លើយតបបន្ទាន់ខាងស្រង់សំណាកទេ តើខ្ញុំអាចចូលទៅមណ្ឌលចត្តាឡីស័កបានទេ?»។
លោក កុសល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញដោយសម្តែងការសោកស្តាយចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្ត ខណៈលោកកំពុងជួយបំពេញការងារក្នុងការទប់ស្កាត់កូវីដ ១៩។
អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិនបានឱ្យដឹងថា លោក ខឹម មុនីកុសល អតីតជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារលោកមានកំហុសឆ្គងជាបន្តបន្ទាប់ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តបានសម្រេចស្នើសុំបញ្ចប់ភារកិច្ចកាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ ឱ្យមកបម្រើការងារនៅមន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាលនៃខេត្តដដែល ដើម្បីទុកឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ។
ការបញ្ចប់ភារកិច្ចពេលនោះ គឺដើម្បីទុកឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីរូបនេះនៅតែបន្តការអុកឡុក ញុះញង់ បំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល៕
វីដេអូ៖