ភ្នំពេញៈ មន្ត្រីក្រសួងអប់រំម្នាក់ដែលធ្លាប់មានរឿងអាស្រូវបៀតបៀនកេរ្តិ៍ខ្មាសអ្នកបកប្រែជាតិកូរ៉េម្នាក់ ខណៈកំពុងធ្វើជាតំណាងកម្ពុជាក្នុងវេទិកាស្ដីពីការអភិវឌ្ឍធនធានមនុស្សអាស៊ានបូក ៣ នៅកូរ៉េខាងត្បូងកាលពីឆ្នាំមុននោះត្រូវបានដំឡើងឋានៈខ្ពស់មួយកម្រិតទៀតជាការដំឡើងមួយធ្វើឲ្យមន្ត្រីសង្គមស៊ីវិលសម្ដែងការខកចិត្ត និងថាជាគំរូមិនល្អសម្រាប់អ្នកជំនាន់ក្រោយ។
លោក គ្រី ស៊ាងឡុង ដែលពីមុនជាប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈហើយត្រូវបានក្រសួងអប់រំដកតំណែងមកជាគ្រូធម្មតាក្រោយពីមានរឿងអាស្រូវនោះឥឡូវនេះត្រូវបានដំឡើងឋានៈពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១»។
បើតាមអនុក្រឹត្យមួយចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ២២ មីនា បានសម្រេច «ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ដល់មន្ត្រីរាជការចំនួន ១៣២៩ រូបនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម និងក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់នៅក្រសួងអប់រំ យុវជន និងកីឡា»។
អនុក្រឹត្យនេះក៏បានដំឡើងលោក គ្រី ស៊ាងឡុង ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ ផងដែរ។
ការដំឡើងនេះត្រូវបានអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីន លើកឡើងថាជាការធ្វើទៅតាមនីតិវិធីរបស់ក្រសួងអប់រំ។
លោកបានបន្តថា៖ «គាត់បានធ្វើខុសហើយក្រសួងបានអនុវត្តទៅតាមនីតិវិធី និងគោលការណ៍របស់ក្រសួងដោយដកគាត់ចេញពីតំណែងហើយគាត់បានក្លាយជាគ្រូធម្មតាម្នាក់ និងគាត់មិនមានតំណែងណាមួយទេ ហេតុដូច្នេះជាគ្រូធម្មតាម្នាក់ជារៀងរាល់ពីរឆ្នាំ ពួកគេឡើងកាំ...»។
លោកបានបន្តថា៖ «មន្ត្រីបាត់បង់ក្របខ័ណ្ឌលុះត្រាតែតុលាការផ្តន្ទាទោសហើយគាត់ក្លាយជាអ្នកទោសហេតុដូច្នេះវាអាចស្នើសុំដកក្របខ័ណ្ឌហើយក្នុងករណីដែលមន្ត្រីប្រព្រឹត្តខុសហើយវាមិនឈានដល់បទល្មើសព្រហ្មទណ្ឌ ហេតុដូច្នេះមានតែអនុវត្តតាមនីតិវិធីរបស់ក្រសួងហើយ «គាត់បានទទួលការដាក់ទោសទណ្ឌរដ្ឋបាលរួចហើយ ហើយគាត់នៅមានក្របខ័ណ្ឌរបស់គាត់នៅឡើយជារៀងពីរឆ្នាំកម្រិតរបស់គាត់ត្រូវបានដំឡើង ប៉ុន្តែមិនមែនដំឡើងតំណែងនោះទេ»។
លោកបានបញ្ជាក់៖ «នេះជាអនុក្រឹត្យដំឡើងឋានន្តរស័ក្តិមានន័យថាដំឡើងកាំជារៀងរាល់ពីរឆ្នាំម្តង ហើយវាមិនមែនជាអនុក្រឹត្យដំឡើងតំណែងទេ»។
យ៉ាងណាក៏ដោយលោកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រ និងការអភិវឌ្ឍកាលពីម្សិលមិញបានសម្តែងការមិនពេញចិត្តនឹងការដំឡើងនេះដោយថាជាគំរូមិនល្អមួយ។
លោកស្រីបានបន្តថា៖ «ខ្ញុំពិតជាខកចិត្តចំពោះដំណឹងដែលគាត់ត្រូវបានដំឡើងឋានៈ»។
លោកស្រីបានហៅការដំឡើងឋានៈនេះថា «បក្ខពួកនិយម» និង «មិនល្អទេសម្រាប់កម្ពុជាដែលវាមើលទៅមិនល្អសម្រាប់ថ្នាក់ដឹកនាំ។ ករណីនេះកើតឡើងនៅប្រទេសកូរ៉េតើសហគមន៍អន្តរជាតិវាយតម្លៃសង្គមកម្ពុជាយ៉ាងម៉េចទៅចំពោះបញ្ហានេះ?
លោកស្រីបញ្ជាក់ថា៖ «នេះពិតជាគំរូអាក្រក់ ខ្ញុំមានអារម្មណ៍ខកចិត្តណាស់។ កេរ្តិ៍ឈ្មោះរដ្ឋាភិបាលមិនល្អប្រសើរហើយតើអ្នកអាចបង្ហាញករណីនេះទៅសិស្ស ទៅប្រជាជនជំនាន់ក្រោយយ៉ាងម៉េចទៅ?»។
សូមបញ្ជាក់ថាលោក គ្រី ស៊ាងឡុង ខណៈទៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំមុនបានត្រូវនារីបកប្រែភាសាជាតិកូរ៉េម្នាក់ប្ដឹងក្រោយពីរូបលោកឱបនាងបម្រុងថើប។ តាមរយៈបណ្ដឹងលោកត្រូវបានឃាត់ខ្លួនហើយត្រូវបានទូតជួយអន្តរាគមន៍ក្រោយពីព្រមសងប្រាក់ជំងឺចិត្ត ១២៣០០ ដុល្លារតាមការសម្រេចរបស់តុលាការកូរ៉េ ខណៈនៅកម្ពុជាមានការរិះគន់ពីមជ្ឈដ្ឋានជាច្រើនថាជាការធ្វើឲ្យខូចកិត្តិយសកម្ពុជា៕ PS