ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ករណី​បុរស​ម្នាក់​ជា​អនុប្រធាន​ការិយាល័យ​ក្រសួង​ទេសចរណ៍​បាន​បើកបរ​រថយន្ត​ស្ថិតក្នុង​ស្ថានភាព​ស្រវឹងខ្លាំង​ទៅបុក​មន្ត្រីនគរបាល​ ៣ ​នាក់​បណ្តាល​ឲ្យ​រងរបួស​។

លោក ស ថេត អគ្គស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ខណៈ​កម្លាំង​នគរបាល​រងគ្រោះ​កំពុង​ដឹកនាំ​កម្លាំង​ប្រជុំជួរ​ដើម្បី​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ចំណុច​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​មុខ​វត្តកោះ​ក្នុង​ខណ្ឌដូនពេញ បុរស​ជា​ជនបង្ក​ម្នាក់​ឈ្មោះ ឆាយ គឹមហួង ជា​អនុប្រធាន​ការិយាល័យ​ក្រសួងទេសចរណ៍​បាន​បើកបរ​រថយន្ត​ម៉ាក Highlander ១ ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-9867 ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ទៅ​បុក​មន្ដ្រីនគរបាល​ចរាចរណ៍​ដែល​កំពុង​អនុវត្ដ​ការងារ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ និង​ស្រាល​កាលពី​យប់​ថ្ងៃទី​ ១១ ខែមីនា​។

លោកស្នងការ​បញ្ជាក់ថា​៖ «​ឥឡូវ​យើង​កំពុង​រៀបចំ​ឯកសារ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនបង្ក​ទៅ​តុលាការ​នៅក្នុង​ថ្ងៃនេះ​ (​ថ្ងៃ​ព្រហស្បតិ៍​) ​ហើយ​។ មន្ត្រីនគរបាល​យើង​ដែល​រងរបួស​បាន​ធូរស្រាល​ខ្លះ​ហើយ ខ្ញុំ​ទើបតែ​ទៅ​មើល​ព្រឹកមិញ (​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​)»​។

លោក សែម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់ថា ដោយមាន​ការឯកភាព​យល់ព្រម​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជនបង្ក​ដែល​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ (​ដែលមាន​កម្រិត​ជាតិ​អាល់កុល ០.៧៨mg/L ) ឈ្មោះ ឆាយ គឹមហួង ត្រូវ​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ដោយ​យោង​លើ​មាត្រា ៨៣ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដែល​អាច​នឹងត្រូវ​ផ្តន្ទាទោស​ចាប់ពី ៦ ​ខែ ដល់​ ២ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ២ ​លាន ដល់ ១០ ​លាន​រៀល ។

តាម​របាយការណ៍​របស់​ស្នងការ​រាជធានី​ឱ្យដឹងថា មន្ដ្រីនគរបាល​ដែល​រងរបួស​ទាំង​ ៣ ​នាក់​នេះ​រួមមាន លោក សរ សំណាង ស្នងការរង រងរបួស​ស្រាល លោក លាង បណ្ឌិត នាយរង​ផ្នែក​នៃ​ការិយាល័យ​អន្តរាគមន៍​ពិសេស​រងរបួស​ធ្ងន់​ត្រង់​ក្បាល និង​លោក ហុង សង្វាត មន្ត្រី​នៃ​ការិយាល័យ​អន្តរាគមន៍ រងរបួសស្រាល​។

របាយការណ៍​ដដែល​បន្ត​ថា​៖ «​ករណីនេះ​បង្កដោយ​បុរស​ម្នាក់​ឈ្មោះ ឆាយ គឹមហួង អនុប្រធាន​ការិយាល័យ​ក្រសួងទេសចរណ៍​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ខ្លាំង​មក​បុក​កម្លាំងចម្រុះ​នៅវេលា​ម៉ោង​ ២២ និង​ ៥០ ​នាទី​យប់​ស្របពេល​ដែល​លោក​ស្នងការរង​កំពុង​ដឹកនាំ​កម្លាំង​ប្រជុំជួរ ដើម្បី​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​»​។

កាលពី​ម្សិលមិញ​លោក ស ថេត ក្នុងពេល​ទៅ​សួរ​ទុក្ខ​មន្ដ្រីនគរបាល​រងគ្រោះ​ខាងលើ​បាន​សម្តែង​ការអាណិតអាសូរ​ដល់​មន្ត្រី​ដែល​ខិតខំ​បំពេញ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​ការពារ​ទប់ស្កាត់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់ ប៉ុន្តែ​បែរជា​ត្រូវ​រងគ្រោះ​ដោយ​ជនបង្ក​ជា​អ្នក​បើកបរ​ស្រវឹង​បែបនេះ​។

របាយការណ៍​នគរបាល​បង្ហាញថា លទ្ធផល​ត្រួតពិនិត្យ​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កាល​យប់​ថ្ងៃទី​ ១១ ខែ​មីនា​បាន​ឃាត់​រថយន្ត ២៤ ​គ្រឿង ម៉ូតូ ២៣៩ ​គ្រឿង សរុប​ ២៦៣ ​គ្រឿង​។ អ្នកបើកបរ​រថយន្ត​ក្នុង​ស្ថានភាពស្រវឹង​រួមមាន ២៤ ​ករណី​។ អ្នកបើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​មាន ១១ ​ករណី និង​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព និង​គ្មាន​កញ្ចក់​មាន​ ២៣៩ ​ករណី​។

គួរ​បញ្ជាក់ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​អនុវត្ដ​វិធានការ​ក្តៅ​ក្នុង​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅពេល​យប់​ចាប់ពី​ម៉ោង ១១ ​យប់​ដល់​ម៉ោង ២ កន្លះ​រំលង​អធ្រាត្រ​ដោយ​មិនមាន​ការលើកលែង​ចំពោះ​អ្នកបើកបរ​ល្មើស​ឡើយ ខណៈ​កាលពី​យប់​ថ្ងៃទី​ ១ ​នៃ​ការ​អនុវត្ដ​វិធានការ​នេះ​កាលពី​ថ្ងៃទី​ ៩ ខែ​មីនា សមត្ថកិច្ច​បាន​ចាប់​ឃាត់​រថយន្ត និង​ម៉ូតូ​រហូត​ដល់​ជាង ៤០០ គ្រឿង​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដើម្បី​ធ្វើការ​អប់រំ និង​ផាកពិន័យ​។

លោក ស ថេត បញ្ជាក់​ថា​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅពេល​យប់​នេះ​គឺមាន​ការត្រួតពិនិត្យ​សារជាតិ​ស្រវឹង​លើ​អ្នកបើកបរ ការបើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព ករណី​គ្រឿងញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅតាម​បណ្តា​គោលដៅ​នានា​ក្នុង​ខណ្ឌ​ទាំង ១៤ ចាប់ពី​ម៉ោង ១១ យប់​ដល់​ម៉ោង ២ ​កន្លះ​រំលង​អធ្រាត្រ​ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​ករណី​បទល្មើស​ផ្សេងៗ​ឱ្យ​មាន​ការថយចុះ​រឹតតែ​ខ្លាំង​ថែមទៀត​៕