បន្ទាយមានជ័យ: មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​យក​រូប​បដិមា​សត្វ​ «​តោ​ ឬ​រាជសីហ៍​» ​ទៅ​រក្សាទុក​ក្នុង​ប្រាសាទ​បន្ទាយឆ្មារ​ដដែល បន្ទាប់ពី​មន្ត្រី​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​បាន​ប្រទះឃើញ​ពេល​ធ្វើ​កំណាយ​ស្រាវជ្រាវ​ពី​រចនាសម្ព័ន្ធ​គ្រឹះ​កំពង់ទឹក​របស់​បារាយណ៍​មេបុណ្យ​នៃ​ប្រាសាទបន្ទាយឆ្មារ​កាលពី​ថ្ងៃទី​ ៣ ​ខែ​កុម្ភៈ​។

លោក ប្រាក់ ស៊ុនណារ៉ា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​យក​រូប​បដិមា​សត្វ​តោ​ ឬ​ហៅ​រាជសីហ៍​ទៅ​លាង​ទឹក​សម្អាត​ដី​រួច​​ក៏​បាន​យក​ទៅ​ដាក់​តាំង​នៅក្នុង​ប្រាសាទ​បន្ទាយឆ្មារ​ដដែល​ដើម្បី​រក្សាទុក​ឲ្យ​ភ្ញៀវទេសចរ​ទស្សនា​កម្សាន្ដ​។

លោក​បន្តថា ការប្រទះឃើញ​បដិមាតោ​នេះ​មិនមែន​មាន​តែ​ ១ ​តួ​នេះ​ទេ តែ​មាន​ទាំង​បដិមា​តោ​ដូចគ្នា​នេះ​ប្រមាណ​ ៣ ​តួ​ផ្សេង​ទៀត​បាក់បែក​រូបរាង ប៉ុន្តែ​មាន​ ១ ​នៅ​ស្អាត​ទាំង​ក្បាច់ចម្លាក់ និង​ទ្រង់ទ្រាយ​ទាំងមូល​។

លោក​បន្ថែមថា បដិមា​ទាំងនោះ​សាង​​ឡើង​តាម​រចនាប័ទ្ម​បាយ័ន​ចាប់ពី​ចុង​សតវត្សរ៍​ទី​ ១២ ដល់​ដើម​សតវត្សរ៍​ទី​ ១៣ ក្នុង​រជ្ជកាល​ព្រះបាទជ័យវរ្ម័ន​ទី​ ៧ ដំណាល​នឹង​ការសាង​ប្រាសាទបន្ទាយ​ឆ្មារ​។ ​ប៉ុន្តែ​ដោយ​ឆ្លងកាត់​ពេល​រាប់រយ​ឆ្នាំ​ទៅ​ក៏​បាក់​រលំ​ចូល​ក្នុង​បាត​បារាយណ៍​ទឹក​រហូត​ដល់ពេល​កាយ​ឃើញ​នេះ​។

លោក ស៊ុនណារ៉ា បញ្ជាក់​ថា​៖ «​តោ​នេះ​បាន​រកឃើញ​នៅ​ជ្រុង​និរតី (​ខាងលិច​ឈៀង​ខាងត្បូង​) ​នៃ​កំពង់ទឹក​ក្នុង​ពេល​បក​ដី​ផ្នែក​ខាងលើ​ចេញ​ទាំងអស់​។ ដំបូង​ឃើញ​តែ​ជើង​តោ​ចំនួន​ ២ ​ជាប់​នឹង​បល្ល័ង្ក​តែប៉ុណ្ណោះ​។ តាមរយៈ​ការឃើញ​ជើង​ទាំង​ ២ ​នេះ​ក្រុម​ការងារ​ក៏​ឲ្យ​កម្មករ​ជីក​បន្ត​ដើម្បី​មើលថា តើ​តោនេះ​នៅ​សល់​រូប​យ៉ាង​ដូចម្តេច​?

បន្ទាប់ពី​ជីកដី​ចេញ​យើង​ឃើញ​តោ​មាន​រូបរាង​នៅ​ល្អ​ស្ទើរតែ​ទាំងអស់​។ ​តោ​នេះ​មាន​កម្ពស់​ប្រហែល​ ២ ​ម៉ែត្រ ទទឹង​ប្រហែល​ ៧០ ​សង់ទីម៉ែត្រ បាន​កប់​ក្នុង​ដី​ជម្រៅ​ប្រហែល​ជា​ ១,៥ ម៉ែត្រ​»​។

លោក គូ វិត ប្រធាន​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ដោយ​លោក​ថា កំពុង​ជាប់​ប្រជុំ​។ ប៉ុន្ដែ Fresh News បាន​ដកស្រង់​សម្ដី​លោក​ថា ភិនភាគ​នៃ​បដិមា​តោ​ ឬ​រាជសីហ៍​នេះ​មាន​មាឌធំ​ជាង​បដិមាតោ​ដទៃ​នៃ​បុរាណសម័យ​របស់​កម្ពុជា ដោយ​មាន​ក្បាច់ចម្លាក់​យ៉ាង​ល្អ​វិចិត្រ​បាន​បន្សល់​លើ​តួខ្លួន​នៃ​បដិមាតោ​សឹងតែ​ ១០០ ​ភាគរយ​។

ទោះយ៉ាងណា​លោក​នៅ​មិន​ទាន់​បញ្ជាក់​ពី​ទម្ងន់​នៃ​បដិមា​តោ​នីមួយៗ​ទេ ប៉ុន្តែ​បើតាម​ពលរដ្ឋ​ដែល​បាន​ចូលរួម​ស្ទូច​បដិមា​ពី​ក្នុង​បាត​បារាយណ៍​នោះបាន​បញ្ជាក់ថា បដិមាតោ​នេះ​មាន​ទម្ងន់​ដល់​ទៅ​ ២ ​តោន​ឯណោះ​។ ត្រង់​កំពង់ទឹក​បារាយណ៍​មេបុណ្យ​នេះ​នៅ​មាន​ថ្មសិលា និង​បំណែក​នៃ​រចនាសម្ព័ន្ធ​ផ្សេងទៀត​ក្នុង​នោះ​ក៏​អាចមាន​សម្បត្តិ​បេតិកភណ្ឌ​ច្រើន​ទៀតផង​ដែរ​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​ក៏​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ដែរ​ដោយ​លោក​ថា កំពុង​ជាប់​ប្រជុំ​។ ប៉ុន្ដែ​គេហទំព័រ​ក្រសួង​ព័ត៌មាន​បាន​ដកស្រង់​សម្ដី​លោក​ថា ពេល​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​គ្រឹះ​កំពង់ទឹក​របស់​បារាយណ៍​មេបុណ្យ​នៃ​ប្រាសាទបន្ទាយឆ្មារ មុន​ចាប់ផ្តើម​ជួសជុល​នេះ ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​បាន​រកឃើញ​ចម្លាក់​សត្វតោ​មួយ​ស្ថិតក្នុង​រចនាប័ទ្ម​សម័យ​បាយ័ន​សតវត្សរ៍​ទី​ ១៣ កប់​ក្នុង​ដី​ជម្រៅ​ប្រហែល​ជាង​ ១ ​ម៉ែត្រ​។

លោក​ថា​៖ «​កន្លងមក​តោ​ទាំងអស់​ដែល​រកឃើញ​យើង​បាន​រៀបចំ​ទុក​ក្នុង​ប្រាសាទបន្ទាយឆ្មារ​ដូចគ្នា​គឺ​យើង​រៀបចំ​យើង​អត់​យក​ទៅ​ណា​ទេ យើង​ទុកដាក់​កន្លែង​ចាស់​វិញ ដែល​ពី​មុន​ក្នុង​ប្រាសាទ​រៀបចំ​បែបណា​យើង​ដាក់​​តាមបែប​ហ្នឹង​វិញ​»​។

ប្រាសាទ​បន្ទាយឆ្មារ​មាន​ទីតាំងនៅ​ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ​ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង​ចាប់ពី​ចុង​សតវត្សរ៍​ទី​ ១២ ដល់​ដើម​សតវត្សរ៍​ទី ១៣ ក្នុង​រជ្ជកាល​ព្រះបាទជ័យវរ្ម័ន​ទី​ ៧ ដើម្បី​ឧទ្ទិស​ដល់​បុត្រា​របស់​ទ្រង់ គឺ​ព្រះអង្គ​ស្រិន្ទ្រកុមារ និង​មេទ័ព​របស់​ព្រះអង្គ​ ៤ ​រូប​ទៀត​ដែល​បាន​ពលី​ក្នុង​សមរភូមិ​សង្គ្រាម រំដោះ​មហានគរ​ខ្មែរ​ចេញពី​អំណាច​ត្រួតត្រា​របស់​នគរ​​ចាម្ប៉ា​នា​អំឡុង​ឆ្នាំ​ ១១៧៧៕

វីដេអូ៖