បន្ទាយ​មាន​ជ័យៈ​​ មន្ត្រី​យោ​ធា​យោធ​ភូមិ​ភាគ​ទី ៥ និង​យោ​ធា​ការ​ពារ​ព្រំ​ដែន​គោក​លេខ​ ៥០៣ នឹង​ជួប​ពិភាក្សាជា​មួយ​មន្ត្រី​យោ​ធា​ថៃ​នៅថ្ងៃនេះ ដើម្បី​ស្វែ​ងរក​ដំណោះ​ស្រាយ​ពាក់​ព័ន្ធ​ករណី​ទា​ហាន​ថៃ​ប្រមាណ ​៣០ ​នាក់​ ចូល​កាប់​បំផ្លាញ​ដំឡូង​មី​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។ នេះ​បើ​តាម​មន្ត្រី​មាន​សមត្ថ​កិច្ច​របស់​កម្ពុជា ​​។

លោក​ ឡុង ​សំណាង មេបញ្ជាការ​នគរ​បាល​ព្រំដែន​គោក​វរ​សេនា​តូច​លេខ ​៧០៨ បាន​ប្រាប់​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍កាលពី​ថ្ងៃ​អាទិត្យថា កាលពី​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៩ មាន​ទាហាន​ថៃប្រមាណ ​៣០ ​នាក់​ ដែលកាន់កាំភ្លើង និង​កាំបិត​វែងបាន​ចូលមក​កាប់​បំផ្លាញ​ដំឡូង​មី​របស់ព​លរដ្ឋ​ខ្មែរនៅតាម​បន្ទាត់​ព្រំដែន អស់ប្រមាណ​ជិ​ត ៣ ហិក​តា នៅ​ចំណុច​ច្រករបៀង​បឹង​ព្រីង ភូមិ​ថ្នល់​បំបែក ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក​បាន​បញ្ជាក់ថា៖ «វា​ពាក់ព័​ន្ធនឹង​តំបន់​ស ហើយ​អាជ្ញា​ធរ​ថៃ​គេ​ហៅ​យើង​មិន​ឲ្យ​ទៅ​ដាំ ហើយ​ប្រជា​ពលរដ្ឋ​ យើង​បាន​ដាំ​ចូល​ក្នុងតំបន់​នោះ​ប្រ​ហែល​ ១០​ ម៉ែត្រ។ ថ្ងៃ​ទី ៦​ នេះ​ខាង​ភូមិ​ភាគ​នឹង​ជួប​ប្រជុំ​ពិ​ភាក្សា​ទៅលើករណី​កាប់​បំផ្លាញ​ដំឡូង​មី​របស់ពលរដ្ឋ។យើង​នឹង​​សម្រប​សម្រួល​ជា​មួយខាង​ភាគី​ថៃ​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ» ។

លោកឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជាមេបញ្ជាការ​យោធភូមិភាគ​ទី ៥ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​ ពិត​ជាមាន​ទាហាន​ថៃចូលមក​កាប់បំផ្លាញ​ដំឡូង​មី​ពលរដ្ឋ​ខ្មែរ​នៅតាម​បន្ទាត់​ព្រំដែន​​នៅ​ចំណុច​ច្រករបៀង​បឹង​ព្រីង ភូមិ​ថ្នល់បំបែក ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​ នោះ​មែន ។ ប៉ុន្តែ​​​លោក​មិនបាន​បញ្ជាក់​ថា​តើ​​ទីតាំង​នោះ​គឺ​ស្ថិតនៅលើ​ទឹកដី​កម្ពុជា​ឬក៏​ថៃ​ឡើយ​ ហើយ​លោកក៏​មិនអាច​បញ្ជាក់​ពី​ទំហំ​ដំឡូង​មីដែល​ត្រូវបាន​ថៃកាប់បំផ្លាញ​នោះដែរ។

លោកបានបញ្ជាក់​ថា៖ «ខាង​ភូមិភាគ​យើង​ និងយោធា​ការពារ​ព្រំដែន​គោក​លេខ ៥០៣ ហ្នឹង​គឺស្អែក​យើង​នឹងជួបពិភាក្សាគ្នា​ជាមួយ​វរសេនា​តូច (ថៃ) ដែល​នៅ​ទល់មុខ​គ្នា។ តំបន់​​នោះ​គឺជា​របស់​ខ្មែរយើង។ ចាំ​ស្អែក​យើងពិភាក្សាគ្នាទើបយើង​ដឹង​ពីលទ្ធផល»។

ក៏ប៉ុន្តែបើយោងតាម​សារព័ត៌មាន​ក្នុងស្រុក​ដែល​បាន​ដកស្រង់​សម្តីលោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិភាគ​ទី ៥ និង​ជា​មេបញ្ជាការ​ទិស​ទី ១ ខេត្តបន្ទាយមានជ័យកាលពី​​ថ្ងៃទី ៣ ខែ សីហា ថា កាលពី​រសៀល​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៩ មាន​តម្រួតយោធា និង​ទាហាន​ឈុតខ្មៅ ថៃប្រមាណ ៣០ នាក់ ប្រដាប់​ដោយ​អាវុធ និង​កាំបិត​វែង​បាន​លួច​ចូលមក​កាប់​បំផ្លាញ​ដំឡូង​មីរបស់​ពលរដ្ឋ​ខ្មែរនៅ តាម​បណ្តោយ​បន្ទាត់​ព្រំដែន​នៅ​ចន្លោះ ​បង្គោល​ឡាក់​លេខ​ ៣៦ ​និង ៣៧ ក្នុងទឹកដី​ កម្ពុជានៅឃុំ​គោក​រមៀត ស្រុក​ថ្មពួក។

លោក​បានបញ្ជាក់​ថា៖ «ក្រោយ​ពេល​ទាហាន​ថៃលួច​ចូលមក​កា​ប់បំផ្លាញ​ដំឡូង​មីរ​បស់​ប្រជាព​លរដ្ឋ កម្លាំងយោធាដែល​កំពុង​ការពារ​បូរណភាព​ទឹក​ដី​តាម​បន្ទាត់​ព្រំ​ដែន ក៏បាន​ចូលទៅ​ហាម​ឃាត់​ឲ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ ព្រោះ​ទីតាំងដាំ​ដំឡូង​មីរបស់​ពល​រដ្ឋ​នេះគឺ​ស្ថិតក្នុង​ទឹក​ដី​កម្ពុជា»។

លោក​បាន​បន្ត​ថា បើ​ផ្អែក​តាម (GPS) បាន​បង្ហាញ​ថា​ កន្លែង​ដែល​ទាហាន​ថៃ​ចូលមក​កាប់បំផ្លាញ​ដំឡូងនោះ​គឺ​ស្ថិតនៅលើ​ទឹកដី​របស់​កម្ពុជា​៕