ព្រះវិហារៈ មន្ត្រី​យោធា​ការពារ​ព្រំដែន​ម្នាក់​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ បន្ទាប់ពី​រងរបួស​ធ្ងន់​ដាច់​ជើងស្តាំ​ម្ខាង និង​របួស​ពេញ​ខ្លួន​ដោយសារ​ដើរ​ជាន់មីន​ផ្ទុះ​នៅ​​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​ ៤ ខែវិច្ឆិកា ខណៈ​ជនរងគ្រោះ​កំពុង​ដើរល្បាត​តាម​ព្រំដែន​ជាមួយ​មិត្ត​រួម​ក្រុម​ចំនួន​ ១៥ ​នាក់​ផ្សេងទៀត​។

លោក​ សុក វាសនា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​យោធា​ការពារ​ព្រំដែន ឈ្មោះ មុត ខួច អាយុ​ ២៦ ​ឆ្នាំ ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​បាន​ស្លាប់​នៅ​យប់​ថ្ងៃទី​ ៤ ខែ​វិច្ឆិកា បន្ទាប់ពី​មិត្ត​រួម​ក្រុម​បញ្ជូនមក​មន្ទីរពេទ្យ​ទាំង​រងរបួស​ធ្ងន់ធ្ងរ ដោយ​ដាច់​ជើង​ខាងស្ដាំ និង​រងរបួស​ដាច់រ​លាត់​លើ​ដងខ្លួន​ជាច្រើន​កន្លែង​ទៀត​។

លោក​បន្តថា តាមរយៈ​មិត្ត​រួមក្រុម​ដែល​បាន​បញ្ជូន​ជនរងគ្រោះ​មក​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹងថា បុរស​រូបនេះ​រងរបួស​ដោយសារ​ជាន់មីន​ផ្ទុះ​។ ក្រោយពី​បញ្ជូន​មកដល់​មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​ជំនាញ​បាន​លាងរបួស​ដេរ​កន្លែង​ដែល​ដាច់​រលាត់​លើ​ដងខ្លួន និង​រុំ​ជើង​ដាច់​នោះ ជាពិសេស​គ្រូពេទ្យ​បាន​បញ្ចូល​ឈាម​ឲ្យ​គាត់​ជាច្រើន​ប្លោក​។

លោក​ សុក វាសនា បញ្ជាក់ថា​៖ «​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក គាត់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ម៉ោង​ជិត​ ៨ ​យប់​នា​ថ្ងៃទី​ ៤ វិច្ឆិកា​។ ជនរងគ្រោះ​ស្លេកស្លាំង​ខ្លាំង ដោយសារ​ហូរឈាម​អស់​ច្រើនពេក បើទោះបី​ជា​ក្រុម​គ្រូពេទ្យ​បាន​បញ្ចូល​ឈាម​ជូន​គាត់​ជាច្រើន​ប្លោក​ក៏ដោយ ហើយ​​ភ្លាមៗ​នោះ គ្រូពេទ្យ​មមាញឹក​ជួយសង្គ្រោះ​គាត់​ណាស់ ប៉ុន្ដែ​នៅតែ​ជួយ​គាត់​មិនបាន​»​។

តាម​ប្រធាន​មន្ទីរពេទ្យ​រូបនេះ​ក្រោយពី​ជនរងគ្រោះ​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​ ៥ វិច្ឆិកា លោក​បាន​បញ្ជា​ឱ្យ​រថយន្ត​ប្រចាំ​មន្ទីរពេទ្យ​ដឹក​សាកសព​គាត់​ទៅដល់​ស្រុក​កំណើត​របស់​ជនរងគ្រោះ​នៅ​ខេត្តកំពង់ធំ ដើម្បីឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រអែម លោក​ ហ៊ុយ សុផុន ថ្លែង​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ឈ្មោះ មុត ខួច អាយុ​ ២៦ ​ឆ្នាំ​ ជា​មន្ត្រី​យោធា​មាន​ឋានៈ​ជា​ពលបាលឯក​នៅ​វរៈលេខ​ ៣៨៥ ​ការពារ​ព្រំដែន​នៅ​ច្រក​ភ្នំ​តាថាវ ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​។ នៅ​ថ្ងៃទី​ ៤ វិច្ឆិកា ជនរងគ្រោះ​បាន​ចុះ​ល្បាត​ការពារ​ព្រំដែន​ដូច​សព្វមួយដង​។

បើតាម​លោក​មេ​ប៉ុស្តិ៍ ជនរងគ្រោះ​បាន​ដើរល្បាត​ជាមួយ​មិត្ត​រួម​ក្រុម​ចំនួន​ ១៥ ​នាក់​ផ្សេងទៀត ប៉ុន្ដែ​ជន​គ្រោះ​បាន​ដើរ​ខាងមុខ​ឆ្ងាយ​ពី​អ្នក​ដទៃទៀត​។ ស្រាប់តែ​ដើរ​ដល់​ចំណុចកើតហេតុ​ក៏​ផ្ទុះឡើង​បណ្ដាលឱ្យ​ប៉ើង​ជនរងគ្រោះ​ប្រមាណ​ ៥ ​ម៉ែត្រ​ពី​កន្លែង​ផ្ទុះ​។ ភ្លាមៗ​នោះ​មិត្ត​រួម​ក្រុម​បាន​រត់​មកជួយ​រុំ​របួស និង​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​។

លោក​ សុផុន ​និយាយថា​៖ «​ខ្ញុំ​អត់​ទាន់​ដឹងថា គាត់​បាន​ស្លាប់បាត់​បង់ជីវិត ឬ​យ៉ាងណាទេ ប៉ុន្ដែ​ខ្ញុំ​សង្កេតឃើញ​របួស​គាត់​ពិត​ជា​ធ្ងន់ធ្ងរ​មែន ហើយ​ហូរឈាម​ក៏​ច្រើន​ដែរ​។ ជើង​ស្ដាំ​គាត់​បែក​សាច់​ខ្ទេចខ្ទី​អស់ហើយ រីឯ​ជើងឆ្វេង​គាត់​ក៏​ដាច់​រលាត់​ជាច្រើន​កន្លែង​ដែរ​។ លើសពីនេះ​ទៀត​គឺ​លើ​ដងខ្លួន​គាត់​ក៏មាន​ស្នាម​ដាច់​ស្បែក​ជា​ដុំ​តូចៗ​ដែរ អ៊ីចឹង​ឈាម​ហូរ​មក​ច្រើន​»​។

លោក​ សៀ រឿន មេបញ្ជាការវរសេនា​តូច​លេខ​ ៣៨៥ ​ប្រចាំ​ច្រក​ភ្នំ​តាថាវ​ពី​ម្សិលមិញ មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។

បើតាម​លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​ឲ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​របស់លោក​កាលពី​ម្សិលមិញ​ថា មាន​ករណី​ជាន់មីន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដាច់​ជើង​ម្ខាង នៅ​ទិស​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​។ លោក​ រតនា ក៏បាន​សរសេរ​ចូលរួម​សោកស្តាយ​ចំពោះ​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់មីន​ប្រឆាំង​មនុស្ស ដែល​ជា​សំណល់​ពី​សង្គ្រាម​នេះ​ផងដែរ​៕