ភ្នំពេញៈ លោក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រពីម្សិលមិញបានជួបប្រជុំ ទ្វេភាគីជាមួយលោក Joseph Felter ឧបការីរង រដ្ឋមន្ត្រីក្រសួងការពារជាតិនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ដោយភាគីទាំងសងខាងបានផ្តោតជាសំខាន់ទៅលើទំនាក់ទំនងមិត្តភាពនៃប្រទេសទាំង ២។
លោក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា៖ «ឯកឧត្តមបណ្ឌិត Joseph Felter បានមកទស្សនកិច្ចនៅទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រដើម្បីជជែកពិភាក្សាការងារមួយចំនួនដូចជា អគារដែលគាត់បានសាងសង់ពីប៉ុន្មានឆ្នាំមុន (ហើយ) គាត់ក៏បានលើកឡើងពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ សម្រាប់ទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រទំនាក់ទំនងគឺនៅដដែល មិនមានអ្វីប្រែប្រួលទេ តាមគោលនយោបាយរាជរដ្ឋាភិបាលយើង»។
លោក Joseph បានបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ ដែលទស្សនកិច្ចត្រូវបានគេមើលឃើញធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបាន ប្រកាសផ្អាកជាបណ្ដោះអាសន្នការធ្វើសមយុទ្ធយោធាទ្វេភាគីមានឈ្មោះថា «ឆ្មាំអង្គរ» ជាមួយគ្នាកាលពីឆ្នាំ ២០១៧។
លោក ឈុំ សុជាតិ មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ក្នុងជំនួបទ្វេភាគីរវាងយោធាកម្ពុជា និងសហរដ្ឋអាមេរិកបានបង្ហាញពីការលើកកម្ពស់ទំនាក់ទំនងយោធា និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២។ ចំណែកសមយុទ្ធរវាងយោធាកម្ពុជា និងអាមេរិកអាចធ្វើទៅបាននៅពេលណាកម្ពុជាមានពេលវេលាសមស្រប។
លោក សុជាតិ បានឲ្យដឹងថា៖ «ជួយពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង ២ និងជួយពង្រឹងនូវទំនាក់ទំនងរវាងយោធារវាងប្រទេសអាមេរិកនិងកម្ពុជា។ ទំនាក់ទំនងយើងជាអចិន្រៃ្តយ៍មកមិនមានបញ្ហាអ្វីទេគឺទំនាក់ទំនងយើងគឺនៅតែដដែល ហើយយើងនឹងពង្រឹងទំនាក់ទំនងនាពេលខាងមុខថែមទៀតដើម្បីរក្សាសន្តិសុខជាតិ និងទាំងក្នុងតំបន់ យើងសង្ឃឹមថា ទស្សនកិច្ចនឹង ធ្វើឲ្យទំនាក់ទំនងមានភាពល្អប្រសើរថែមទៀត»។
លោក សុជាតិ បានថ្លែងថា ក្រសួងការពារជាតិនៃកម្ពុជាមិនយក ចិត្តទុកដាក់នោះទេ ចំពោះលក្ខខណ្ឌណាដែលមិនពាក់ព័ន្ធជាមួយការងារក្រសួងការពារជាតិ ហើយអ្វីដែលបានលើកឡើងដោយសហរដ្ឋអាមេរិក ស្នើឲ្យទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ហើយអនុញ្ញាតឲ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរីនោះគឺជាការងាររបស់តុលាការ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ប្រទេស កម្ពុជា តែងតែបានរក្សាជំហររបស់ខ្លួន និងរក្សាបាននូវអធិបតេយ្យភាពរបស់ខ្លួន ហើយការលើកឡើងរបស់ប្រទេសមហាអំណាចជាសិទ្ធិរបស់ពួកគេ ទោះបីជាប្រទេសកម្ពុជាមិនអនុវត្តតាមការលើកឡើងរបស់សហរដ្ឋអាមេរិក ប្រទេសកម្ពុជាក៏មិនបាត់បង់ផលប្រយោជន៍អ្វីដែរ។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសកម្ពុជាដើម្បីផលប្រយោជន៍របស់ខ្លួន។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិក បានបដិសេធធ្វើអត្ថាធិប្បាយទេ ដោយសារតែរដ្ឋាភិបាល អាមេរិកបានបិទផ្នែកខ្លះ។
កាលពីថ្ងៃទី ១៥ ខែមករា លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា អធិបតេយ្យភាពកម្ពុជា មិនអាចប្តូរជាមួយការពង្រឹងទំនាក់ទំនងយោធាអាមេរិកបានទេ។ ដោយលោកបានលើកឡើងថាការទាមទារឱ្យដោះលែងលោក កឹម សុខា ដើម្បីកិច្ចសហប្រតិបត្តិការយោធា គឺជារឿងរបស់សហរដ្ឋអាមេរិក៕