កណ្តាលៈ បុរស​ជាម​ន្ត្រី​យោធា​ម្នាក់ ​បាន​ចូលខ្លួន​សារភាព​កំហុស​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ ពីម្សិលមិញ​ ដោយរូបគេអះអាងថា បាន​ផឹក​ស្រា​ស្រវឹង ហើយ​ដក​កាំភ្លើង​បាញ់​ចំនួន​​ ៤​ គ្រាប់ ​នៅក្នុង​ក្លិប​ខារ៉ាអូខេ​ B Gold ស្ថិត​នៅ​សង្កាត់​កំពង់​សំណាញ់ ​ក្រុង​តាខ្មៅ ​កាលពី​យប់​ថ្ងៃទី ២ ​មិថុនា ​ទោះយ៉ាងណា ​មន្ត្រី​អាវុធហត្ថ​ខេត្ត​បញ្ជាក់​ថា ​នឹង​កសាង​សំណុំ​រឿង​ទៅ​តុលាការ​ឆាប់ៗ​នេះ។

លោក​ សំ តុលា​ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តកណ្តាល​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ពី​ម្សិល​មិញ​ថា ​ជនសង្ស័យ​ឈ្មោះ​ សាន សុច ​បាន​ចូល​សារភាព​កំហុស​របស់​ខ្លួន​ហើយ។ ​មន្ត្រី​ជំនាញ​កង​រាជ​អាវុធហត្ថ​ក្រុង​តាខ្មៅ ​បាននិង​កំពុង​ធ្វើ​ការ​សួរនាំ ​បន្ទាប់ពី​គាត់​បាន​បាញ់បោះ​សេរី​ចំនួន ៤ គ្រាប់ ​ក្នុងក្លិប​ខារ៉ាអូខេ​ B Gold ​ស្ថិត​នៅ​ក្រុង​តាខ្មៅ​ នាយប់​ថ្ងៃទី ២ ​ខែ​ មិថុនា។ ​

មន្ត្រី​យោធា​រូបនោះ​សារភាពថា ​មូលហេតុ​ ដែលគាត់​បានបាញ់​កាំភ្លើងនេះ​ ដោយសារ ​ផឹកស្រា​ស្រវឹង ​ហើយ​ថា ​គាត់​មិនមាន​ចេតនា​បាញ់​បោះ​សេរី​បែប​នេះ​ទេ។

លោក​បន្តថា ​ការសាកសួរ​មាន​សមាស​ភា​ពពី​ព្រះរាជអាជ្ញានៃ​សាលាដំបូង​ខេត្ត ​មន្ត្រី​នគរបាល​ក្រុង​តាខ្មៅ ​និង​មន្ត្រី​ជំនាញ​កងរាជ​អាវុធហត្ថ​ក្រុង​តាខ្មៅ ​ដើម្បី​បន្ត​នីតិវិធី ​និង​កសាង​សំណុំរឿង​ទៅ​តុលាការ​នា​ពេល​ឆាប់ៗ​ខាង​មុខនេះ។

លោក​ សំ តុលា ​បញ្ជាក់ថា​៖ «​គាត់​ផឹកស៊ី​ជាមួយគ្នា​គាត់​ហ្នឹង ​ហើយ​មិនដឹង​យ៉ាង​ម៉េច​ក៏​បាញ់ ​៤ គ្រាប់ តែ​អត់​ផ្ទុះ ១ គ្រាប់​ ហើយ​ក៏​អត់​មាន​អ្នករងរបួស​ដែរ ​គឺ​ខូច​តែ​សម្ភារមួយចំនួន​ក្នុង​ហាង​គេ​ហ្នឹង​ទេ ​ហើយ​ឥឡូវនេះ ​គាត់​ចូលមក​សារ​ភា​ព​ថា​ គាត់​ផឹក​ស្រា​ស្រវឹង ​ហើយ​យើង​នឹង​ធ្វើការ​តាម​នីតិវិធី​ច្បាប់»។

តាម​របាយការណ៍​រប​ស់​ស្នង​ការ​នគរបាល​ខេត្តកណ្តាល​បាន​បង្ហាញ​ពី​ម្សិលមិញ​ថា ​ហេតុ​ការណ៍​ផ្ទុះអាវុធ​នេះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង​ ៨ៈ៣០ នាទី​យប់ ​នៅ​ហាង​កា​រ៉ា​អូ​ខេ B Gold ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ​ក្រុង​តាខ្មៅ។

ជន​ទំនើង​មាន​ឈ្មោះ​ សាន សុច​ ភេទ​ប្រុស​ អាយុ ៣៨ ឆ្នាំ​ មុខរបរ​យោធា​ (មិនមាន​ស័​ក្ដិ) មាន​លំនៅ​ ក្នុងភូមិ​ព្រែក​ហូរ​លិច​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តាខ្មៅ ​បាន​គេច​ខ្លួន ​បន្ទាប់​ពី​បាញ់​ចំនួន ៤ គ្រាប់។

របាយការណ៍​បន្តថា ​វត្ថុតាង​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​នៅ​កន្លែងកើតហេតុ​ រួមមាន​ ស្រោម​កាំ​ភ្លើង ពណ៌​ខ្មៅ ១​ សោ​ម៉ូតូ ១ ​ចង្កោម ​(កូន​សោ​​ម៉ូតូ ១ ​កូនសោ​រថយន្ត ១ ​តេ​ឡេ​រថយន្ត ១)។ ជននេះ ​បាន​ប្រើ​កាំភ្លើង​ខ្លី ម៉ាក​ឡុក​ ផ្ទុក​គ្រាប់​ចំនួន ៤​ ប៉ុន្ដែ​បាញ់​ផ្ទុះ​អស់​ ៣ គ្រាប់ ​និង​មិន​ផ្ទុះ ១ គ្រាប់​ (លេខ​A-USA 9MM LUGER)។

របាយការណ៍​បញ្ជាក់ថា ​មុន​កើតហេតុ ​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ c125 ពណ៌​ខ្មៅ សេរី ២០១៩ ចូល​ផឹកស៊ី ​ច្រៀង​កា​រ៉ា​អូ​ខេ នៅ​ហាង B Gold ជាមួយ​មិត្តភក្តិ​ប្រុស ២ នាក់​ទៀត ​មិន​ស្គាល់​ឈ្មោះ។

បន្ទាប់មក​ក៏បាន​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​គេ​ឃើញ​ជនសង្ស័យ​ដើរ​ចេញ​មកក្រៅ​ហាង ​រួចចាក់​សោបើកកែប​ម៉ូតូ​យក​កាំភ្លើង​ខ្លី​រួច​ដើរ​ចូលទៅ​បាញ់​ក្នុង​ហាង​ខាងលើ​ចំនួន​ ៣ គ្រាប់។

ពេលនោះ​ជនសង្ស័យ​បាន​ស្រែក​ថា «អញ​ឈ្មោះ ​អា​សុច ​អាណា​ខ្លាំង​ចេញមក​អញបាញ់​ឲ្យ​ងាប់» រួច​ហើយ​ក៏​ជិះ​ម៉ូតូ​តាម​ផ្លូវ ១១៥ ​ទៅ​ទិស​ខាងលិច​ រួច​ក៏​បានបាញ់​ឡើង​លើ ១ គ្រាប់​ទៀត ​គេច​ខ្លួន​បាត់​តែម្តង៕