យោធាម្នាក់​ដែល​បានបាញ់​​សម្លាប់​ប្រពន្ធខ្លួនឯង​​ និង​ស្រ្តីម្នាក់ទៀត​ជា​ប្រពន្ធ​​របស់យោធានៅ​ក្នុងអង្គភាព​ជាមួយគ្នានោះ ​បានបាញ់​សម្លាប់​ខ្លួនឯង​ហើយ​​​ កាលពីវេលាថ្ងៃ​ត្រង់​ម្សិលមិញ ក្រោយពី​បាញ់ត​ដៃ​ជាមួយ​យោធា​ ក្នុង​​ការឡោមព័ទ្ធ​ចាប់​បន្ទាប់ពីបាញ់សម្លាប់ស្ត្រីទាំង២ខាងលើ កាល​ពី​ថ្ងៃ​ទី ​១១​ ឧសភា​ ប្រព្រឹត្ត​ក្នុង​​បន្ទាយកងពលតូច​​អន្តរាគមន៍​លេខ​៤​ស្ថិត​ក្នុងឃុំបេង ​ស្រុក​បន្ទាយអំពិល​ ខេត្ត​ឧត្តរមានជ័យ​។​

លោក ​ឃុល ​ភិន​ អធិការនគរបាល​​ស្រុក​បន្ទាយអំពិល​​ឲ្យដឹងពី​ម្សិលមិញ​ថា ​​ជនសង្ស័យឈ្មោះ​ សឿន ​​កាន់​ អាយុ​ ៥៥ ​ឆ្នាំ​​ ឋានៈ​នាយ​ចំណង់​នៅ​អង្គភាព​វរសេនាតូច​លេខ​ ២៤៣ ​កងពលតូច​​អន្តរាគមន៍​លេខ ៤​។​ ចំណែក​ស្រ្តីជាប្រពន្ធ​ឈ្មោះ​ង៉ែត​ រ៉េន​ អាយុ​៥០ឆ្នាំ​ និង​ស្រ្តីរងគ្រោះ​ម្នាក់​ទៀត​​ឈ្មោះ​ឡាច​ តាំងស្ម័គ្រ​​ អាយុ ៣០ ឆ្នាំ​។

លោក​បន្តថា​៖​ «​យោធាម្នាក់​នោះគាត់​បាញ់​សម្លាប់​ខ្លួន​គាត់​ហើយ​ ព្រោះគាត់​មិន​ព្រម​ប្រគល់​ខ្លួន​ឲ្យ​អង្គភាព​គាត់​ចាប់​»​។​

លោក​រៀបរាប់​ប្រាប់​តាម​សាក្សី​ថា​ ជនសង្ស័យ​ បន្ទាប់ពី​​បាញ់សម្លាប់​ប្រពន្ធ​និង​ស្រ្តី​ម្នាក់​ទៀត​ គឺ​គាត់​បាន​រត់​ទៅ​លាក់​ខ្លួន​នៅ​ផ្ទះ​ឈើ​មួយ​ដែល​មាន​ចម្ងាយ​ពីកន្លែងកើតហេតុប្រមាណ​ ៥០​ ម៉ែត្រ​។​ ពេលចូល​លាក់​ខ្លួន​ក្នុង​ផ្ទះ​នោះ ​ជន​សង្ស័យ​បាន​​ចាប់​យាយ​ម្នាក់​អាយុ​៧០ឆ្នាំ​ជា​ចំណាប់​ខ្មាំង​ហើយ​ និង ​ចៅប្រុស​-​ស្រី របស់​គាត់ ​៤ ​ទៅ ​៥ ​នាក់​ទៀត​។ បន្ទាប់​មក ជន​សង្ស័យ​​បានរត់​ចូលក្នុង​បន្ទប់​មួយទៀត​នៃ​ផ្ទះនោះ ​ហើយ​ដោយមាន​ឱកាស​លោក​យាយ​ម្នាក់​នោះ​បាន​នាំ​ចៅៗ​​ របស់​គាត់​រត់ចេញ​ពី​ផ្ទះ​និង​បាន​ទៅ​រាយការណ៍​​ប្រាប់​សមត្ថកិច្ច​។​

លោក ឃុល ភិន បន្តថា ​ក្រោយពីទទួល​បានព័ត៌មាន​ហើ​យនោះ​ យោធា​ក្នុង​អង្គភាពវរសេនាតូចអន្តរាគមន៍លេខ ២៤៣ ​កងពល​តូច​​​អន្តរាគមន៍​លេខ​ ៤​ បាន​ទៅ​ឡោមព័ទ្ធ ​ជុំវិញផ្ទះ​នោះ​​ ហើយ​ចុច​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​ឲ្យ​ប្រគល់​ខ្លួន។ ​

ប៉ុន្តែ​ ជន​​សង្ស័យ​​​​​ឆ្លើយ​តប​ថា​៖ «កុំ​ចូល​អញ​មិនដឹង​ថា ​ក្មេង​ ចាស់ ​ប្រុស ​ស្រី​ទេ ​ឲ្យតែ​ហ៊ាន​ចូល ​អញ​បាញ់​ចោល​ទាំងអស់​»​។​

​នៅ​វេលា​ម៉ោង​ជាង ​៦ ​ល្ងាច​ថ្ងៃ​ទី​ ១១​ ឧសភា​ កម្លាំង​យោធា​បាន​ដក​កម្លាំង​ខ្លះ​ចូល​ទៅ​អង្គភាព​និង​ទុក​កម្លាំង​ខ្លះ​​នៅ​យាម​ចាំ​ឃ្លាំមើលជន​សង្ស័យ​បន្ត​។ ​នៅ​ម៉ោង​ជាង ​៧ យប់​ថ្ងៃ ដដែល​សមត្ថកិច្ច​យោធា បាន​យកឈើ​រុក​កន្លែង​​ដែល​ជនសង្ស័យ​លាក់ខ្លួន​​តែ​មិន​ប៉ះ​និង​ស្រែក​ហៅ​ក៏​មិន​ឆ្លើយ ​ហើយ​ទូរស័ព្ទ​​ ក៏​​មិន​លើក​ ក៏​នាំ​គ្នា​រំកិល​ខ្លួន​ចូលក្នុង​បន្ទប់ ​ក៏​មិន​ឃើញ​ទើប​កម្លាំង​យោធា​តាម​ចូល​ព្រៃ​។​

លោក​បន្ត​ទៀត​ថា ​រហូត​ដល់​ម៉ោង ​១ ​រសៀល​ថ្ងៃ​ទី ​១២ ​ឧសភា​ ខណៈ​កម្លាំង​យោធា​តាមរុករក​ក្នុងព្រៃ​ក្នុង​ភូមិ​សាស្រ្តក្បែរ​កន្លែង​កើតហេតុ​​និង​ស្រែក​ហៅ​ផង​នោះ ​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​​ស្បែក​ជើង​ និង​ដានជើង​ជនសង្ស័យ​។​ ភ្លាមៗ​​នោះ​ជនសង្ស័យ​បាន​បាញ់​មកលើ​​កម្លាំង​យោធា​តែ​មិន​ត្រូវ​។ ពេលនោះ​សមត្ថកិច្ច​នៅ​តែ​ប្រើ​គ្រប់​មធ្យោបាយ ​ដើម្បី​ឲ្យ​ជន​សង្ស័យ​​ប្រគល់​ខ្លួន​តាម​សម្រួល​តែ​ជនសង្ស័យ​ស្រែក​ថា​៖ «អញ​មិន​ប្រគល់​​ខ្លួន​ឲ្យ​ទេ​» និង​ឮ​សំឡេង​គ្រាប់​​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់​លុះ​សមត្ថកិច្ច​ទៅ​មើល​ ទើប​ឃើញ​ថា​​ជន​សង្ស័យ​បាញ់​សម្លាប់​ខ្លួន​។​

ដោយ​ឡែក​ លោក​ ឆឿត​ ឆប​​ នាយនគរបាល​ប៉ុស្តិ៍​ ឃុំបេង​ឲ្យដឹង​ពី​ម្សិលមិញ​ដែរ​ថា ​តាម​សេចក្តីរាយការណ៍​ពី​អង្គភាព​របស់​​ជនសង្ស័យ​ ថាមុន​មាន​ហេតុការណ៍​នេះកើត​ឡើង​ គឺ​នៅថ្ងៃ​ទី​ ១​១​ ឧសភា​ ជន​សង្ស័យ​បាន​ឌុប​ប្រពន្ធ​របស់​គាត់​ទៅ​លេង​ផ្ទះ​ស្រ្តី​រងគ្រោះ​ឈ្មោះ​ឡាច​ តាំង​ស្ម័គ្រ​ ដែល​ស្នាក់​នៅ​ក្នុង​អង្គភាព​ខាង​លើ​។ ​ពេលកំពុង​​អង្គុយ​ជជែក​គ្នាលេង​ស្រាប់​​តែ​​គេ​បាន​ឮ​សំឡេង​ជនសង្ស័យ​ឈ្លោះ​​ប្រកែក​គ្នា​​ជា​មួយស្រ្តីរងគ្រោះ​ជា​ប្រពន្ធ ​ហើយ​មួយ​សន្ទុះ​ក្រោយ​មក​ ក៏​​ឮ​សំ​ឡេ​​ង​​ផ្ទុះ​គ្រាប់​កាំភ្លើង​ចំនួន​ ២ គ្រាប់​ ហើយ​ក៏​​មាន​ការ​ឆោឡោ​ពី​មនុស្ស​នៅ​ក្នុង​អង្គភាព​រត់​ទៅ​មើល​នៅ​កន្លែង​កើតហេតុ​។​

លោក​បន្ត​ទៀត​ថា​ ​នៅ​កន្លែង​កើតហេតុ ​គេ​ឃើញ​ស្រ្តី​​២នាក់​ដេក​ស្លាប់​ ដោយនៅ​លើដង​ខ្លួន​មាន​ប្រឡាក់​ឈាម​ជោគ​ដេក​នៅ​មិន​ឆ្ងាយ​ពី​គ្នា​​។ ប៉ុន្តែ​ពេល​នោះ ​ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ​។ សាកសព​ស្រ្តីរងគ្រោះ​ដែល​ជា​ប្រពន្ធ​​យោធា​ម្នាក់​ទៀត​សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ស្នាម​ត្រូវ​គ្រាប់​នៅ​ផ្នែក​ក្រោម​ដោះចំនួន​១​គ្រាប់​។ ​រីឯ​ស្រ្តី​ជា​ប្រពន្ធ​របស់​ជន​សង្ស័យ​គេ​ឃើញ​មាន​ស្នាម​ត្រូវ​ចំ​ទ្រូង​១គ្រាប់​៕